អន្តរជាតិ
អ្វីខ្លះ​ជា​ព្រឹត្តិការណ៍​សំខាន់ៗ​ប្រចាំឆ្នាំ ២០១៨ ក្នុង​តំបន់​អាស៊ាន​?
31, Dec 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ឆ្នាំ ២០១៨ នាំមក​នូវ​ជាមួយ​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​នៅក្នុង​តំបន់​អាស៊ាន​កន្លងមក ហើយ​ព្រឹត្តិការណ៍​ខ្លះ​អាច​អង្រួន​ពិភពលោក​ផង​។  ពី​ក្មេង​ថៃ​ជាប់​ក្នុង​រូងភ្នំ Tham Luang រហូតដល់​ការ​ត្រឡប់​ចូល​នយោបាយ​ជាថ្មី​របស់​មេដឹកនាំ​ម៉ាឡេស៊ី​វ័យ ៩៣​ឆ្នាំ លោក មហា​ធៀ មហាម៉ាត់ ដល់​ការចាប់ផ្តើម​អនុវត្ត​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​ជា​ផ្លូវការ​ដើម្បី​ជំរុញ​វិបុលភាព និង​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព​។ សារព័ត៌មាន​ថ្មីៗ​សូម​លើកយក​ព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួន​នៅ​អាស៊ាន​ជូន​មិត្ត​អ្នកអាន​បាន​ជ្រាប​ក្នុង​ឆ្នាំ ២០១៨​នេះ​៖

 
-​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​
​ឆ្នាំ ២០១៨ មេដឹកនាំ​អាស៊ាន​ទាំង​ដប់​នឹង​អនុម័ត​យក ផែនការ​គោល​ស្តីពី​បណ្តាញ​ទីក្រុង​ឆ្លាត​របស់​អាស៊ាន (ASCN) ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ នៅ​សិង្ហ​បុរី​។ គំនិត​ផ្តួចផ្តើម​ទីក្រុង​ឆ្លាត​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​សិង្ហ​បុរី​ដែលជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ ២០១៨​នេះ ហើយ​វា​មាន​គោលដៅ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​សម្រួល និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាស៊ាន​ទាំង ៦០០​លាន​នាក់​។ វា​នឹង​ជំរុញ​ការ សហការគ្នា​ដើម្បី​អភិវឌ្ឍ​ផែនការ​សកម្មភាព​សម្រាប់​ទីក្រុង​ឆ្លាត​, ចែករម្លែក​បទពិសោធ​ន៍ ក្នុងការ​អភិវឌ្ឍ​ទីក្រុង​របស់ខ្លួន និង​ប្រមែរ​ប្រមូល​ហរិញ្ញវត្ថុ​ពី​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​ឬ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍ​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​នៃ​ទីក្រុង​ឆ្លាត​ផងដែរ​។​
​ក្នុង​ជំហាន​ដំបូង ទីក្រុង​ចំនួន ២៦ ត្រូវបាន​គេ​ដាក់​ក្នុង​គម្រោង​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​នេះ​។ ក្នុងចំណោម​ទីក្រុង​ទាំងនោះ ទីក្រុង​បី​របស់​កម្ពុ​ជាមាន​សៀមរាប បាត់ដំបង​និង​រាជធានី​ភ្នំពេញ​ក៏ ស្ថិតក្នុង​គម្រោង​ទីក្រុង​ឆ្លាត​នេះដែរ​។​
 
-​ក្មេង​ក្រុមបាល់ទាត់​ថៃ​ជាប់​ក្នុង​រូងភ្នំ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​ពិភពលោក​
​ក្មេងប្រុស​ដែលមាន​អាយុ​ចន្លោះ​ពី ១១​ទៅ​១៦​ឆ្នាំ​និង​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​សមាជិក​ក្រុមកីឡា​បាល់ទាត់​ជ្រូកព្រៃ (Wild Boars) បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ២៣ ខែមិថុនា ពេល​ចូលទៅក្នុង​រូងភ្នំ Tham Luang Nang Non ដែលមាន​ប្រវែង ១០ គីឡូម៉ែត្រ ស្ថិតក្នុង​ស្រុក​ម៉ៃ​សៃ ខេត្ត​ឈាង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​។ ករណី​បាត់​ខ្លួន​ដ៏​អាថ៌កំបាំង​នេះ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ពិភពលោក ហើយ​ក្រុម​អ្នករុករក​ថ្នាក់ជាតិ និង​អន្តរជាតិ​រហូតដល់​ជាង​១០០០​នាក់​រួម​មានមក​ពីស​ហ​រដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ជប៉ុន ចិន រួមទាំង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​ក្មេងៗ​ទាំង​នោះដែរ​។ 
 
​ថ្ងៃទី​៨ ខែកក្កដា ក្រុម​សង្គ្រោះបាន​រកឃើញ និង​ជួយ​កុមារ​៤​នាក់​ដំបូង​ចេញពី​រូងភ្នំ ហើយ​នៅ​ថ្ងៃទី​៩ ខែកក្កដា ក្រុម​សង្គ្រោះ​ជួយ​បាន​កុមារ​៤​រូប​បន្ថែមទៀត​។ ប្រតិបត្តិការ​ថ្ងៃ​ចុងក្រោយ​ថ្ងៃទី​១០ ខែកក្កដា កុមារ​ដែល​នៅសល់​៤​រូប និង​គ្រូបង្វឹក​របស់​ពួកគេ​ត្រូវយក​ចេញពី​រូង​ទាំងអស់​ដោយ​ជោគជ័យ​។​
 
-​មហា​ធៀ លេចមុខ​ជាថ្មី​ក្រោយ​ចាក​ចេញពី​នយោបាយ​អស់ ១៥​ឆ្នាំ​
​ប្រជាជន​ម៉ាឡេស៊ី​បាន​បោះឆ្នោត​សភា​លើក​ទី ១៤ កាលពីដើម​ខែឧសភា​ដោយ​ទម្លាក់​បក្ស​កាន់អំណាច​Barisan Nasional ដឹកនាំ​ដោយ​លោក ណា​ជីប រ៉ា​ហ្សា​ក់ និង​ជ្រើស​រើសយក​សម្ព័ន្ធ​បក្សប្រឆាំង សម្ព័ន្ធ​នៃ​ក្តីសង្ឃឹម Pakatan Harapan ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក មហា​ធៀ មហាម៉ាត់​។  
 
​ជ័យជម្នះ​នេះ​នាំ​ឲ្យ​ខ្លា​ចាស់​លោក មហា​ធៀ វ័យ​៩៣​ឆ្នាំ ត្រឡប់​ចូល​ជីវិត​នយោបាយ​ជាថ្មី​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ទី​ប្រាំពីរ ក្រោយ​បាត់​មុខ​អស់​១៥ ឆ្នាំ​គត់ ហើយ​លោក​ក៏​ជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ​លើ​ពិភពលោក​ដែរ​។ ក្រោម​កិច្ចព្រមព្រៀង​ក្រោម​សម្ព័ន្ធ​នយោបាយ មហា​ធៀ ក៏ត្រូវ​ផ្ទេរអំណាច​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​អតីត​សត្រូវ​ចាស់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ក្នុងពេល​យ៉ាងយូរ​ពីរ​ឆ្នាំ​ខាងមុខ​ដែរ​។ 
 
​តាមពិត មហា​ធៀ ជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​យូរ​ជាងគេ​របស់​ម៉ាឡេស៊ី ដោយ​ដឹកនាំ​រដ្ឋាភិបាល​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣​។ លោក​ធ្លាប់ជា​សមាជិក​បក្ស​កាន់អំណាច UMNO ប៉ុន្តែ​លោក​សម្រេចចិត្ត​ចាក​ចេញមក​បង្កើត​បក្ស​ខ្លួនឯង​នៅក្នុង​ឆ្នាំ ២០១៥ ដោយសារ​មាន​ជម្លោះ​ជាមួយ​លោក ណា​ជីប ដោយសារ​សំណុំរឿង​ពុករលួយ 1MDB​។ 
 
-​ការបោះឆ្នោត​តំណាងរាស្ត្រ​ដ៏​ចម្រូងចម្រាស​នៅ​កម្ពុជា​
​ដូច​ម៉ាឡេស៊ី ប្រជាជន​កម្ពុជា​បាន​ចូលរួម​ការបោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​ប្រាំមួយ​កាលពី​ខែកក្កដា​។ ថ្វីបើ​ការបោះឆ្នោត​មានដំណើរ​ការ​ដោយ​សន្តិវិធី និង​គ្មាន​ការ​ហិង្សា​ក៏ដោយ ការបោះឆ្នោត​នេះ​បាន​រង​ការរិះគន់​ពី​ប្រទេស​ធំៗ​សមាជិក​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ដោយសារ​គ្មាន​វត្តមាន​បក្សប្រឆាំង​។ 
 
​អាមេរិក​បានចាត់ទុក​ថា ការបោះឆ្នោត​នៅ​កម្ពុជា​គ្មាន​ភាពត្រឹមត្រូវ ដោយ​គ្មាន​វត្តមាន​គណបក្សប្រឆាំង​ដ៏​សំខាន់ ហើយ​វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការដើរថយក្រោយ​យ៉ាងធ្ងន់ធ្ងរ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ដូចជា​បំផ្លាញ​ដល់​ភាពជោគជ័យ​ក្នុងការ​លើកស្ទួយ​ការផ្សះផ្សា​នយោបាយ​និង​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​ចាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ ១៩៩១​មក​ដែរ​។​
 
-​ថៃ​បន្ត​តំណែង​ប្រធាន​អាស៊ាន​ប្តូរ​វេន​ពី​សិង្ហ​បុរី 
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ ថៃ​បានទទួល​តំណែង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ជា​ផ្លូវការ​ពី​សិង្ហ​បុរី​។ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏បាន​នេះ​ប្រកាស​ពី​មូលបទ​ថ្មី​សម្រាប់​អាស៊ាន​ដែលមាន​ថៃ​ជា​ប្រធាន​អាស៊ាន​ដែរ​។  នោះ​គឺ «​ការធ្វើ​ឲ្យ​ជឿនលឿន​នៃ​ភាពជា​ដៃគូ​ដើម្បី​និរន្តរភាព​» (Advancing Partnership for Sustainability)​។ 
 
​មូលបទ​នេះ​មាន​ធាតុ​ផ្សំ​សំខាន់ៗ​បី​។ ទីមួយ​គឺ ការធ្វើ​ឲ្យ​ជឿនលឿន ដែល​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ​អស់ពី​លទ្ធភាព និង​ពង្រឹង​ការប្រកួតប្រជែង​ដែល​អាច​ធានាបាន​នូវ​ការរីកចម្រើន​លូតលាស់​យ៉ាងសកម្ម​។  
 
​ទី​ពីរ​គឺ ភាពជា​ដៃគូ​ដែល​ធានាបាន​នូវ​ការបន្ត​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ដៃគូ ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទាំងមូល​ផង តាមរយៈ​ការពង្រឹង​គោលការណ៍​អាស៊ាន​បូក​មួយ និង​ការកសាង​និម្មាបនកម្ម​តំបន់​ដែលមាន​អាស៊ាន​ជា​ស្នូល​។ ចំណែក​ចំណុច​ទី​បី​គឺ និ​រន្តិភាព​ដែល​សំដៅ​ដល់​ការបន្ត​សហការគ្នា​រវាង​សមាជិក​អាស៊ាន​និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​សេដ្ឋកិច្ច សន្តិសុខ និង​ការអភិវឌ្ឍ​ផងដែរ​។​
 
​អាណត្តិ​ដឹកនាំ​ជា​ប្រធាន​អាស៊ាន​ថ្មី​របស់​ថៃ​នេះ គឺមាន​រយៈពេល​មួយឆ្នាំ​ចាប់ពី​ខែមករា​ដល់​ខែធ្នូ​ឆ្នាំ ២០១៩ ដែល​ក្នុងនោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពីរដង​លើក​ទី ៣៤ និង​លើក​ទី ៣៥​នឹងត្រូវ​រៀបចំឡើង​។ លើក​ទី ៣៤ នឹងត្រូវ​រៀបចំឡើង​នៅក្នុង​អំឡុង​ពាក់កណ្តាល​ខែមិថុនា និង​លើក​ទី ៣៥ អាច​នឹងត្រូវ​រៀបចំឡើង​សប្តាហ៍​ទី ២​នៃ​ខែវិច្ឆិកា​ឆ្នាំ ២០១៩​។​
 
-​អគ្គលេខាធិការ​បក្ស​វៀតណាម បន្ត​ក្តោប​យក​តំណែង​ប្រធានាធិបតី 
​ឆ្នាំ ២០១៨ បាន​បង្កើត​ការប្រែប្រួល​មួយ​ក្នុង​ប្រព័ន្ធ​នយោបាយ​វៀតណាម​ជាពិសេស​ក្រោយ​ការស្លាប់​របស់​ប្រធានាធិបតី ជិន ដៃ​គ័ង (Tran Dai Quang) ជា ដែល​ទទួលមរណភាព​កាលពី​ខែកញ្ញា​។  ដើមខែ​តុលា​បក្ស​កុម្មុយនីស្ត​វៀតណាម​បានសម្រេច​ស្នើ​អគ្គលេខាធិការ​បក្ស​លោក ង្វៀន ភូ​ជុង (Nguyen Phu Trong)​ជា​ប្រធានាធិបតី បន្ថែម​លើ​តំណែង​ដែលមាន​ស្រាប់​។ សភា​បានសម្រេច​អនុម័ត​លើ​សំណើរ​នេះ​ជា​ផ្លូវការ​ចុងខែ​តុលា​។​
 
​នៅ​វៀតណាម អំណាច​ត្រូវបាន​បែងចែក​រវាង​សសរស្ដម្ភ​ទាំង​បួន ប្រធានសភា ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​អគ្គលេខាធិការ​បក្ស​។ ប្រធានាធិបតី និង​ប្រធានសភា​មិនសូវមាន​ឥទ្ធិពល​ខ្លាំង​ទេ​។ ប៉ុន្តែ​លោក ង្វៀន ភូ​ជុង បាន​ក្លាយជា​មេដឹកនាំ​វៀតណាម​ដ៏​មានអំណាច​ជាងគេ​ដោយ​ក្តោប​បាន​តំណែង​ប្រធានាធិបតី​មួយទៀត រាប់​ចាប់ពី​ជំនាន់​លោក ហូ ជី​មិញ ។​
 
-​លេចមុខ​អ្នក​បន្តវេន​ពី​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​
​អ្នកណា​ក៏​ចង់ដឹង​ដែរ​ពី​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី នៅពេលដែល​លោក លី សៀន​ឡុង​ប្រកាសថា លោក​នឹង​ចាក​ចេញពី​តំណែង​ត្រឹម​ការបោះឆ្នោត​អាណត្តិ​ក្រោយ​ឆ្នាំ ២០២០​។ នៅ​ចុងខែ​វិច្ឆិកា បេក្ខជន​នាយករដ្ឋមន្ត្រី​បង្ហាញមុខ​កាន់តែច្បាស់ ពេល​បក្ស​កាន់អំណាច​សកម្មភាព​ប្រជាជន (PAP) បាន​រុះរើ​ក្បាលម៉ាស៊ីន​របស់ខ្លួន​ដោយបាន​បញ្ចូល​មេដឹកនាំ​វ័យក្មេង​ជំនា​ន់ទី​៤ ឲ្យ​កាន់តំណែង​សំខាន់ៗ​។​
 
 រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​លោក ហេង ស្វី​គៀត (Heng Swee Keat) បាន​ក្លាយជា​អគ្គលេខាធិការរង​ទីមួយ​របស់​បក្ស ដែល​នេះ​មានន័យថា លោក​គឺជា​បេក្ខជន​មួយ​ដែល​ត្រូវ​ស្នង​តំណែង​បន្ត​ពី​លោក លី សៀន​ឡុង បើសិនជា​មិនមាន​អ្វី​ប្រែប្រួល​ទេ​។ 
 
​លោក ហេង ស្វី​គៀត ដែលមាន​វ័យ​៥៧​ឆ្នាំ និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​កណ្ដាល (CEC) បានទទួល​បានការ​សិក្សា​នៅ​អាមេរិក​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ​ហា​វឺ​ដ (Harvard) និង​អង់គ្លេស លោក ហេង ផ្ដើម​ការងារ​ជា​ប៉ូលិស និង​ជាម​ន្ត្រី​ស៊ីវិល​។ 

-​ឥណ្ឌូណេស៊ី​រងគ្រោះ​ខ្លាំងជាងគេ​ក្នុង​ឆ្នាំ ២០១៨
 ២០១៨ ជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​ដែលជា​បងធំ​អាស៊ាន​។ អាក្រក់​ត្រង់​ថា ឥណ្ឌូណេស៊ី​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​ជា​ច្រើនដង​បន្តបន្ទាប់ និង​ជួប​ហេតុការណ៍​អាក្រក់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់បាត់​បង់ជីវិត​ផង​។​
 
​រញ្ជួយ​ដី​នៅ​កោះ​ឡំ​បុក​, បន្ត​មកទៀត​មក​មាន​គ្រោះ​ករណី​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​នៅ​ស៊ូ​ឡា​វេ​ស៊ី និង​ចុងក្រោយ​រលក​យក្ស​ស៊ូណាមិ​វាយប្រហារ​កោះ​ស៊ូ​ម៉ា​ត្រា និង ជ្វា​។ 
 
​នៅ​ឡំ​បុក​មនុស្ស​យ៉ាងតិច ៤០​នាក់​បាន​ស្លាប់​កាលពី​ខែសីហា ដោយសារ​រញ្ជួយ​ដី​កម្រិត ៦,៤​រ៉ិ​ច​ទ័​រ​។ ដល់​ខែតុលា គ្រោះ​រញ្ជួយ​ដី​ដ៏​កំណាច អម​ជាមួយ​រលក​យក្ស​ស៊ូណាមិ​មួយ​ផង​នោះបាន​វាយប្រហារ​លើ​កោះ​ស៊ូ​ឡា​វេ​ស៊ី​ដោយ​ឆក់យក​ជីវិត​មនុស្ស​យ៉ាងតិច ១២០០​នាក់​។ មកដល់​ចុងខែ​ធ្នូ ឥណ្ឌូណេស៊ី​រងគ្រោះ​ជាថ្មីទៀត​ដោយសារ​ផ្ទុះ​ភ្នំភ្លើង Anak Krakatoa ឬ ជា​ភាសា​ឥណ្ឌូណេស៊ី Anak Krakatau ដែល​បង្កើតជា​រលក​យក្ស​ស៊ូណាមិ​ផង​។ គ្រោះមហន្តរាយ​នេះ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៤០០​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង ១០០០​នាក់​ផ្សេងទៀត​រងរបួស​នៅ​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ​ជ្វា ។  
 
​ក្រៅពី គ្រោះមហន្តរាយធម្មជាតិ ប្រជាជន​ឥណ្ឌូណេស៊ី​ក៏​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ទៀត​នៅ​ឆ្នាំនេះ​។ ចុងខែ​តុលា យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង ម៉ាក​ប៊ូ​អ៊ីង 737 (Max 8) របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី Lion Air បាន​ធ្លាក់ ពេល​ចាក​ចេញពី​រដ្ឋធានី​ហ្សា​ការ​តា​ទៅកាន់​កោះ Bangka Balitung​។ ដឹក​អ្នកដំណើរ និង​អ្នកបម្រើ​ការងារ​នៅលើ​យន្តហោះ​ចំនួន​សរុប ១៨៩ នាក់​ស្លាប់​ទាំងអស់​ក្នុង​ឧបទ្ទវ​ហេតុនេះ​។​
 
-​ថៃ​ក្លាយជា​រដ្ឋ​អាស៊ាន​ដំបូង​គេ​ដែល​បើក​ឲ្យ​ប្រើប្រាស់​កញ្ឆា​ក្នុង​គោលដៅ​វេជ្ជសាស្ត្រ​
​ចុងឆ្នាំ ២០១៨ ថៃ​បាន​ក្លាយជា​ប្រទេស​ទីមួយ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ក្នុង​ក្របខណ្ឌ​ស្រាវជ្រាវ​សុខាភិបាល និង​ព្យាបាល​ជំងឺ​។ ប៉ុន្តែ​គ្មាន​ការបើកផ្លូវ​ឲ្យ​ប្រជាជន​ប្រើប្រាស់​កញ្ឆា​ក្នុងការ​កម្សាន្ត​ដូច​នៅ​កាណាដា និង​រដ្ឋ​មួយចំនួន​នៅ​អាមេរិក​នោះឡើយ​។ 
 
​តាម​ការវាយតម្លៃ​ក្រៅផ្លូវការ ថៃ​អាច​នឹង​រក​ចំណូល​មិនតិចជាង បី​ពាន់​លាន​ដុល្លារ​ឡើយ​ពី​ការបើក​ឲ្យ​ប្រើប្រាស់​កញ្ឆា​នេះ​។ គេ​រំពឹងថា ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​នឹង​ចាប់ផ្តើម​ដើរ​តាម​ថៃ​ដែរ​នៅ​អនាគត​ខាងមុខ​។  
 
-​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាង​នៅតែ​គ្មាន​ដំណោះស្រាយ​
 ឆ្នាំ ២០១៨ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​កំពុង​ជ្រកកោន​នៅ​បង់​ក្លា​ដែ​ស កើនឡើង​ដល់​លើ​ប្រាំពីរ​សែន​នាក់ ក្រោយ​មានការ​ប្រតិបត្តិ​ការបង្ក្រាប​ដោយ​ក្រុម​យោធា​នៅ​រដ្ឋ Rakhine​។ ប៉ុន្តែ​គ្មាន​ការចាប់ផ្តើម​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់មកវិញ​ទ្រង់ទ្រាយ​ធំ​ឡើយ ទោះជា​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​ស​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ដើមឆ្នាំ ២០១៨​នេះ​ក្តី ព្រោះថា​ប្រជាជន​ទាំង​មិន​ចង់​ត្រឡប់​ទៅវិញ​ឡើយ​។​
 
​ឆ្នាំ ២០១៨ នេះដែរ​ភ្នាក់ងារ​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ​បានចាត់ទុក​យុទ្ធនាការ​ប​ង្រា្ក​បរ​បស់​ក្រុម​យោធា​នៅ​រដ្ឋ Rakhine ថា​ជាការ​បោសសម្អាត​បំបាត់​ជនជាតិភាគតិច​និង​ប្រល័យពូជសាសន៍​ថែមទៀត​៕
 

Tag:
 អាស៊ាន​
  ព្រឹត្តិការណ៍​តំបន់​
© រក្សាសិទ្ធិដោយ thmeythmey.com