ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ៖​ម្សៅ​ទឹកដោះគោ​ទារក Dumex-Step1 មាន​ផ្ទុក​បាក់តេរី ដែលមាន​គ្រោះថ្នាក់​ជីវិត​
29, Aug 2018 , 3:55 pm        
រូបភាព
​ភ្នំពេញ​៖ ម្សៅ​ទឹកដោះគោ​ទារក Dumex Mamil Gold Infant Milk Formula-Step1 ដែលមាន​ប្រភពដើម​នៅ​ប្រទេស​ម៉ាឡេស៊ី និង​នាំចូល​ដោយ​ក្រុមហ៊ុន Danone Dumex មាន​ផ្ទុក​បាក់តេរី Cronobacter sakazakii ដែល​រកឃើញ​ដោយ​បសុពេទ្យ​ប្រទេស​សិង្ហ​បុរី  ។ បាក់តេរី​នេះ បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ពោះវៀនធំ​-​តូច រលាក​ស្រោម​ខួរក្បាល​ជាដើម ដែល​អាច​ឲ្យ​មាន​គ្រោះ​ថា្នក់​ដល់​ជីវិត​ទារក​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ណា​ណិ​ជ្ជ​កម្ម នៅ​ថ្ងៃទី​២៩​សីហា​។

 
​សេចក្តីជូនដំណឹង​រប​ស់អគ្គ​នាយកដ្ឋាន​កាំកុងត្រូល បាន​បញ្ជាក់ថា «​ទារក​ដែលមាន​អាយុ​តិចជាង​២​ខែ អត្រា​នៃ​ការស្លាប់​មាន​១០ ទៅ​៨០​ភាគរយ និង​ជន​ដែលមាន​ប្រព័ន្ធ​ស៊ាំ​រាងកាយ​ទន់ខ្សោយ គឺជា​ជន​ងាយ​រងគ្រោះ​បំផុត​»​។​


 
​បន្ទាប់ពី​រកឃើញ​បាក់តេរី​ក្នុង​ម្សៅ​ទឹកដោះ​ទារក​នេះ អាជ្ញាធរ​សិង្ហ​បុរី បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន នាំចូល​ផលិតផល​នេះ ប្រមូល​ត្រឡប់មកវិញ និង​ផ្តល់​ដំបូន្មាន​ដល់​អ្នកប្រើប្រាស់ សូមកុំ​ផ្តល់​ជា​អាហារ​សម្រាប់​ទារក​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ខាងលើ​។​
 
​ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល កំពុង​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​រារាំង​មិន​ឲ្យ​មានការ​នាំចូល ការ​ចរាចរណ៍​លក់ដុំ​-​រាយ​ម្សៅ​ទារក​នេះ នៅលើ​ទីផ្សារ ដោយមាន​ការត្រួតពិនិត្យ​តាម​ផ្សារ​ធំ​-​តូច ផ្សារ​ទំនើប ដើម្បី​សម្របសម្រួល និង​អនុវត្ត​វិធានការ​តាម​នីតិវិធី​៕
 

Tag:
 កាំកុងត្រូល​
  ទារក​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com