អន្តរជាតិ
ជប៉ុន​ថា សកម្ម​ភាពរបស់​ចិន​នៅ​ដែនសមុទ្រ​ជម្លោះ​សមុទ្រ​ចិន​ខាងកើត​កំពុង​គំរាមកំហែង​ដល់​សន្តិសុខ​ខ្លួន​
03, Sep 2018 , 6:29 pm        
រូបភាព
ដោយ:
​ថ្ងៃ​ចន្ទ​ទី ៣ ខែកញ្ញា​នេះ​មន្ត្រីជាន់ខ្ពស់​ជប៉ុន​បាន​ព្រមាន​ពី​ការ​កើន​ឡើ​ន​នៃ​បរិយាកាស​សន្តិសុខ​ដ៏​តឹងតែង ខណៈដែល​ចិន​បន្ត​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​ជា​លក្ខណៈ​ឯកតោភាគី នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងកើត​។

 
​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក Itsunori Onodera បាន​អះអាងថា សន្តិសុខ​របស់ខ្លួន​ប្រឈម​នឹង​គ្រោះថ្នាក់​ព្រោះតែ​ចិន​បាន​បង្កើន​សកម្មភាព​យោធា និង​កម្លាំងយោធា​របស់​ខ្លួន​ដោយ​ឯកតោភាគី​យ៉ាង​ឆាប់រហ័ស នៅក្នុង​ដែនសមុទ្រ​ជម្លោះ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន AFP  ប្រមុខ​ការពា​តិ​ជប៉ុន​រូបនេះ​បន្ថែមថា សកម្មភាព​របស់​ចិន​នោះ រួមមាន​ដូចជា ការបើក​ប្រតិបត្តិការ​លោត​ឆត្រយោង​ថ្មីៗ​ជាច្រើន នៅជាប់​ព្រំដែន​ជប៉ុន និង​ការ​ចល័ត​នាវាមុជទឹក​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ នៅក្បែរ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងកើត​ថែមទៀត​។​
 
​លោក Onodera បាន​អះអាង​បន្ថែមថា ហេតុការណ៍​ទាំងនេះ បានក្លាយ​ជាការ​ព្រួយបារម្ភ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ ទៅដល់​សន្តិសុខ​ជប៉ុន​។ 
 
​ការលើកឡើង​របស់​ប្រមុខ​ការ​ពាត​ជាតិ​ជប៉ុន​ពី​បញ្ហា​សន្តិសុខ​នេះ ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ កំពុង​ព្យាយាម​សម្របសម្រួល​ទំនាក់ទំនង​ការទូត​ដ៏​តានតឹង​រវាង​ប្រទេស​ទាំងពីរ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន  ស៊ីន​ហ្សូ អា​បេ គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន នា​ខែតុលា​ខាងមុខនេះ​។ 
 
​គួរ​បញ្ជាក់ដែរថា ចាប់តាំងពី​ឡើងកាន់​អំណាច​មក លោក អា​បេ នៅតែ​រក្សា​ជំហរ​យ៉ាងរឹងមាំ​ក្នុងការ​ការពារ​កោះ Diaoyu ឬ​ជប៉ុន ហៅថា កោះ Senkaku ដែល​ស្ថិតក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងកើត​។ ក្រៅពី​បញ្ហា​ប្រវត្តិសាស្ត្រ ការទាមទារ​តំបន់​ត្រួតស៊ីគ្នា​រវាង​ចិន និង​ជប៉ុន​នេះហើយ បាន​បង្ក​ភាព​តានតឹង​យ៉ាងខ្លាំង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​រហូតមក​។​
 
​យ៉ាងណាមិញ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​វ័យ ៦៣​ឆ្នាំ​រូបនេះ បាន​ព្យាយាម​បន្ធូរបន្ថយ​វោហារសាស្ត្រ​នយោបាយ​របស់លោក ជា​ថ្នូរ​នឹង​ការទាមទារ​ឲ្យ​ចិន​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​ប្រទេស​នេះ ព្រម​បោះបង់ចោល​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់ខ្លួន​៕
 

Tag:
 ជប៉ុន​
  ចិន​
  Itsunori Onodera
© រក្សាសិទ្ធិដោយ thmeythmey.com