សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ច​រុស្ស៊ី​នៅ​បន្ត​ស្ទុះ​ឡើងវិញ ទោះបី​អាមេរិក​បន្ត​ដាក់ទណ្ឌកម្ម​
11, Aug 2018 , 8:37 pm        
រូបភាព
រូបភាព RT
រូបភាព RT
ដោយ: ថ្មីៗ
​សេដ្ឋកិច្ច​រុស្ស៊ី បាន​កើនឡើង​ប្រមាណ ១,៨% នៅក្នុង​ត្រីមាស​ទី ២​នេះ បើទោះបីជា​រង​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ពី​អាមេរិក​ក្ដី​។ រុស្ស៊ី​អាច​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ ក៏​ព្រោះតែ​ការកើនឡើង​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន នៅ​ដើម​ឆ្នាំនេះ​។ 

​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រង់​សម្តី​ទីភ្នាក់ងារ​ស្ថិតិ​រុស្ស៊ី Rosstat នៅ​ថ្ងៃ​១០ សីហា ឆ្នាំ​២០១៨​ថា កំណើនសេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ​កើតមានឡើង បន្ទាប់ពី​រុស្ស៊ី​រងគ្រោះ​ព្រោះ​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​រយៈពេល​ពី ឆ្នាំ​ជាប់​គ្នា ពោលគឺ​កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។ 
 
​សេដ្ឋកិច្ច​ដាំ​ក្បាល នេះ​គឺ​បណ្ដាលមកពី​កត្តា​ចំនួន​ពីរ​។ ទីមួយ​គឺ ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​កាលពី​ឆ្នាំ​២០១៤ ហើយ​ទី​ពីរ​គឺ ការដាក់ទណ្ឌកម្ម​រប​ស់​បណ្ដា​ប្រទេស​លោកខាងលិច ក្រោយ​រុស្ស៊ី​ត្របាក់​យក​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន​។ 
 
​យ៉ាងណាក៏ដោយ គេ​មើលឃើញថា តម្លៃ​ប្រេង និង​ឧស្ម័ន បាន​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់ នៅ​ដើមឆ្នាំ ២០១៨​នេះ ដោយ​វា​អំណោយផល​ចំពោះ​រុស្ស៊ី​ព្រោះ​ដង្ហើម​សេដ្ឋកិច្ច​មហាអំណាច​នេះ​នៅតែ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការនាំចេញ​ធនធាន​ថាមពល យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​
 
​ការ​ងើបឡើង​នៃ​កំណើនសេដ្ឋកិច្ច​រុស្ស៊ី ចាប់តាំងពី​ឆ្នាំ ២០១៧​មក គឺ​នៅតែ​បន្ត​រក្សា​សន្ទុះ​របស់ខ្លួន​ជា​បន្តបន្ទាប់​មកដល់​ឆ្នាំ ២០១៨​នេះ​ទៀត  បើទោះបីជា​មកដល់​ខែសីហា​នេះ​ក្រុង​វ៉ាស៊ីនតោន​បានសម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ក្តី​។ ទណ្ឌកម្ម​ថ្មី​នេះ​គឺពាក់ព័ន្ធ​នឹង​រឿងក្ដី​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក កាលពី​ឆ្នាំ​២០១៦ និង​រឿងក្តី​ប៉ុនប៉ង​សម្លាប់​អតីត​ភ្នាក់ងារ​ចារកម្ម​រុស្សី​នៅ​អង់គ្លេស តាមរយៈ​ការប្រើប្រាស់​សារធាតុ​គីមី​។​
 
​ថ្វីបើ​សេដ្ឋកិច្ច​ខ្លួន​រួច​ផុតពី​ការ​ការដាំ​ក្បាល​ចុះក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​ក៏ដោយ​ក្ដី កំណើនសេដ្ឋកិច្ច​បច្ចុប្បន្ន​មាន​ត្រឹម ១,៨%​ប៉ុណ្ណោះ​ដែល​វា​ខុស​ឆ្ងាយ​ពី​គោលដៅ​ខ្លួន​ដែល​ចង់បាន​ឲ្យ​ដល់ ៤% ជា​រៀងរាល់ឆ្នាំ​។ គោល​នេះ​ដែល​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋាភិបាល​កាលពី​ខែមីនា​កន្លងទៅ រួមជាមួយ​ម​ហិ​ច្ឆ​តាលុ​ប​បំបាត់​ចំនួន​ប្រជាជន​ក្រីក្រ​ប្រមាណ​ពាក់កណ្ដាល​ផង​។​
 
​តាមពិតទៅ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធ្លាប់បាន​ព្យាករ​ថា កំណើន​នៃ​សេដ្ឋកិច្ច​រុស្ស៊ី​កើន​ដល់​១,៧% សម្រាប់​ឆ្នាំ ២០១៨​។ លើសពីនេះ កាលពី​ខែមិថុនា​កន្លង​ទៅទៀត ស្ថាប័ន IMF ធ្លាប់​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការរួមចំណែក​ដ៏​ស្ដួចស្ដើង​នៃ​សេដ្ឋកិច្ច​រុស្ស៊ី​ដល់​ការលូតលាស់​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា​ការបរាជ័យ​របស់​រុស្ស៊ី​ក្នុងការ​ប្រែខ្លួន​ជា​ប្រទេស​ដែលមាន​កម្រិត​ចំណូល​ខ្ពស់ជាង​មុន​ដែរ​។ ស្ថាប័នហិរញ្ញវត្ថុ​នេះ បាន​ដាស់តឿន​ថា រដ្ឋាភិបាល​រុស្ស៊ី ត្រូវតែ​ធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែលមាន​ដូចជា​កំណើនប្រជាជន​វ័យ​ចំណាស់ និង​លើកស្ទួយ​វិស័យ​ឯកជន​ជាដើម​៕
 
 

Tag:
 រុស្ស៊ី​
  សេដ្ឋកិច្ច​
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com