អន្តរជាតិ
លោក ស៊ី ជិន​ភីង ជូន​មេដាយ​មិត្តភាព​កម្រិត​ខ្ពស់បំផុត​របស់​ចិន​ដល់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​
11, Jun 2018 , 10:59 pm        
រូបភាព
ដោយ:
​ប្រមុខ​ដឹកនាំ​កំពូល​ចិន លោក ស៊ី ជិន​ពីង នៅ​ថ្ងៃ​៨ ខែមិថុនា បាន​បំពាក់​មេដាយ​មិត្តភាព​ខ្ពស់បំផុត​របស់​ចិន​ដល់​ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ​។ ការបំពាក់​មេដាយ​នេះ ជាការ​ផ្តល់​កិត្តិយស​ខ្ពស់បំផុត​មួយ​ចំពោះ​ចំណងមិត្តភាព​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​នោះ​រវាង​មេដឹកនាំ​ផ្ទាល់​។​



​ឆ្លៀតឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច​មួយ​សប្តាហ៍​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (SOC) របស់​ប្រធានាធិបតី​រុស្សី លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ជួបពិភាក្សា​សម​ភាគី​រុស្ស៊ី​លោក ពូ​ទីន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។​

​បន្ថែម​ពី​ជំនួប​នេះ លោក​ប្រធានាធិបតី ស៊ី ក៏បាន​រៀបចំ​ពិធី​ផ្លូវការ​ស្វាគមន៍​យ៉ាង​អធិកអធម និង​បាន​បំពាក់​មេដាយ​មិត្តភាព​ខ្ពស់បំផុត​មួយ​ដល់​លោក ពូ​ទីន ផង​។ វា​បង្ហាញ​ពី​ការផ្តល់​កិត្តិយស និង​ការគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់​មេដឹកនាំ​ចិន និង​ប្រជាជន​ចិន​ទៅកាន់​មេដឹកនាំ​រុស្ស៊ី និង​ប្រជាជន​រុស្ស៊ី​។

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ផ្សាយ​ថា ក្នុង​កម្មវិធី​នោះ លោក ស៊ី បាន​អះអាងថា លោក ពូ​ទីន មិនមែន​ត្រឹមតែ​មេដឹកនាំ​កំពូល​នៃ​ប្រទេស​មហាអំណាច​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​មិត្ត​ចាស់​ម្នាក់ និង​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​របស់​ប្រជាជន​ចិន​ដែរ​។ លោក ស៊ី ថែមទាំង​អរគុណ​លោកពូ​ទីន​ដែល​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ស្អិតល្មួត​ក្នុង​ក្របខណ្ឌ​ប្រទេស​ជាមួយ​ប្រទេស និង​ប្រជាជន​ជាមួយ​ប្រជាជន​ដែរ​។

​នៅ​ចំពោះមុខ​មេដឹកនាំ​រុស្ស៊ី រួមជាមួយ​ប្រតិភូ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​ប្រហែល ៧០០​នាក់ លោក ស៊ី ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា លោក​នឹង​ធ្វើការ​រួមគ្នា​ជាមួយ​លោក ពូ​ទីន ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​នាពេល​អនាគត​កាន់តែ​រីកចម្រើន​ត្រ​ចេះ​ត្រចង់​ថែមទៀត ។

​ឆ្លើយតប​នឹង​ការផ្តល់​កិត្តិយស​ខ្ពស់​ខ្ពស់​នេះ លោក ពូ​ទីន បាន​ថ្លែងអំណរគុណ​ដល់​លោក​មេដឹកនាំ​ចិន និង​ថែមទាំង​ពណ៌នា​ថា ការផ្តល់​មេដាយ​នេះ មិន​ត្រឹម​ជា​ផ្តល់​កិត្តិយស​ខ្ពស់បំផុត​សម្រាប់​រូបលោក​ប៉ុណ្ណោះ​នោះទេ តែ​ក៏​ឆ្លុះបញ្ចាំង​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​កម្រិត​ខ្ពស់បំផុត​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា មេដាយមាស​មិត្តភាព​របស់​ចិន គឺជា​គ្រឿង​ឥស្សរិយ​ស​ខ្ពស់បំផុត​របស់​ប្រទេស​សម្រាប់​ផ្តល់​ឲ្យ​មិត្តភក្តិ​បរទេស​ដែល​បាន​ចូលរួមចំណែក​លើកស្ទួយ​ការរីកចម្រើន​របស់​ប្រទេស​ចិន លើកកម្ពស់​ការផ្លាស់ប្តូ​រ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ចិន​ជាមួយ​ពិភពលោក​ទាំងមូល រួមទាំង​ចូលរួម​ថែរក្សា​សន្តិភាព​ពិភពលោក​ផងដែរ​៕



Tag:
 ចិន​
  រុស្ស៊ី​
  SOC
© រក្សាសិទ្ធិដោយ thmeythmey.com