អន្តរជាតិ
វេ​ណេ​ស៊ុយ​អេ​ឡា​ថ្កោលទោស រដ្ឋបាល​អាមេរិក​ដែល​លួច​ត្រៀម​រៀប​គម្រោង​រដ្ឋប្រហារ​ជាមួយ​ក្រុម​យោធា​
10, Sep 2018 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ចុង​សប្តាហ៍​នេះ វេ​ណេ​ស៊ុយ​អេ​ឡា​ថ្លែងការណ៍​ទិតៀន​អាមេរិក​ដោយ​ការខឹង​សម្បារ​ខ្លាំង ក្រោយ​បាន​លឺដំណឹង​ថា រដ្ឋបាល​អាមេរិក​លួច​ពិភាក្សា​រៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ​ជា​ក្រុម​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ចង់​ទម្លាក់​ប្រធានាធិបតី​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ពី​តំណែង​។


 
​នា​ថ្ងៃអាទិត្យ​ទី ៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ស៊ុយ​អេ​ឡា​បានចេញ​មុខ​ថ្កោលទោស​សហរដ្ឋអាមេរិក​ចំៗ ដោយ​ចោទប្រកាន់ថា អាមេរិក​គាំទ្រ​គម្រោង​ធ្វើ​រដ្ឋប្រហារ​របស់​ក្រុម​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា​។ 
 
​រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ស៊ុយ​អេ​ឡា Jorge Arreaza បាន​ថ្លែង​ដូច្នេះ​៖ «​យើង​ថ្កោលទោស​គម្រោង​អន្តរាគមន៍ និង​ការគាំទ្រ​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ក្រុម​យោធា​ដែលមាន​ផែន​ការធ្វើ​រដ្ឋប្រហារ »​។ 
 
​ប្រតិកម្ម​តប​ទាំង​ខឹងសម្បារ​នេះ​ធ្វើឡើង​ក្រោយពេល​ដែលមាន​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន New York Times ថា វា​មានការ​ប្រជុំ​ជាសម្ងាត់​រវាង​មន្ត្រីរដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ជាមួយ​មន្ត្រី​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​រក​វិធី​ទម្លាក់​មេដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​លោក ម៉ា​ឌុយ​រ៉ូ​។ 
 
​កាសែត​អាមេរិក​នេះ​បាន​ចុះ​សម្ភាស​ជាមួយ​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​លោក ត្រាំ និង​អតីត​បញ្ជាការ​កងទ័ព​វេ​ណេ​ស៊ុយ​អេ​ឡា​ផងដែរ​ដែល​សរុប​ទាំងអស់​មាន​គ្នា​រហូតដល់ ១១ នាក់​ឯណោះ​។ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា វា​ជា​របាយការណ៍​ដែល​គួរ​ឲ្យ​ទុកចិត្ត​កម្រិតណា​ឡើយ​។ 
 
​អ្នកសារព័ត៌មាន New York Times បាន​អះអាងថា កិច្ចប្រជុំ​រក​វិធី​រៀបចំ​រដ្ឋប្រហារ​នេះ​កើតឡើង​ក្រោយពេល​លោក ត្រាំ បាន​ថ្លែង​ក្នុង​ខែសីហា​ថា លោក​មិន​បោះបង់ចោល​ការប្រើប្រាស់​វិធានការ​យោធា​ដើម្បី​ប្រ​ឆាំ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ​ឡើយ​ក្នុងការ​ដោះស្រាយ​វិបត្តិ​ដែល​កើតឡើង​បច្ចុប្បន្ន​។​
​ក្រោយ​មានការ​ចុះផ្សាយ​ព័ត៌មាន​នេះ មន្ត្រី​លោក ត្រាំ មិនបាន​ប្រកាស​ជា​ផ្លូវការ​បដិសេធ ឬ​ទទួលស្គាល់​បញ្ហា​នេះ​ទេ​។ 
 
​ជានិច្ច​ជា​កាល រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ តែងតែ​ចោទប្រកាន់​រដ្ឋាភិបាល​អាមេរិក​ថា បានរៀបចំ​គម្រោង​ផ្តួលរំលំ​របប​ដឹកនាំ​លោក​។ ចំណែក​អាមេរិក​វិញ​នោះ​តែងតែ​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​ចង់​ឲ្យ​វេ​ណេ​ស៊ុយ​អេ​ឡា​ត្រឡប់​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ​វិញ​តាម​សន្តិវិធី ហើយ​គោលជំហរ​នេះ​មិន​ប្រែប្រួល​ឡើយ​។ 
 
​អ្នកនាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក Garrett Marquis បាន​និយាយ​ដូច្នេះ​៖ «​ដំណោះស្រាយ​ចុងក្រោយ​សម្រាប់​ស្ថានភាព​ដ៏​អាក្រក់​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​គឺ កើតឡើង​ក្រោយ​ការស្តារ​ឡើ​វិញ​នៃ​អភិបាលកិច្ច​ដែល​ពឹង​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ផងដែរ​»៕ 
 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  រដ្ឋប្រហារ​យោធា
© រក្សាសិទ្ធិដោយ thmeythmey.com