អន្តរជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សិង្ហ​បុរី​៖ វិស័យ​ហិរញ្ញវត្ថុ​, ថាមពល និង​ដឹកជញ្ជូន​របស់​កម្ពុជា​កំពុង​ទាក់ទាញ​ក្រុមហ៊ុន​សិង្ហ​បុរី​
11, Aug 2018 , 5:39 pm        
រូបភាព
រដ្ឋម​​ន្ត្រី​​ពាណិ​​ជ្ជកម្ម និង​​ឧស្សាហកម្ម​​សិង្ហបុរី​​លោក Chan Chun Sing ពេល​​ជួប​​ជាមួ​​យអ្នក​​សា​​រព័ត៌​​មាន​​អាស៊ាន
រដ្ឋម​​ន្ត្រី​​ពាណិ​​ជ្ជកម្ម និង​​ឧស្សាហកម្ម​​សិង្ហបុរី​​លោក Chan Chun Sing ពេល​​ជួប​​ជាមួ​​យអ្នក​​សា​​រព័ត៌​​មាន​​អាស៊ាន
​សិង្ហ​បុរី​៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​មើលឃើញថា ក្រុមហ៊ុន​សិង្ហ​បុរី​បច្ចុប្បន្នកំពុង​ចាប់អារម្មណ៍  និង​ចង់​វិនិយោគ​លើ​វិស័យ​ដែលមាន​សក្តានុពល​ដូច​ហិរញ្ញវត្ថុ ដឹកជញ្ជូន និង​ថាមពល​ពល​។ លោក​យល់ថា បើ​កម្ពុជា​បើកទ្វារ​សម្រាប់​កិច្ចសហប្រតិបត្តិការ សិង្ហ​បុរី​អាចរួមចំណែក​វិនិយោគ​បាន​។​




​ការលើកឡើង​របស់លោក Chan Chun Sing រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​ពី​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​សិង្ហ​បុរី​លើ​វិស័យ​ដែល​សក្តានុពល​នេះ​ធ្វើឡើង​ក្នុងពេល​ជួប​សន្ទនា​ជាមួយ​អ្នកសារព័ត៌មាន​អាស៊ាន​ថ្ងៃ ៧ ខែសីហា​។  
 
​លោក Chan បាន​ថ្លែង​ដូច្នេះ​៖«​ខ្ញុំ​គិតថា ក្រុមហ៊ុន​សិង្ហ​បុរី​ចាប់អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា​។ ទីមួយ​គឺ​ផ្នែក​សេវា​ដូចជា ការផ្គត់ផ្គង់​ថាមពល​, ទឹក និង​ការគ្រប់គ្រង​សំណល់ ហើយ​វា​ជា​រឿង​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងអស់​ត្រូវការ​»​។​
 
​លោក​បាន​បន្តថា​៖«​ចំណែក​ផ្នែក​អាកាសចរណ៍ និង​កំពង់ផែ​ក៏មាន​សក្តានុពលដូចគ្នា​។ មួយទៀត​គឺ ហិរញ្ញវត្ថុ និង​ធនាគារ​។ បើសិនជា កម្ពុជា​បើកទ្វារ​សម្រាប់​កិច្ចសហប្រតិបត្តិការ ខ្ញុំ​យល់ថា សិង្ហ​បុរី​អាចរួមចំណែក​វិនិយោគ​បាន​ផងដែរ​»​។​
 
​ឧទាហរ​ណ៍​ជាក់ស្តែង កន្លងមក ក្រុមហ៊ុន​កសិកម្ម និង​អចលនទ្រព្យ HLH បាន​វិនិយោគ​លើ​គម្រោង​ផ្ទះ​មានតម្លៃ​សមរម្យ​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ក្រុមហ៊ុន Sunseap ដែល​វិនិយោគ​លើ​គម្រោង​សួន​ថាមពល​ពន្លឺព្រះអាទិត្យ (Solar Farm) ដំបូង​គេ​ដែល​ត្រូវបាន​សាងសង់ឡើង​នៅ​ខេត្តស្វាយរៀង​។​
 
​ជុំវិញ​ទំនាក់ទំនង​រ​វា​កម្ពុជា​ និង​សិង្ហ​បុរី​នេះដែរ បើតាម​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា លោក  Michael Tan រយៈពេល​៥៣​ឆ្នាំ​មកនេះ ទំនាក់ទំនង​ទ្វេភាគី​នេះ​ផ្លាស់ប្ដូរ​រហ័ស​ទាំង​ផ្នែក​នយោបាយ ពាណិជ្ជកម្ម និង​ការផ្លាស់ប្ដូរ​ផ្នែក​សង្គម​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ​។​
 
​ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី ៥៣ នៃ​ការប្រកាស​ឯករាជ្យ​សិង្ហ​បុរី​ថ្ងៃ ៩ ខែសីហា ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​បញ្ជាក់ថា ចំណង​សេដ្ឋកិច្ច​រវាង​សិង្ហ​បុរី និង​កម្ពុជា គឺ​កាន់តែ​មាំមួន និង​កើនឡើង ហើយ​សិង្ហ​បុរី គឺ​ប្រទេសមួយ​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទាំង​៥​របស់​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​ដល់​ទៅ​បី​ពាន់​លាន​ដុល្លារ​។ 
 
​ក្រុមហ៊ុន​សិង្ហ​បុរី​កាន់​តែមាន​វត្តមាន​ច្រើន​នៅ​កម្ពុជា ស្រប​ពេលដែល​សិង្ហ​បុរី​ក្លាយជា​ប្រភព​វិនិយោគ​បរទេស​ធំជាងគេ​ទី​ពីរ​របស់​កម្ពុជា​ដោយមាន​ទ្រព្យ​វិនិយោគ​ចំនួន​ជាង​២៥០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។ បើ​គិតដល់​ចុងឆ្នាំ​ដដែល ទ្រព្យ​វិនិយោគ​របស់​សិង្ហ​បុរី​មាន​សរុប​១.២​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​តាមពិតទៅ កម្ពុជា និង​សិង្ហ​បុរី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី​ឆ្នាំ ១៩៦៥​ បន្ទាប់ពីសិង្ហបុរីប្រកាសខ្លួន​ជារដ្ឋ​ឯករាជ្យ។ ទំនាក់ទំនង​នេះ​កាន់តែ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​ក​ន្ល​ង​មកនេះ ហើយ​ទស្សនកិច្ច​របស់​អតីត​ប្រធានាធិបតី​សិង្ហ​បុរី​លោក តូ​នី តាន់ កាលពី​ខែមករា​ឆ្នាំ​២០១៧​នោះ ក៏​រួមចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​អាស៊ាន​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ទៀត​៕

Tag:
 សិង្ហ​បុរី​
  កម្ពុជា​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com