អន្តរជាតិ
២០១៨៖ វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ធ្វើ​ឲ្យ​សាប​រលាប​កេរ្តិ៍ឈ្មោះ​«​មាតា​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី​»
31, Dec 2018 , 9:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
​គិត​ចាប់ពី​វិបត្តិ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​បាន​ផ្ទុះឡើង​ជាង​មួយឆ្នាំ​នេះ​មក កេរ្តិ៍ឈ្មោះ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បាន​កសាង​ក្នុងពេល​តស៊ូ​ជាមួយនឹង​របប​ផ្តាច់ការ​យោធា​មី​យ៉ាន់​ម៉ា ហាក់​កាន់តែ​សាបរលាប​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ថែមទាំង​បាន​បាត់បង់​ពាន​កិត្តិយស​ដែល​សហគមន៍​អន្តរជាតិ​ធ្លាប់​ផ្តល់​ឲ្យ​ទៀត​។​

 
​គ្រាន់តែ​នៅក្នុង​ឆ្នាំ​២០១៨ លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​បាត់បង់​ពាន​កិត្តិយស​ជាច្រើន​ជា​បន្តបន្ទាប់ ដែល​លោកស្រី ធ្លាប់បាន​តស៊ូ តាមរយៈ​ការតស៊ូ​មតិ សិទ្ធិមនុស្ស និង​ចលនា​នាំ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​វិល​ត្រលប់​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ​។ លោកស្រី ត្រូវបាន​ម្ចាស់​ពាន ចោទប្រកាន់ថា មិនមាន​សកម្មភាព​ពិតប្រាកដ​ក្នុងការ​ជួយសង្គ្រោះ​ជនភៀសខ្លួន​ប្រមាណ​ជាង​កន្លះ​លាន​នាក់​។​
 
​ពានរង្វាន់​ដែល​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បាត់បង់ បន្ទាប់ពី​វិបត្តិ​ជនភៀសខ្លួន​ផ្ទុះឡើង​នោះ មានដូចជា​ពានរង្វាន់​ដែល​ផ្តល់​សកល​វិទ្យាល័យ​ល្បី​នៅក្នុង​ចក្រ​អង់គ្លេស អាមេរិក និង​ពាន​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ទៀតផង​។ សូម្បីតែ​រូបថត​របស់​លោកស្រី ដែល​ធ្លាប់​ត្រូវ​បានដាក់​បង្ហាញ​ក្នុង​សកល​វិទ្យាល័យ​ល្បី​នៅ​អង់គ្លេស ក៏ត្រូវ​បាន​គេ​ដកចេញ​ទៀតផង​។ 
 
​តែ​យ៉ាងណា សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​វិញ គណៈកម្មាធិការ​វាយតម្លៃ មិនមាន​គម្រោង​ដកហូត​វិញ​ឡើយ​។ ពាន​នេះ ពាន​ដ៏​មានតម្លៃ​របស់​ពិភពលោក និង​សម្រាប់​លោកស្រី​ទៀតផង ដ្បិត​វា គឺជា​សមិទ្ធផល​មួយ​ដ៏​ធំ​បំផុត​របស់​លោកស្រី ក្នុង​ការកសាង​សង្គម​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​។  
 
​តាមពិតទៅ វិបត្តិ​ជនភៀសខ្លួន ដែល​ផ្ទុះ​ចេញពី​ហិង្សា​នៅក្នុង​រដ្ឋ​រ៉ា​ខាន រវាង​ក្រុម​ប្រជាជន​ភាគច្រើន​របស់​ពុ​ទ្ធ​សាសនិក និង​ក្រុម​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា មិនមែន​ទើបតែ​កើតឡើង​ក្នុង​ឆ្នាំ​២០១៧​នោះទេ​។ វិបត្តិ​នេះ ធ្លាប់​កើតឡើង​ច្រើនលើកច្រើនសារ​មកហើយ ក្នុង​រដ្ឋាភិបាល​អាណត្តិ ដែល​មិន​ព្រម​ធានា​ពី​ដំណោះស្រាយ​ជាក់លាក់ និង​ពិតប្រាកដ​។
​ក៏ប៉ុន្តែ​នៅពេលដែល​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​បក្ស​កាន់អំណាច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី សហគមន៍​អន្តរជាតិ បានដាក់​គំនាប​ដល់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​បន្តបន្ទាប់​តាមរយៈ​ការដក​ពានរង្វាន់​ពី​លោកស្រី និង​ថ្កោលទោស​លើ​លោកស្រី​។ ហើយ​នោះ ក៏​ព្រោះតែ លោកស្រី ធ្លាប់តែ​ជា​អ្នកតស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម តែ​ពេលនេះ បាន​ដឹកនាំ​រដ្ឋាភិបាល លោកស្រី ហាក់​មិនសូវមាន​សកម្មភាព​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទៅវិញ​។ 
 
​នេះ ក៏​មិនអាច​បន្ទោស​លោកស្រី អ៊ុង​សាន បានឡើយ ពីព្រោះ​ឥទ្ធិពល​យោធា​នៅក្នុង​រដ្ឋាភិបាល​នៅ​ខ្លាំង ខណៈ​មី​យ៉ាន់​ម៉ា​ក៏​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ប​ង្រួ​ប​បង្រួម​ជាតិ ក្រោយពី​ទទួលបាន​ឯករាជ្យ​ច្រើន​ទសវត្សរ៍​ហើយ​នោះ តែ​នៅ​មិនទាន់​អាច​ធានាបាន​ពី​សន្តិសុខ និង​សន្តិភាព​ពិតប្រាកដ​ជូន​ប្រជាជាតិ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com