ជាតិ
សេដ្ឋកិច្ច
ហត្ថា​កសិករ គ្រោង​បោះផ្សាយ​មូល​ប​ត្រ​បំណុល ជិត​២០​លាន​ដុល្លារ ជា​លើកដំបូង​នៅ​កម្ពុជា​
27, Aug 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត គ្រោង​នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ប្រមូល​ទឹកប្រាក់​ជិត ២០​លាន​ដុល្លារ​បម្រើ​ឲ្យ​ការវិនិយោគ​បន្ថែម​របស់ខ្លួន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​មួយ​នេះ​។​

 
​ហត្ថា​កសិករ ទទួលបាន​ការយល់ព្រម​ពី​ធនាគារជាតិ​រួចហើយ និង​បានដាក់​ពាក្យស្នើសុំ​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។​
 
​គ្រឹះស្ថាន​មួយ​នេះ គ្រោង​ធ្វើសំណើ​លក់​សញ្ញា​បណ្ណ​ក្នុង​ចំនួន​ទឹកប្រាក់​ដើម​សរុប ៨០​ពាន់​លាន​រៀល (​ប្រហែល ១៩,៧​លាន​ដុល្លារ​)​។ មូល​ប​ត្រ​បំណុល​នេះ​មាន​រយៈពេល​៣​ឆ្នាំ និង​អត្រា​ការប្រាក់​ប្រចាំឆ្នាំ ៧,៥​ភាគរយ ទៅ ៨,៥​ភាគរយ​។ 
 
​ប្រភេទ​មូល​ប​ត្រ​បំណុល ដែល​ហត្ថា​កសិករ គ្រោង​នឹង​បោះ​លក់​នេះ គឺ​ហៅថា សញ្ញា​បណ្ណ​សាជីវកម្ម​។ សញ្ញា​បណ្ណ គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​តំណាង​ឲ្យ​កិច្ចសន្យា​ខ្ចីប្រាក់​រវាង​ក្រុមហ៊ុន​បោះផ្សាយ និង​វិនិយោគិន​សាធារណៈ​។ តាមរយៈ​ឧបករណ៍​នេះ បុគ្គល​បោះផ្សាយ​មូល​ប​ត្រ​បំណុល​មាន​កាតព្វកិច្ច​បង់ប្រាក់​ជាក់លាក់​មួយ​ជា​ទៀត​ទាត់ ឲ្យ​ទៅ​វិនិយោគិន ដែល​ហៅថា គូ​ប៉ុង ឬ ការប្រាក់ ព្រមទាំង​បង់ប្រាក់​ដើម​នៅពេលដែល​សញ្ញា​បណ្ណ​នោះ​ដល់​កាលកំណត់​សង ដែល​ហៅថា ឥណប្រតិទាន​។ 
 
​លោក ហួត អៀង​តុង ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ហត្ថា​កសិករ មានបំណង​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ក្នុង​ការធ្វើ​ហិញ្ញ​ប្ប​ទាន​កំណើន​នៃ​អាជីវកម្ម​ឥណទាន រួមទាំង​ជា​ទុន​បង្វិល និង​សម្រាប់​គោលបំណង​ទូទៅ​ផ្សេងទៀត​របស់​ក្រុមហ៊ុន​។ សាច់ប្រាក់​ទាំងនេះ​ក៏​នឹង​ជួយ​គាំទ្រ​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម នៅតាម​ជនបទ និង​ទីប្រជុំជន​ផងដែរ​»​។​
 
​ហត្ថា​កសិករ លីមីត​ធី​ត គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ធំ​លំដាប់​ទី​៣​នៅ​កម្ពុជា​។ គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០១៨​នេះ គ្រឹះស្ថាន​មួយ​នេះ​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ចំនួន ៤០៩​លាន​ដុល្លារ និង​មាន​សំពៀត​ឥណទាន ៦៦០​លាន​ដុល្លារ ព្រមទាំង​មានទ្រព្យ​សកម្ម​សរុប ៨០៤​លាន​ដុល្លារ​៕
 

Tag:
 មូល​ប​ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com