អន្តរជាតិ
ស្តេច​ថៃ​បង្កើត​«​ទ័ព​ស្ម័គ្រ​ចិត្តជា​ជន​ស៊ីវិល​» ដើម្បី​ដក​ព្រះកាយ​ឲ្យ​ឆ្ងាយ​ពី​អំណាច​យោធា​បច្ចុប្បន្ន​?
05, Sep 2018 , 7:39 pm        
រូបភាព
ដោយ:
​ផែនការ «​ព្រលឹង​នៃ​អ្នកស្ម័គ្រចិត្ត​» ដែល​ត្រូវបាន​ដាក់ចេញ​ក្នុង​ឆ្នាំ​២០១៧ បាន​បង្កើត​កងទ័ព​ថ្មី​មួយ​ដែលជា​ប្រជាជន​ស៊ីវិល​។ អ្នកវិភាគ​យល់ឃើញថា​គំនិត​ផ្តួចផ្តើម​នេះ ជា​បំណង​របស់​ព្រះមហាក្សត្រ​ថៃ​រាមា​ទី​១០ ក្នុង​ការដក​ព្រះកាយ​ចេញ​ឆ្ងាយ​ពី​ក្រុម​យោធា​ដែល​កំពុងកាន់​អំណាច​ប​ច្ចុ​ប្បន្ន​។​

 
​នៅ​ថ្ងៃទី ០៤ កញ្ញា ឆ្នាំ​២០១៨ ទ័ព​ស្ម័គ្រចិត្ត​ចេញពី​ប្រជាជន​ស៊ីវិល​ត្រូវ​បង្កើតឡើង​នៅក្នុង​រាជាណាចក្រ​ថៃ​។  បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការបង្កើត​ទ័ព​ថ្មី​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ការបង្ហាញ​ពី​ភក្តីភាព​ចំពោះ​ព្រះមហាក្សត្រ​ថៃ​ព្រះ​ចៅ Vajiralongkorn និង​បង្កើន​រូបភាព​វិជ្ជមាន​របស់​មហាក្សត្រ​អង្គ​នេះ​ផង​មុន​ពិធី​ឡើង​គ្រងរាជ្យ​ជា​ផ្លូវ​ការមកដល់​នា​បំណាច់​ឆ្នាំ​២០១៨​នេះ​។ 
 
​ទាក់ទិន​នឹង​រឿងនេះ លោក David Streckfuss អ្នកវិភាគ​ឯករាជ្យ​ដែល​ប្រចាំការ​នៅ​ទីក្រុង​បាងកក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា លោក​សម្លឹង​ឃើញ​កម្មវិធី​ស្ម័គ្រចិត្ត​នេះ​ថា​ជា​បំណង​របស់​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន ក្នុង​ការបង្កើត​មូលដ្ឋានគ្រឹះ​នៃ​អំណាច​ដាច់ដោយឡែក​មួយ​ចេញពី​អំណាច​យោធា​។ 
 
​លោក Streckfuss បាន​និយាយ​បែបនេះ​៖ «​ប្រសិនបើ​រាជានិយម ត្រៀម​ផ្ដាច់ខ្លួន​ចេញពី​អំណាច​យោធា ហើយ​ចង់​ប្រែក្លាយ​ប្រទេស​ថៃ ឲ្យ​ទៅជា​រាជានិយម​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ [democratic constitutional monarchy] នោះ យើង​ប្រហែល​ត្រូវ​ចាំមើល​ព្រះរាជ​សកម្មភាព​មួយ​នេះ ដែល​ទ្រង់​បាន​ខិតខំ​ធ្វើឡើង ដើម្បី​បង្កើត​មូលដ្ឋាន​អំណាច​ដ៏​ក្លៀវក្លា​មួយ​ថ្មី​»​។​
 
​ចំណែកឯ អ្នកវិភាគ​ថៃ​វ័យ ៨៦ មួយរូប​ទៀត គឺ​លោក Sulak Sivaraksa យល់ឃើញថា កម្មវិធី​យោធា​ស្ម័គ្រចិត្ត​នេះ ឆ្លុះបញ្ចាំង​ពី​គំនិត​របស់​ព្រះ​ចៅ Vajiralongkorn  ដែល​មើលឃើញ​សម័យ​ស្តេច Vajiravudh រាមា​ទី​៦ ថា​ជា គំរូ​នៃ​ភាពជា​មហាក្សត្រ​។ 
 
​លោក Sulak បានបញ្ជាក់​ដូច្នេះ​ថា ស្តេច Vajiralongkorn ចង់​ឲ្យ​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ក្លាយជា​កងទ័ព​មួយ​ប្រហាក់ប្រហែល « ស៊ូ ប៉ា »  ឬ​«​កងកម្លាំង​ខ្លា​ព្រៃ​» ដែល​ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ​១៩១១ ដោយ​ស្តេច​រាមា​ទី​៦ Vajiravudh​។ កងទ័ព​ដែល​ក្សត្រ Vajiravudh បង្កើតឡើង​នោះ​គឺ​យក​លំនាំ​តាម​ប្រភេទ​កងកម្លាំង​ស្ម័គ្រចិត្ត​របស់​អង់គ្លេស​។ 
 
​បើ​ពិ​តទៅ កងកម្លាំង​អ្នកស្ម័គ្រចិត្ត ដែល​លេច​រូបរាង​ឡើង​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះ​ចៅ​រាមា​ទី​១០ មិនមាន​អាវុធ​ប្រើប្រាស់​នោះឡើយ​។ 
 
​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ក្នុង​ឆ្នាំ​២០១៧ ព្រះមហាក្សត្រ​ថៃ Vajiralongkorn បាន​ផ្ដោត​សំខាន់​ទៅលើ​ការពង្រឹង​អំណាច​របស់​ទ្រង់ ដោយ​ព្រះអង្គ បានធ្វើ​ព្រះរាជ​សកម្មភាព​ជាច្រើន​។ តួយ៉ាង រួមមាន​ដូចជា ទ្រង់​បានទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​សេចក្ដីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាលយោធា​, ធ្វើកំណែទម្រង់​លើ​ក្រុម​ជំនុំ​ប្រឹក្សា​ព្រះមហាក្សត្រ (Privy Council) និង​ចូល​កាន់កាប់​ព្រះរាជ​ទ្រព្យ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ៣០​ពាន់​លាន​ដុល្លារ​ជាដើម​។​
 
​អ្នកវិភាគ​មួយចំនួន បាន​សម្លឹង​ឃើញថា ចំណាត់ការ​របស់​ព្រះ​ចៅ​រាមា​ទី​១០ អាចធ្វើ​ឲ្យ​ទ្រង់​មានលទ្ធភាព​ត្រួតពិនិត្យ​លើ​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​ឡើងកាន់​អំណាច ដោយសារ​ការធ្វើ​ប្រហារ កាលពី​ឆ្នាំ​២០១៤៕
 

Tag:
 ថៃ​
  ទ័ព​ស្ម័គ្រចិត្ត​
  Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com