អន្តរជាតិ
សេដ្ឋី​ចិន ជេ​ក ម៉ា ប្រកាស​ចូល​និវត្ត​ន៍ពី​ជំនួញ និង​ទៅធ្វើ​ការងារ​សប្បុរសធម៌​
08, Sep 2018 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
​សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​លី​បា​បា​របស់​ចិន​លោក ជេ​ក ម៉ា (Jack Ma) បានប្រកាស​ចូល​និវត្ត​ន៍ពី​ក្រុមហ៊ុន​យក្ស​នេះ​ចាប់ពី​ថ្ងៃ​ចន្ទ​ទី ១០ ខែកញ្ញា​ខាងមុខ​។ ប្រកាស​ចូល​និវត្តន៍​ទាំង​វ័យក្មេង មហាសេដ្ឋី​ចិន​រូបនេះ​បញ្ជាក់ថា លោក​នឹង​ចំណាយ​ពេលវេលា​សេសសល់​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ផ្តោតលើ​ការលើកស្ទួយ​វិស័យ​អប់រំ​។​

​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​អាមេរិក New York Times លោក ជេ​ក ម៉ា បាន​បង្ហើប​ថា លោក​នឹង​ចូល​និវត្ត​ន៍ពី​តួនាទី​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​យក្ស​អា​លី​បា​បា​ហើយ​ចាប់​ពីថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ចំពេល​ខួប ៥៤​ឆ្នាំ​តែម្តង​។​
 
​លោក​បាន​បញ្ជាក់ថា ទោះជា​ឈប់​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ក៏ដោយ លោក​នឹង​ប្រើប្រាស់​ពេលវេលា​ខាងមុខ​ដើម្បី​លើកស្ទួយ​វិស័យ​សប្បុរសធម៌​ដដែល ហើយ​លោក​នឹង​ផ្តោត​សំខាន់​លើ​ការលើកស្ទួយ​វិស័យ​អបរំ​។   
 
​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ប៉ុន្តែ​មហាសេដ្ឋី​ចិន​វ័យ ៥៤​ឆ្នាំ​រូបនេះ​ធ្លាប់បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Bloomberg ដែរ​ថា លោក​ចង់​រៀន​តាម​ស្ថាបនិក​ក្រុមហ៊ុន Microsoft ដែលជា​មហាសេដ្ឋី​ដែលមាន​សណ្តាន​ចិត្ត​ជ្រាលជ្រៅ និង​បំពេញការងារ​សប្បុរស​ធម៌​ជាច្រើន​នោះ​។ លោក​បង្ហើប​ថា គម្រោង​សប្បុរសធម៌​រយៈពេល ១០​ឆ្នាំ​ត្រូវ​បានរៀបចំ​រួចហើយ​ស្ថិតនៅក្រោម​មូលនិធិ​របស់លោក​។ 
 
​លោក​និយាយ​បែបនេះ​៖ «​វា​មានរឿង​ច្រើនណាស់​ដែល​ខ្ញុំ​រៀន​ពី​លោក Bill Gates​។ ខ្ញុំ​មិនអាច​ក្លាយជា​អ្នកមាន​ឡើយ ប៉ុន្តែ​រឿង​មួយ​ដែល​ខ្ញុំ​អាចធ្វើ​បានល្អ​ជាង​នេះ​គឺ​ចូល​និវត្ត​ន៍បាន​ឆាប់​។ ខ្ញុំ​គិតថា ថ្ងៃ​ណាមួយ​ឆាប់ៗ​នេះ ខ្ញុំ​នឹង​ត្រឡប់​ទៅ​បង្រៀន​វិញ​»។ 
 
​តាមពិតទៅ​លោក ជេ​ក ម៉ា កើត​នៅក្នុង​ឆ្នាំ ១៩៦៤ នៅ​ទីក្រុង Hangzhou ។ ដោយសារ​មានចិត្ត​ចង់​ចេះ​ចង់ដឹង​ភាសា​អង់គ្លេស លោក ជេ​ក ម៉ា ចំណាយ​ពេលវេលា​ច្រើន​ធ្វើ​ការងារ​ជាមួយ​ជនបរទេស​ក្នុងនោះ​មាន​ធ្វើ​ការងារ​ជា​អ្នក​នាំ​ភ្ងៀ​វ​ទេសចរ​ផង​។ បន្ត​មក លោក​បានសម្រេច​ចូល​សិក្សា​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​គ្រូ Hangzhou ដើម្បី​សិក្សា​បរិញ្ញាបត្រ​ភាសា​អង់គ្លេស ហើយ​បានបញ្ចប់​ការសិក្សា​ឆ្នាំ ១៩៨៨​។ 
 
​ដើមឆ្នាំ ១៩៩០ លោក​បានចាប់ផ្តើម​ការ​ងារ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ហើយ​លោក​បាន​រៀនសូត្រ​ស្វែងយល់​ច្រើន​ដែរ​ពី​បច្ចេកវិទ្យា​ជាពិសេស​អ៊ី​ធឺ​ណិ​ត​។ អំឡុង​ឆ្នាំ ១៩៩៧ លោក​បានធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ជា​ញឹកញាប់​ដើម្បី​រៀនសូត្រ​បន្ថែម​ពី​បច្ចេកវិទ្យា​អ៊ីនធឺណិត​នេះ មុនពេល​លោក​ចាប់ផ្តើម​រៀបចំ​ក្រុមហ៊ុន​អា​លី​បា​បា​នៅ​ឆ្នាំ ១៩៩៩ និង​បន្ត​ក្លាយជា​មហា​សេដ្ឋកិច្ច​ម្នាក់​ដែលមាន​ទ្រព្យ​ច្រើន​បំផុត​នៅក្នុង​ប្រទេស​ចិន​ដល់​សព្វថ្ងៃ​។ បើតាម​ទស្សនា​វ​ដ្តី Times លោក ជេ​ក ម៉ា មានទ្រព្យ​ប្រហែល ៣៧, ៦ ពាន់​លាន​ដុល្លារ​ទ្រព្យ​របស់​ក្រុមហ៊ុន​លោក​មាន​ទំហំ​រហូតដល់ ៤២០,៨ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​
 
​ជេ​ក ម៉ា ៖ សេដ្ឋី​ចិនដំបូង​ដែលចូល​និវត្តន៍​ទាំង​វ័យក្មេង​?
 
​តាមពិតទៅ លោក ជេ​ក ម៉ា ជា​មហាសេដ្ឋី​ចិន​ម្នាក់​ក្នុងចំណោម​សហគ្រិន​ជំនាន់​ថ្មី​ដែល​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ស្របពេល​ដែល​ចិន​បើក​ចំហរទ្វារ​ធ្វើ​ពាណិជ្ជកម្ម និង​ទទួលយក​យុគសម័យ​ឌីជីថល​ក្នុង​រយៈពេល​តិចជាង​មួយ​ទសវត្សរ៍​។ 
 
​ក្រុមហ៊ុន​របស់លោក​មា​ន​ឈ្មោះ​បោះ​សំឡេង​និង ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ខ្នាត​យក្ស​ដូចជា Tencent, Baidu និង JD.com ស្រដៀង​នឹង​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មាន Facebook និង Google ដែរ​។​
 
​ការប្រកាស​ចូល​និវត្ត​ន៍របស់លោក ជេ​ក ម៉ា ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​សាធារណជន​ទូទៅ​។ លោក​ទើប​មាន​វ័យ​ជាង ៥០​ឆ្នាំ​ប៉ុណ្ណោះ​ពេល​លោក​សម្រេចចិត្ត​ចាក​ចេញពី​ជំនួញ ហើយ​ខ្លះ​ចាត់ទុកថា វា​មិនមែនជា​រឿង​សាម​ញ្ញា​ឡើយ​។ មិន​សាម​ញ្ញា​ត្រង់​ថា អ្នកជំនួញ​ជោគជ័យ​ភាគច្រើន​នៅ​ចិន​គឺ​ចំណាយពេល​ស្ទើរ​ពេញ​មួយជីវិត​ដើម្បី​ប្រមូល​លុយ​ពី​ជំនួញ​របស់ខ្លួន​។ ដូច​ឃើញស្រាប់​ឃើញ មហាសេដ្ឋី​ហុង​កក់ Li Ka-shing ទើប​ចូល​និវត្ត​ន៍កាលពី​ខែឧសភា​កន្លងទៅ​នៅពេល​លោក​មាន​វ័យ ៨៩​ឆ្នាំ​ទៅហើយនោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com