អន្តរជាតិ
ត្រាំ សុំ​ជួប​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ដើម្បី​រក​វិធី​បញ្ចប់​ការបិទ​រដ្ឋាភិបាល​
02, Jan 2019 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​មក​ចូលរួម​ប្រជុំ​ដើម្បី​ឈានទៅ​បញ្ចប់​ការបិទ​រដ្ឋាភិបាល​សហ​ព័ន្ធ​បណ្តោះអាសន្ន​ដែល​អូសបន្លាយ​រហូត​ឆ្លង​ចូល​សប្តាហ៍​ទី​ពីរ​ទៅហើយនោះ​។ ទោះ​មាន​កិច្ចប្រជុំ​បែបនេះ គេ​នៅ​មិនទាន់​ដឹងថា ការទាស់ទែង​ខ្វែងគំនិត​គ្នា​រឿង​លុយ​សង់​ជញ្ជាំង​ព្រំដែន​នឹងត្រូវ​ដោះស្រាយ​ឬក៏​អត់​ឡើយ​។


 
 កិច្ចប្រជុំ​រវាង​ប្រធានាធិបតី ជាមួយ​បណ្តា​មេដឹកនាំ​គណបក្ស​ទាំងពីរ​នៅក្នុង​សភា​ទាំងពីរ​ថ្នាក់​នេះ​ធ្វើ​ឡើងជា​លើកដំបូង​បំផុត បន្ទាប់ពី​សភា​ផ្អាក​កិច្ចប្រជុំ​ចុងខែ​ធ្នូ ទុក​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​បិទ​បណ្តោះអាសន្ន​ព្រោះ​ខ្វះ​លុយ​សម្រាប់​ចាយវាយ​។ 
 
​គ្រប់គ្នា​រំពឹងថា លោក ត្រាំ និង​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​អាច​នឹង​រក​ចំណុចរួម​ឲ្យ​បាន​ដើម្បី​ដោះស្រាយ​ចំណុច​ប្រទាំង​ប្រទើស «​លុយ​សង់​ជញ្ជាំង ប្រាំ​ពាន់​លាន​ដុល្លារ​»​ដែល​លោក ត្រាំ ទាមទារ ដើម្បី​ឈានទៅ​បញ្ចប់​ការបិទ​រដ្ឋាភិបាលបណ្តោះអាសន្ន​នេះ​។ ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​នេះ​ឈានដល់​សប្តាហ៍​ទី​ពីរ​ហើយ​។ 
 
​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា គេ​មិនបាន​ដឹងថា អ្នកណាខ្លះ​ត្រូវបាន​អញ្ជើញ ហើយ​អ្នកណាខ្លះ​នឹង​មក​ចូលរួម​ប្រជុំ​នៅ​សេត​វិមាន​ជាមួយ​លោក ត្រាំ​ឡើយ​។ 
​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ឡើងកាន់​កាប់​សភា​តំណាង (House of Representatives) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣​ខែមករា​នោះ​ចង់​ឲ្យ​មាន​ការបើក​រដ្ឋាភិបាល​វិញ​ដោយ​មិនចាំបាច់​ខ្វល់​រឿងចម្រូងចម្រាស​សង់​ជញ្ជាំង​ព្រំដែន​ឡើយ​។ ប៉ុន្តែ​ជាធម្មតា វា​នឹង​ពិបាក​សម្រេច ដ្បិត​វា​ជា​អ្វីដែល​លោក ត្រាំ ទាមទារ​ឲ្យ​ខាងតែបាន​ដែរ​។​
 
​យ៉ាងណាក៏ដោយ លោក ត្រាំ ហាក់​បង្ហាញ​ជំហរ​រឿង​ទន់​ជាង និង​មាន​លក្ខណៈ​ផ្សះផ្សា​ជាង​មុន ដោយសារ​លោក​ចង់​ជំរុញ​ឲ្យ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ត្រឡប់មក​ចូល​តុ​ចរចា​វិញ​ដែរ​។ តាម​សារ សរសេរ​លើ Twitter ចុង​សប្តាហ៍​នេះ លោក ត្រាំ បាន​ប្រាប់​ទៅ​តំណាង​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi ដែល​នឹង​ឡើងជា​ប្រធានសភា​តំណាង​ឲ្យ​ត្រៀម​បង្កើត​កិច្ចព្រមព្រៀង​រួមគ្នា និង​ឈានទៅ​បញ្ចប់​ការបិទ​រដ្ឋាភិបាល​នេះ ព្រោះ​គ្មាន​អ្នកណា​ចង់ឃើញ​ការបន្ត​បិទ​រដ្ឋាភិបាល​បន្ត​អូសបន្លាយ​ឡើយ​។
  
​ស្របពេល​ជាមួយគ្នា​នោះ លោក ត្រាំ ក៏បាន​សង្កត់ធ្ងន់​ឡើងវិញ​ដែរ​ថា ការបន្ត​ប្រឆាំងនឹង​ការសង​សង់​ជញ្ជាំង​មានន័យថា ជាការ​គាំទ្រ​ឲ្យ​បើកចំហ​ព្រំដែន​ទទួល​គ្រឿងញៀន និង​បទឧក្រិដ្ឋ​ផង​។​
 
​មកទល់​ថ្ងៃនេះ ខាង​បក្ស​ប្រជាធិបតេយ្យ​នៅតែ​ចាត់ទុក​ការសង់​ជញ្ជាំង​ដែល​ការសន្យា​របស់លោក​ត្រាំ​ក្នុងពេល​បោះឆ្នោត​នោះ ជា​វិធីសាស្ត្រ​ក្នុងការ​បំបែរ​ការចាប់អារម្មណ៍​សាធារណជន​ពី​បញ្ហា​ចម្រូងចម្រាស​ជាដើម​ហេតុ​នៃ​បញ្ហា​អន្តោប្រវេសន៍​ប៉ុណ្ណោះ មិនមែន​ដោះស្រាយ​បញ្ហា​ពិតប្រាកដ​ឡើយ​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ជញ្ជាំង​ព្រំដែន​
  បក្ស​ប្រជាធិបតេយ្យ​
  បក្ស​សាធារណរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com