អន្តរជាតិ
ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ចាប់​ផ្តើមចេញ​ប័ណ្ណបើកបរ​សម្រាប់​ស្ត្រី​
05, Jun 2018 , 7:59 pm        
រូបភាព
នាង Tahani Aldosemani ដែល​ជា​សាស្ត្រាចារ្យ​ជំនួយការ​ម្នាក់​នៅ​សាកលវិទ្យាល័យ Prince Sattam Bin Abdulaziz នៅ​ក្នុង​ក្រុង Al-Kharj បង្ហាញ​ប័ណ្ណ​បើកបរ​ថ្មី​របស់​នាង​នៅ​អគ្គនាយកដ្ឋាន​ចរាចរណ៍​នៅ​ក្នុង​ក្រុង Riyadh កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។ រូបភាព៖ AP
នាង Tahani Aldosemani ដែល​ជា​សាស្ត្រាចារ្យ​ជំនួយការ​ម្នាក់​នៅ​សាកលវិទ្យាល័យ Prince Sattam Bin Abdulaziz នៅ​ក្នុង​ក្រុង Al-Kharj បង្ហាញ​ប័ណ្ណ​បើកបរ​ថ្មី​របស់​នាង​នៅ​អគ្គនាយកដ្ឋាន​ចរាចរណ៍​នៅ​ក្នុង​ក្រុង Riyadh កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។ រូបភាព៖ AP
ដោយ: VOA
​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានចាប់ផ្តើម​ចេញ​ប័ណ្ណបើកបរ​ជា​លើកទីមួយ​ដល់​ស្ត្រី​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​កំពុង​លុបចោល​បម្រាម​មិន​ឲ្យ​ស្ត្រី​បើកបរ ដែលមាន​តែមួយគត់​នៅក្នុង​ពិភពលោក​នៅ​ចុងខែ​នេះ​។​



​រដ្ឋាភិបាល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ចន្ទ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បានចាប់ផ្តើម​ចេញ​ប័ណ្ណបើកបរ​ដល់​ស្ត្រី​ដែលមាន​ប័ណ្ណបើកបរ​ពី​ប្រទេស​ផ្សេងៗ រួមទាំង​ចក្រភព​អង់គ្លេស លី​បង់ និង​កាណាដា​។ សេចក្តីថ្លែងការណ៍​ដដែល​នោះបាន​បញ្ជាក់ថា ស្ត្រី​ទាំងនោះ​នឹងធ្វើ​តេស្ត​បើកបរ​មុននឹង​ទទួលបាន​ប័ណ្ណបើកបរ​ថ្មី​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​រៀបចំ​លុបចោល​បម្រាម​ដែល​បានដាក់​អស់​រាប់​ទសវត្សរ៍​ទៅលើ​ស្ត្រី​នៅ​ថ្ងៃទី​២៤​ខែមិថុនា​ខាងមុខនេះ​។ ចំណាត់ការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ព្រះអង្គម្ចាស់ Khaled bin Salman ដើម្បី​ធ្វើ​ទំនើបកម្ម​រដ្ឋ​ដែល​សម្បូរ​ដោយ​ប្រេង​មួយ​នេះ​។ ទោះជា​យ៉ាងណាក៏ដោយ​ការបោះ​ជំហាន​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​លុបចោល​បម្រាម​លើ​ស្ត្រី​នេះ​ធ្វើឡើង​នៅ​មួយ​សប្តាហ៍​បន្ទាប់ពី​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ចាប់ខ្លួន​ស្ត្រី​ជាច្រើន​ដែល​បានធ្វើ​យុទ្ធនា​ការទាមទារ​សិទ្ធិ​បើកបរ​របស់​ពួកគេ ព្រមទាំង​យុទ្ធនាការ​ប្រឆាំងនឹង​ប្រព័ន្ធគ្រប់គ្រង​ដោយ​បុរស​នៅក្នុង​ប្រទេសមួយ​នេះ​។ នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ស្ត្រី​ត្រូវសុំ​ការអនុញ្ញាត​ពី​បុរស​ដែលជា​អាណាព្យាបាល​ដើម្បី​អាចធ្វើ​ការសម្រេច​ចិត្តបាន​ដោយ​ស្របច្បាប់ ទាំងនេះ មានដូចជា​ចូលរៀន ធ្វើការ រៀបការ ធ្វើដំណើរ​និង​ទៅ​ព្យាបាល​ជំងឺ​ជាដើម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com