អន្តរជាតិ
វៀតណាម ស្នើ​ជំនួយ​បន្ថែម​ពី​ជប៉ុន​ដើម្បី​លើកស្ទួយ​វិស័យ​ដែនសមុទ្រ និង​បរិស្ថាន​
09, Sep 2018 , 9:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានស្នើ​ជំនួយ​ពី​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ត្រង់ៗ​លើ​ការស្រាវជ្រាវ​ដែនសមុទ្រ និង​ការការពារ​បរិស្ថាន​។ ក្រុង​ហាណូយ បាន​សរសើរ​ពី​បច្ចេកវិទ្យា និង​បទពិសោធន៍​ល្អប្រសើរ​របស់​ក្រុង​កូ​ត្យូ​លើ​វិស័យ​ទាំងពីរ​នេះ ដែល​ខ្លួន ត្រូវការ​បន្ថែម​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​។​

 
​នា​ជំនួប​កាលពីដើម​សប្តាហ៍​កន្លងទៅ​ជាមួយនឹង​ជា​រដ្ឋមន្ត្រី​ជប៉ុន​ទទួលបន្ទុក​គោលនយោបាយ​ដែន​ស​មុ ទ្រ លោក Fukui Teru លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម Trịnh Đình Dũng បាន​សរសើរ​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ថា កាន់តែ​រឹងមាំ និង​រីកចម្រើន ជាពិសេស​នោះ ជប៉ុន កាន់តែ​ដើរតួនាទី​កា​សំខាន់ និង​ច្រើន​នៅក្នុង​សេដ្ឋកិច្ច​របស់​វៀតណាម​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News លោក​ឧបនាយករដ្ឋមន្ត្រី ក្នុងជំនួប​នោះ បាន​លើកឡើងថា ជប៉ុន បាន​នាំមុខគេ​ក្នុងនាម​ជា​ដៃគូ​ដៃ​សេដ្ឋកិច្ច​របស់​វៀតណាម លើ​ការ​ផ្តល់ជំនួយ​អភិវឌ្ឍ​ផ្លូវការ (ODA) , ការវិនិយោគ ,​ផ្នែក​ទេសចរណ៍ និង​ការវិនិយោគ​ជាដើម​។​
 
​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដែ​ន​សមុទ្រ​វិញ លោក​ឧបនាយករដ្ឋមន្ត្រី បាន​កត់សម្គាល់ថា​ការគ្រប់គ្រង​ដែនសមុទ្រ​វៀតណាម កាន់​តែមាន​ភាពល្អប្រសើ​រ ក្រោម​ជំនួយ​ពី​ជប៉ុន​ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារ​។ តែ​យ៉ាងណា មន្ត្រីជាន់ខ្ពស់​វៀតណាម​រូបនេះ អះអាងថា ជំនួយ​ទាំងនោះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះទេ​សម្រាប់​វៀតណាម ក្នុងការ​ពង្រឹង​វិស័យ​ដែនសមុទ្រ​របស់ខ្លួន​។​
 
​ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​វៀតណាម​រូបនេះ បានស្នើ​ជំនួយ​បន្ថែម​ពី​ជប៉ុន​ត្រង់ៗ​ពាក់ព័ន្ធ​នឹង​បទពិសោធន៍​ផ្នែក​គ្រប់គ្រង​ដែនសមុទ្រ , ការប្រមូល​កាកសំណល់​ពី​ដែនសមុទ្រ និង​ការទប់ស្កាត់​ការបំផ្លាញ​ជីវៈចម្រុះ​នៅក្នុង​សមុទ្រ​។  
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ តំណាង​រដ្ឋាភិបាល​ជាន់ខ្ពស់​ជប៉ុន ក៏បាន​ប្រាប់​ភាគី​វៀតណាម​វិញ​ផងដែរ​ថា រដ្ឋាភិបាល​ជប៉ុន បានចាត់ទុក​វៀតណាម​ជា​ដៃគូ​ពិសេស​មួយ​ក្នុងការ​កិច្ចសហប្រតិបត្តិការ ជាពិសេស​នោះ​លើ​ការស្រាវជ្រាវ​ដែនសមុទ្រ ហើយ​ជប៉ុន ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​លើ​គោលនយោបាយ​ដែនសមុទ្រ​ជាមួយនឹង​វៀតណាម​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ក្លាយជា​រដ្ឋ​អ្នកមាន​ដោយសារ​សមុទ្រ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com