អន្តរជាតិ
ក្រៅពី​ចិន និង​វៀតណាម គីម ជុង​អ៊ុន ត្រៀម​រៀនសូត្រ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​សិង្ហ​បុរី​
12, Jun 2018 , 10:49 am        
រូបភាព
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ទស្សនកិច្ច​ទីក្រុង​សិង្ហ​បុរី​នៅ​កាលពី​យប់​ម្សិលមិញ ដែល​វា​ជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​មួយ​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KNCA ផ្សាយ​ថា លោក គីម ជុង​អ៊ុន រីករាយ​នឹង​ដំណើរ​កំសាន្ត​រាត្រី​នេះ ហើយ​លោក​បាន​រៀនសូត្រ​ច្រើន​ពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច និង​សង្គម​សិង្ហ​បុរី​ផងដែរ​។



«​ស្រស់ស្អាត និង​មាន​អនាម័យ​»។ នេះ​ជាស​ម្តី​កោតសរសើរ​ប្រទេស​សិង្ហ​បុរី​របស់លោក គីម ជុង​អ៊ុន ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ ១២ ខែមិថុនា​។

​លោក គីម ជុង​អ៊ុន នៅ​យប់​ម្សិលមិញ​បានធ្វើ​ឲ្យ​គេ​គ្រប់គ្នា​ភ្ងា​ក់​ផ្អើល ដោយ​លោក​ចេញ​ដើរ​កំសាន្ត​នៅ​សិង្ហ​បុរី​ពេល​រាត្រី​ដោយមាន​អមដំណើរ​ដោយ​រដ្ឋមន្ត្រីការបរទេស សិង្ហ​បុរី​លោក វី​វៀន បា​ឡាស​គ្រី​ស្នាន់​ផងដែរ​។ មនុស្ស​ស្និទ្ធ​នឹង​លោក គីម ស្ថិតក្នុង​ដំណើរ​កំសាន្ត​នោះ​មាន​ប្អូនស្រី​លោក គីម យ៉ូ​ចុង​, អនុប្រធាន​គណៈកម្មកា​រ​មជ្ឈិមបក្ស​កម្មករ​កូរ៉េ គីម យ៉ុង​ឈុ​ល និង​រដ្ឋមន្ត្រី​កងទ័ព​ប្រជាជន ណូ ក្វាង​ឈុ​ល​ផងដែរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​នេះបន្ថែមថា ក្រៅពី​សរសើរ​សិង្ហ​បុរី​ស្រស់ស្អាត មេដឹកនាំ​កំពូល​នៃ​រដ្ឋ​នុយក្លេអ៊ែរ​នេះ​ក៏​ចាប់អារម្មណ៍​ខ្លាំង​ពីការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​បុរី​រដ្ឋ​អាស៊ីអាគ្នេយ៍​ដែរ​។ លោក​បាន​បង្ហើប​ថា លោក​បាន​រៀនសូត្រ​ច្រើន​ពី​ការអភិវឌ្ឍ​នេះ​តាមរយៈ​ការដើរ​កំសាន្ត​រយៈពេល​ខ្លី​នេះ ហើយ​លោក​ក៏​រំពឹង​នឹង​រៀន​បន្ថែមទៀត​ពី​ចំណេះដឹង និង​បទពិសោធន៍​ច្រើន​ទៀត​ពី​សិង្ហ​បុរី​នៅពេល​អនាគត​នោះ​។​

​ដោយឡែក ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយថា បច្ចុប្បន្ននេះ របប​ដឹកនាំ​ព្យុងយ៉ាង​កំពុង​អភិវឌ្ឍ​ទីក្រុង​មាត់សមុទ្រ Wonsan ឲ្យ​ទៅជា តំបន់​ទេសចរណ៍​ពិសេស​។ មកដល់ពេលនេះ លោក គីម បាន​សាងសង់​រមនីយដ្ឋាន និង​សង់​ព្រលានយន្តហោះ​ថ្មី​មួយ​ផង ដែល​វា​នឹង​អាច​ក្លាយ​តំបន់​ទាក់ទាញ​ទេសចរណ៍​ធំ​បំផុត​មួយ​របស់​កូរ៉េខាងជើង​ដូចគ្នា​នាពេល​អនាគត​។ ចំណែក​តំបន់ឧស្សាហកម្ម រួម Kaesong ប្រហែលជា​នឹង​អាច​ចាប់ផ្តើម​សកម្មភាព​ឡើងវិញ​ផង បើសិនជា​ស្ថានភាព​កាន់តែ​ប្រសើរ ឡើង​តាមរយៈ​ការចរចា និង​មានការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ពេញលេញ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​។

​តាមពិតទៅ របប​ដឹកនាំ​កូរ៉េខាងជើង​កំពុង​ទន្ទឹងរង់ចាំ​ឱកាស​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​នៅពេល​ឆាប់​ខាងមុខ​។ ប្រទេស​នេះ​ចង់​ឲ្យ​មាន​ការដក​ទណ្ឌ​កម្មស​ហគ​មន៍​អន្តរជាតិ​ជាពិសេស​អាមេរិក​ផងដែរ​ដើម្បី​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​បើកចំហរ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​ស្រួល​នោះ​។ បើសិន​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក​ល្អប្រសើរ និង​ពិតជា​មានការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​មែន​នោះ វា​ប្រាកដ​ណាស់​ថា ទណ្ឌកម្ម​ទាំង​អម្បារ​ម៉ាន​អាច​នឹងត្រូវ​ដកចេញ​។ ប៉ុន្តែ​គ្រប់យ៉ាង​នៅ​មិនទាន់​ច្បាស់លាស់ ហើយ​វា​នៅលើ​ផ្លូវ​វែងឆ្ងាយ​ទៀត​។

-៤០​ឆ្នាំមុន តេង ស៊ា​វ​ភីង ទស្សនកិច្ច​សិង្ហ​បុរី និង​បាន​រៀន​ពីបទ​ពិសោធន៍​កែទម្រង់សេដ្ឋកិច្ច​ដូចគ្នា​

​និយាយ​ដល់​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​បរទេស​នៅ​សិង្ហ​បុរី និង​រៀនសូត្រ​ពី​ការរីកចម្រើន​រប​ស់បុ​រី​រដ្ឋ​នេះ គេ​នឹកឃើញ​ដល់​លោក តេង ស៊ា​វ​ភីង ដែលជា​បិតា​កំណែទម្រង់​របស់​ចិន និង​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ចិន​ស្គាល់​ការរីកចម្រើន​ដូច​សព្វថ្ងៃ​។

​លោក តេង ស៊ា​វ​ភីង  ស្ថិតក្នុង​តំណែង​ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​កាលពី ៤០ ឆ្នាំមុន ពោលគឺ ឆ្នាំ ១៩៧៨​។ មេដឹកនាំ​ចិន​រូបនេះ​បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ លី ក្វាន់​យូ ស្ថាបនិក​សិង្ហ​បុរី និង​ជា​នាយករដ្ឋមន្ត្រី​ពេលនោះ​ដែរ​។ ក្នុង​កិច្ច​ជំនួប​ទ្វេភាគី​នេះ លោក លី​បាន​ពន្យល់ និង​បង្ហាញ​លោក តេង ពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​សិង្ហ​បុរី​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រទេស ជាពិសេស​ការបើកចំហ​រ​សេដ្ឋកិច្ច និង​ទាកទាញ​វិនិយោគ​បរទេស​ផង​។ លោក តេង បានបង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ជោគជ័យ​របស់​សិង្ហ​បុរី ជា​ពិសេសការធានា​អភិបាលកិច្ច កា​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ភាពស្រស់ស្អាត​របស់​បុរី​រដ្ឋ​នេះ​ផងដែរ​។​

​មកដល់​ឆ្នាំ ១៩៨០ លោក តេង បានចាប់ផ្តើម​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​បួន​ផ្សេងគ្នា​មាននៅ Shenzen, Zhuhai, Shantou និង​នៅ Xiamen និង​បន្ត​ដាក់ចេញ​គោលនយោបាយ​បើកចំហរ​សេដ្ឋកិច្ច​ផ្សេងទៀត​ដើម្បី​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ចិន​អភិវឌ្ឍ​រហ័ស​ថែមទៀត​ដែរ​។  ម្តង​ជា​ពីរដង លោក តេង បានបញ្ជាក់​ផងដែរ​ថា ចិន​បន្ត​រៀនសូត្រ​ពី​ជោគជ័យ និង​បញ្ហា​ប្រឈម​របស់​ប្រទេស​ដទៃទៀត ដើម្បី​ធ្វើជា​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេស​។ ក្រៅពី​សិង្ហ​បុរី ចិន​ក៏​រៀនសូត្រ​ច្រើន​ពី​កូរ៉េខាងត្បូង​ដូចគ្នា​។​

-​ក្រៅពី​សិង្ហ​បុរី កូរ៉េខាងជើង​ត្រៀម​រៀនសូត្រ​ពី​ចិន ឬ​វៀតណាម​

​ទស្សនកិច្ច​នៅ​សិង្ហ​បុរី ជំរុញ​ចិត្ត​លោក គីម ជុង​អ៊ុន​បន្ថែមទៀត​ឲ្យ​ចាប់ផ្តើម​គិតគូ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ កន្លងមក​គេ​ឃើញ​មានការ​ផ្សព្វផ្សាយ​ជាច្រើន​ផ្តោតលើ​កូរ៉េខាងជើង​ដែលមាន​ចេតនា​ដកស្រង់​បទពិសោធន៍​កែទម្រង់សេដ្ឋកិច្ច និង​អភិវឌ្ឍ​ប្រទេស​របស់​មហា​យក្ស​ចិន និង​វៀតណាម​ផងដែរ​។​

​កូរ៉េខាងជើង​មិន​ត្រូវការ​អាមេរិក​ជាគ​ម្រូ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឡើយ​។ កូរ៉េខាងជើង​ត្រឹម​ត្រូវការ​អាមេរិក​ព្រោះ​ខ្លួន​ចង់​ឲ្យ​មាន​ការដក​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​, ផ្តល់ជំនួយ​ក្នុង​ក្របខណ្ឌ​ណាមួយ ការជំរុញ​អ្ន​កវិន​យោគ​សេដ្ឋកិច្ច និង​រក្សា​សន្តិសុខ​ចំពោះ​របប​ដឹកនាំ​លោក គីម បច្ចុប្បន្ន​ផង​ពេល​ខ្លួន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​។ ម្សិលមិញ​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បានប្រកាស​ជាថ្មី​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សិង្ហ​បុរី​ថា អាមេរិក​មាន​ឆន្ទៈ​ផ្តល់​ការធានា​សន្តិសុខ​មួយ​ដ៏​ពិ​សេសមួយ​សម្រាប់​កូរ៉េខាងជើង បើសិន​កូរ៉េខាងជើង​រំសាយ​អាវុធ​ពេញលេញ​មែន​នោះ​។
 
​តាមពិតទៅ ដោយ​ធ្លាប់​រៀនសូត្រ​នៅ​ប្រទេស​ស្វី​ស​ផង លោក គីម ជុង​អ៊ុន មិន​ដែលមាន​អារម្មណ៍​ស្អប់ ប្រព័ន្ធ​សេដ្ឋកិច្ច​មូលធននិយម​ឡើយ​។ លោក​ប្រហែលជា​ចង់ឃើញ​អាគារ​ខ្ពស់ៗ កំណើន​អ្នក​វិយោគ ការហូរចូល​នៃ​ផលិតផល​លោកខាងលិច​រួមទាំង ហាង​បឺ​ហ្គឺ McDonald’s នៅក្នុង​ប្រទេស​ខ្លួន​ផងដែរ​។ ភាពជោគជ័យ​នៃ​ការបើកចំហរ​សេដ្ឋកិច្ច​របស់​មហា​យក្ស​សេដ្ឋកិច្ច​ចិន និង ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​វៀតណាម ជា​រឿង​ដែល​ធ្វើ​ឲ្យ​លោក ចាប់អារម្មណ៍​ខ្លាំង​។​

 កាលពី​ខែឧសភា លោក គីម បាន​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​មួយក្រុម​ទៅ​ទស្សនកិច្ច​នៅ​ចិន​ផងដែរ ហើយ​លោក គីម ខ្លួនឯង បាន​អញ្ជើញ​ទៅ​ជួប​លោក ស៊ី ជីន​ភីង ពីរដង​រួចទៅហើយ​ដែរ​។ ក្រៅពី​សុំ​យោបល់​រឿង​ចរចា​ជាមួយ​អាមេរិក លោក គីម ក៏មាន​ចេតនា​សុំ​ការគាំទ្រ​ពី​ចិន​ចំពោះ​ការ​ឈានទៅ​បើកចំហរ​សេដ្ឋកិច្ច​នៅពេល​អនាគត​ដូចគ្នា​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua  ប្រតិភូ​កូរ៉េខាងជើង​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ចិន ដើម្បី​ដកស្រង់​បទពិសោធន៍ និង​រៀនសូត្រ​ពី​ភាពជោគជ័យ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​មហា​យក្ស​ចិន​ដែរ បាន​ជួប​ជាមួយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង និង​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​មួយចំនួន​ផង​។​

​អ្វីដែល​សំខាន់​នោះ លោក​ស៊ី បានប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រុង​ព្យុងយ៉ាង​ដែល​ជ្រើស​រើសយក​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​នោះ​។​

​ដូច្នេះហើយ គេ​អាច​និយាយបានថា ការដកស្រង់​ពិសោធន៍​របស់​ចិន ហើយ​យកមកអនុវត្ត​ក្នុង​គោលនយោបាយ​កំណែទម្រង់សេដ្ឋកិច្ច​ក្នុងស្រុក​ប្រហែលជា​នឹងមាន​ផល​វិជ្ជមាន​ច្រើន​ចំពោះ​កូរ៉េខាងជើង​។ ម្យ៉ាង​ចិន​ដែលជា​ខ្នងបង្អែក​នយោបាយ និង​ការទូត​រួមទាំង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​នេះ​ក៏​ប្រហែលជា​ពេញចិត្ត​ខ្លាំង​នឹង​ជួយ​គាំទ្រ​និង​ប្រឹក្សា​កូរ៉េខាងជើង​ឲ្យ​ដើរ​លើផ្លូវ​ដែល​ខ្លួន​ធ្លាប់​ដើរ​ដែរ​។

​ក្រៅពី​គម្រូ​សេដ្ឋកិច្ច​ចិន មេដឹកនាំ​កូរ៉េខាងជើង​ក៏​ជាប់​ចិត្តនឹង​ការកែទម្រង់​សេដ្ឋកិច្ចរ​បស់​វៀតណាម​កន្លងមក​។ កូរ៉េខាងជើង​រំពឹងថា ខ្លួន​អាច​នឹង​ប្រើប្រាស់​គម្រូ​នោះ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លួន​ទៅ​ថ្ងៃមុខ​ផងដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​កូរ៉េខាងត្បូង Maeil Business ក្នុងជំនួប​ប្រវត្តិសាស្ត្រ​ថ្ងៃ ២៧ ខែមេសា​កន្លង​ជាមួយ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន លោក គីម ជុង​អ៊ុន បាន​បង្ហើប​ថា លោក​ចង់​ជ្រើសរើស​ការកែទម្រង់​តាម​វៀតណាម​។

​វៀតណាម​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​កែទម្រង់សេដ្ឋកិច្ច ដូ​យ​មឺ​យ (Doi Moi) នៅ​ឆ្នាំ ១៩៨៦ ហើយ​តាមរយៈ​ការកែទម្រង់​នេះ វា​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​វៀតណាម​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​រហ័ស និង​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ ២០០៧ ផងដែរ​។ ប៉ុន្តែ​កំណែទម្រង់​នេះ​ក៏​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គោលនយោបាយ​កែទម្រង់សេដ្ឋកិច្ច​របស់​ចិន​ដូចគ្នា​ដែរ​៕


Tag:
 កូរ៉េខាងជើង​
  សិង្ហ​បុរី​
  គីម ជុង​អ៊ុន​
  វៀតណាម​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com