អន្តរជាតិ
ទី​ម័​រ​ខាងកើត​ទទូច​ឲ្យ​រដ្ឋ​សមាជិក UN ប្រើ​ច្បាប់​អន្តរជាតិ​ដោះស្រាយ​ជម្លោះដែនសមុទ្រ​អន្តរជាតិ​
02, Oct 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទី​ម័​រ​ខាងកើត​បាន​លើកសរសើរ​អង្គការសហប្រជាជាតិ​ដែល​បន្ត​តួនាទី​សំខាន់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ខ្លួន​កន្លងមក​ទាំង​ពេល​ទាមទារ​ឯករាជ្យ និង​បញ្ចប់​ជម្លោះ​សមុទ្រ​ដ៏​ស្មុគស្មាញ​ជាមួយ​អូស្ត្រាលី​ផង​។ រដ្ឋ​ក្មេងខ្ចី​មួយ​នេះ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ដទៃ​ដែលមាន​ជម្លោះ​នាំគ្នា​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ជាពិសេស​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​ដោះស្រាយ​ជម្លោះ​ដែនទឹក​អន្តរជាតិ​រៀងៗ​ខ្លួន​ដែរ​។


 
​ក្នុងពេល​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៣ តំណាង​ពិសេស​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​លោកស្រី Maria Helena Pires បានលើកឡើង​ពី​សមិទ្ធផល​នានា​ដែល​អង្គការសហប្រជាជាតិ​សម្រេច​បានជា​ប្រយោជន៍​សម្រាប់​សហគមន៍​អន្តរជាតិ ជាពិសេស​ទី​ម័​រ​ខាងកើត​ដែលជា​រដ្ឋ​ក្មេងខ្ចី​ទាន់​ខ្សោយ​មួយ​នោះ​។​

អត្ថបទទាក់ទង

 
​លោកស្រី Helena Pires បាន​និយាយថា ទ័​រ​ខាងកើត​ជា​ឧទ​ហរ​ណ៍​ជាក់ស្តែង​ដែល​អាច​បញ្ជាក់បាន​ថា អង្គការសហប្រជាជាតិ​មានលទ្ធភាព និង​សមត្ថភាព​ពេញលេញ​ក្នុង​ការជួយ​ដោះស្រាយ​ជម្លោះ​និង​ការប្រឈមមុខ​ដាក់គ្នា​លើ​ឆាក​អន្តរជាតិ​។ បើតាម​សុន្ទរកថា​លោកស្រី អង្គការសហប្រជាជាតិ​នេះហើយ​ជួយ​ទី​ម័​រ​បញ្ចប់​ជម្លោះ និង​ប្រកាស​ឯករាជ្យ​ពី​ឥណ្ឌូណេស៊ី​កាលពី ១៦​ឆ្នាំមុន ហើយក៏​បន្ត​ជួយ​ទ័​រ​ខាងកើត​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ជាមួយ​អូស្ត្រាលី​ទៀត​។​
 
«​ជា​រឿង​ដែល​គ្មាន​ការសង្ស័យ​ឡើយ ទី​ម័​រ​ខាង​កើតជា​ឧទាហរណ៍​មួយ​ដ៏​ចម្បង​ដែល​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​សណ្ដាប់ធ្នាប់​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។ ឆ្នាំក្រោយ​ជា​ខួប ២០​ឆ្នាំ​នៃ​ការបង្កើត​ស្ថាប័ន​ប្រឹក្សា​យោបល់​ប្រជាពលរដ្ឋ​ដែល​រៀបចំឡើង​ដោយ​អង្គការសហប្រជាជាតិ​ដែល​កាលនោះ​ប្រជាជន​យើង​បាន​បោះឆ្នោត​យ៉ាង​ក្លៀវក្លា​ជ្រើស​រើសយក​ឯករាជ្យ​»​។ លោកស្រី  Helena Pires បញ្ជាក់​ដូច្នេះ​។ 
 
​តំណាង​ពិសេស​រូបនេះ​ពន្យល់​បន្ថែម​ដែរ​ថា ដោយសារ​ការដឹកនាំរ​បស់​អង្គការសហប្រជាជាតិ​នេះ ទី​ម័​រ​ខាងកើត​នៅ​បន្ត​ទទួល​ប្រយោជន៍​ច្រើន​ជាពិសេស​អាច​ដោះស្រាយ​ជម្លោះ​បាន​ដោយ​សន្តិវិធី និង​មាន​ប្រសិទ្ធភាព​។ ក្នុងនោះ​មានការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ដ៏​ស្មុគស្មាញ​ជាមួយ​អូស្ត្រាលី​នៅក្នុង​ឆ្នាំនេះ​។ 
 
«​ថ្មីៗ​នេះ អង្គការសហប្រជាជាតិ​បាន​ដើរតួនាទី​ធំ​ម្តងទៀត​ក្នុងការ​កំណត់​អនាគត​ទី​ម័​រ​ខាងកើត​។ ជា​លើកដំបូង​ហើយ​ដែល​គណៈកម្មការ​ផ្សះផ្សា​ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ ក្រោម​អនុ​ញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) បាន​សម្រេចបាន​ដំណោះស្រាយ​វិជ្ជមាន​មួយ​សម្រាប់​បញ្ចប់​ជម្លោះ​រវាង​ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី​ក្នុងការ​កំណត់ព្រំដែន​សមុទ្រ​»​។​
 
​ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី​បាន​ព្រមព្រៀង​សម្រេច​ចុះសន្ធិសញ្ញា​រួមគ្នា​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក ដោយមាន​ការចូលរួម​ពី​សំណាក់​អគ្គលេខាធិការ​អង្គ​សហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres)​។  ជម្លោះ​នេះ​ត្រូវបាន​ដោះស្រាយ​ដោយ​ការប្រើប្រាស់​យន្តការ​ផ្សះផ្សា​ជា​លើកដំបូង​បំផុត​ស្របតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២​។​
 
​សន្ធិសញ្ញា​ទ្វេភាគី​នេះ​អាច​កំណត់​បែងចែក​បាន​ច្បាស់​ពី​កម្មសិទ្ធិ​របស់​ភាគី​ទាំងពីរ​លើ​តំបន់​ដែល​សម្បូរហូរហៀរ​ដោយ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​នៅ​សមុទ្រ​ទី​ម័​រ រួមទាំង​តំបន់ Greater Sunrise​។ 
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថា តំបន់ Greater Sunrise ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ឆ្នាំ ១៩៧៤ ហើយ​គេ​ធ្លាប់​វាយតម្លៃថា តំបន់​នេះ​អាច​នឹងមាន​ធនធាន​ដែលមាន​តម្លៃ​ចន្លោះ​ពី ៤០ ទៅ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ស្ថិតនៅ​ចម្ងាយ ១៥០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ប្រទេស​ទី​ម័​រ និង​ស្ថិតនៅ​ចម្ងាយ ៤៥០ គីឡូម៉ែត្រ​ពី​ក្រុង Darwin ប្រទេស​អូស្ត្រាលី​។ 
​បច្ចុប្បន្ន គេ​វាយតម្លៃថា គ្រាន់តែ​ឧស្ម័ន​នៅ​ទីនោះ​អាចមាន​តម្លៃ​រហូតដល់ ៥៣ ពាន់​លាន​ដុល្លារ​ឯណោះ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​សន្ធិសញ្ញា​នេះ​អាច​នឹង​ក្លាយជា​ច្រកទ្វារ​សម្រាប់​ជួយ​ឲ្យ​ទី​ម័​រ​ខាងកើត​ដែលជា​ប្រទេស​ក្រ​បំផុត​មួយ​នៅ​អាស៊ី​នោះ​អាច​ពង្រឹង​សេដ្ឋកិច្ច​របស់ខ្លួន​បាន​ច្រើន​ផងដែរ​។​
 
​ត្រឡប់មកវិញ តំណាង​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត​បានចាត់ទុក​យន្តការ​ដោះស្រាយ​ជម្លោះ​ដែល​ត្រូវបាន​បង្កើតឡើង​នោះ​ជា​យន្តការ​គម្រូ​សម្រាប់​ដោះស្រាយ​ជម្លោះ​ផ្សេងទៀត​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​ដែរ​។ ទី​ម័​រ​ខាងកើត​ក៏បាន​អំពាវនាវ​ទៅកាន់​បណ្តា​ប្រទេស​ទាំងអស់​ជា​សមាជិក​អង្គការសហប្រជាជាតិ​ឲ្យ​ជ្រើស​រើសយក​ច្បាប់ និង​យន្តការ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​កើតមាន​ដូចគ្នា​។​
 
«​ទី​ម័​រ​ខាងកើត​ជំរុញ​ឲ្យ​រដ្ឋ​ដ៏ទៃទៀត​ពិចារណា​ប្រើប្រាស់​វិធានការ​ទាំងនេះ​ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ដោយ​សន្តិវិធី​។ យើង​ជឿជាក់ថា វិធានការ​នេះ​នឹង​អាចមាន​លទ្ធភាព​ជួយ​បញ្ចប់​ភាព​តានតឹង​ក្នុង​សមុទ្រ​របស់​យើងទាំងអស់គ្នា​»៕

 

Tag:
 UNGA
  ទី​ម័​រ​ខាងកើត​
  អូស្ត្រាលី​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com