ជាតិ
សុខភាព
ការព្យាបាល​អ្នកជំងឺ​ញៀន​គ្រឿងញៀន​
20, Mar 2019 , 10:16 am        
រូបភាព
​ដោយ៖​លោក ស៊ា​ង លាប អ្នក​ចិត្តសាស្ត្រ​និង​ជា​អ្នកជំនាញ​ផ្តល់​ប្រឹក្សា​ជំងឺ​ញៀន​ថ្នាំ

​ជាការ​កត់សំគាល់ បទល្មើស​នៃ​ការ​ចរាចរ​ថ្នាំញៀន​ត្រូវបាន​បង្ក្រាប​ពី​អជ្ញាធរ​មាន​សមត្ថភាព​កិច្ច​ជា​ហូរហែរ ជា​សញ្ញា​បង្ហាញ​ឱ្យដឹងថា អ្នកប្រើប្រាស់​គ្រឿងញៀន​មានការ​កើនឡើង ដែលជា​បញ្ហា​គួរឱ្យ​ព្រួយ បារម្ភ​ជាខ្លាំង ពីព្រោះ​គ្រឿងញៀន​ប៉ះពាល់​ខួរក្បាល​របស់​អ្នកប្រើប្រាស់​។​

 
​ខ្លួន​១​ទប់​ទល់នឹង​សត្រូវ​៣
 
​នៅពេល​បុគ្គល​ធ្លាក់ខ្លួន​កាន់តែ​ជ្រៅ​ទៅនឹង​ថ្នាំញៀន ផលប៉ះពាល់​ធ្ងន់ធ្ងរ​បាន​កើតមានឡើង​ទាំង​លើ​សុខភាព​ផ្លូវកាយ​និង​សុខភាព​ផ្លូវចិត្ត​។ នៅពេល​បុគ្គល​បាន​ប្រើប្រាស់​ថ្នាំញៀន​រហូត​ញៀន​ហើយ បុគ្គល​ដែល​ចង់​ផ្តាច់ គឺ​ត្រូវ​ប្រឈម​នឹង​សត្រូវ​ចំនួន​៣​គឺ​:
 
​ទី​១ ការ​ទប់​ទល់នឹង​ការទាមទារ​សារធាតុ​ញៀន​ពី​ខួរក្បាល​
 
​អ្វី​គ្រប់យ៉ាង​គឺ​ជាប់ទាក់ទង​នឹង​ទម្លាប់​។ ដំបូង​មនុស្ស​យើង​បង្កើត​ទម្លាប់​ឱ្យ​ខួរក្បាល បន្ទាប់មក​ខួរក្បាល​បង្កើត​ទម្លាប់​ឱ្យ​យើង​វិញ​។ នៅពេល​សារធាតុ​ញៀន​ចាប់ផ្តើម​ចូលមកក្នុង​ខ្លួន​មនុស្ស​យើង ខួរក្បាល​ចាប់ផ្តើម​រៀន​ឬ​ទទួលយក​សារធាតុ​ញៀន​រហូត​ថ្នឹក​ក្លាយជា​ទម្លាប់​។ បន្ទាប់ពី​ញៀន ខួរក្បាល​បង្កើត​ទម្លាប់​ឱ្យ​វិញ​ដោយ​ទាមទារ​ឱ្យប្រើ​សារធាតុ​ញៀន​។ ពេល​នៅ​មិន​ទទួលបាន​សារធាតុ​ញៀន អាការ​ធ្វើទុក្ខ​ក៏​កើតមាន​(​រោគសញ្ញា​នៅពេល​ផ្តាច់​)​។ ការ​ទប់​ទល់នឹង​ការទាមទារ​សារធាតុ​ញៀន​ពី​ខួរក្បាល ជា​រឿង​លំបាក​បំផុត​សម្រាប់​អ្នកញៀន​ថ្នាំ ដោយសារ​ឥទ្ធិពល​របស់​វា​កើតមាន​លើផ្លូវ​កាយ​ផង​និង​ផ្លូវចិត្ត​ផង​។ 
 
​ជាការ​កត់សំគាល់ ការ​បន្សាប​ឥទ្ធិពល​សារធាតុ​ញៀន​លើផ្លូវ​កាយ​ហាក់​ងាយស្រួល​ជាង​ការ​បន្សាប​មកលើ​ផ្លូវចិត្ត​។ នៅពេល​មានការ​តានតឹង​ផ្លូវចិត្ត​ឬក៏​ធ្លាក់​ទឹកចិត្ត អ្វីដែល​ផុស​ក្នុង​ចិត្ត​មុនគេ​គឺ​ថ្នាំញៀន ពោលគឺ​ខួរក្បាល​រំញោច​ឱ្យទៅ​រក​ថ្នាំញៀន ពីព្រោះ​ថ្នាំញៀន​ជួយ​ផ្លូវចិត្ត​ឱ្យ​ល្អប្រសើរ​យ៉ាង​ឆាប់រហ័ស​និង​ស័ក្តិសិទ្ធិ​បំផុត​។ បញ្ហា​នេះហើយ​ដែល​ជំរុញ​ឱ្យ​បុគ្គល​មាន​ជំងឺ​ញៀន​ងាក​ទៅប្រើ​ប្រាស់​ថ្នាំញៀន​ឡើងវិញ​(​លាប់​)​។ បែបនេះ​ការជួយ​ពី​អ្នកជំនាញ​ចិត្តសាស្ត្រ​គឺ​តម្រូវឱ្យមាន​ចាំបាច់​បំផុត ដើម្បី​រៀន​គ្រប់គ្រង​អារម្មណ៍​តានតឹង​ផ្លូវចិត្ត រៀន​ពី​វិធី​ពង្រឹង​កម្លាំងចិត្ត រៀន​ពី​វិធី​ដោះស្រាយ​បញ្ហា ...​។ លើសពីនេះ អ្នកជំងឺ​ញៀន​ថ្នាំ​គឺ​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​វិកលចរិត ជំងឺ​ថប់​បារម្ភ ជំងឺ​ធ្លាក់​ទឹកចិត្ត ដែល​ទាមទារ​ឱ្យមាន​ការជួយ​ពី​គ្រូពេទ្យ​ឯកទេស​វិកល​វិទ្យា​(Psychiatrist) និង​អ្នក​ចិត្តសាស្ត្រ (Psychologist)​ចំពោះ​បញ្ហា​ទាំងនេះ​។​
 
​ទី​២ ការ​ទប់​ទល់នឹង​ការរើសអើង​
 
​ភាពអាម៉ាស់ ការមើល​ងាយ ក៏​ជា​កត្តា​ប្រឈម​ដ៏​ធំ​សម្រាប់​អ្នកញៀន​ថ្នាំ​។ អារម្មណ៍​ភ័យខ្លាច និង​ព្រួយបារម្ភ​តែង​កើតមាន ដោយ​ខិតខំ​លាក់បាំង​ពី​ទង្វើ​(​ប្រើប្រាស់​ថ្នាំញៀន​)​ពី​មនុស្ស​ជុំវិញខ្លួន និង​មនុស្ស​ដែល​ខ្លួន​ស្គាល់​។ អារម្មណ៍​ភ័យខ្លាច​ចេះតែ​កើន​ឡើងជា​លំដាប់ ដែល​ធ្វើឱ្យ​ប្រឈម​នឹង​ជំងឺ​ថប់​បារម្ភ​។ អ្នកជំងឺ​ញៀន​ថ្នាំ​ខិតខំ​ទប់​ទល់នឹង​សំពាធ​ផ្លូវចិត្ត​ពី​គ្រប់ទិសទី ពី​អ្នក​ដែល​ដឹង​ព័ត៌មាន​ថា​ខ្លួន​ជាមាន​ជំងឺ​ញៀន​ថ្នាំ​។ ការ​មិនឱ្យ​តម្លៃ​ពី​អ្នកដទៃ​ជំរុញ​អ្នកជំងឺ​ញៀន​ថ្នាំ​ឯកោ និង​ដកថយ​ពី​គេឯង ដែលជា​មូលហេតុ​ប្រឈម​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​(Depression)​។ បែបនេះ​ការដោះស្រាយ​បញ្ហា​រើសអើង​គឺជា​កត្តាចាំបាច់​ផងដែរ ទើប​អាចរួមចំណែក​ជួយ​អ្នកជំងឺ​ញៀន​ថ្នាំ​អាច​ផ្តាច់​ថ្នាំញៀន​ដោយ​ជោគជ័យ​។ អ្នក​សង្គមកិច្ច​(Social worker) ដើរតួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​រើសអើង​ទាំងនេះ​។​
 
​ទី​៣ ការ​ទប់​ទល់នឹង​បញ្ហា​ផ្លូវចិត្ត​ផ្ទាល់ខ្លួន 
 
​សេចក្តីស្រលាញ់​ជា​តម្រូវការ​ផ្លូវចិត្ត​ដ៏​សំខាន់បំផុត​មិនអាច​ខ្វះ​បាន ដើម្បី​អភិវឌ្ឍ​ផ្លូវចិត្ត​ឱ្យ​រឹងមាំ​។ មុននឹង​បុគ្គល​ធ្លាក់ខ្លួន​ទៅប្រើ​ប្រាស់​គ្រឿងញៀន កត្តា​ចម្បង​បំផុត​មួយ​ត្រូវបាន​រកឃើញ គឺ​ជាប់ទាក់ទង​នឹង​កង្វះ​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ​ឬ​ក្រុមគ្រួសារ ពោលគឺ​កង្វះ​ក្តី​ស្រលាញ់​តែម្តង ជាហេតុ​បណ្តាលឱ្យ​បុគ្គល​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត​។ បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ក្នុង​ជីវិត​រស់នៅ ដូចជា​បញ្ហា​រៀនសូត្រ បញ្ហា​ជីវភាព​បញ្ហា​ទំនាក់ទំនង​ឬ​ស្នេហា​... ព្រមទាំង​ការអូសទាញ និង​ការសាកល្បង គឺជា​ហានិភ័យ​ឆ្ពោះទៅរក​ការប្រើប្រាស់​គ្រឿងញៀន​។ ការប្រើប្រាស់​គ្រឿងញៀន​គឺជា​វិធី​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត តែ​វា​ជា​ដំណោះស្រាយ​អវិជ្ជមាន​។ អ្នកជំងឺ​ញៀន​ថ្នាំ​ត្រូវការ​ការជួយ​ពិសេស ពោលគឺ​ត្រូវការ​ការ​ស្តារនីតិសម្បទា ពីព្រោះ​ថ្នាំញៀន​បំផ្លាញ​ខួរក្បាល​ដែល​ប៉ះពាល់​ដល់​មុខងារ​នៃ​ផ្លូវចិត្ត​។ បែបនេះ​ដើម្បីឱ្យ​ការព្យាបាល​អ្នកជំងឺ​ញៀន​ថ្នាំ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឱ្យមាន​វិធីសាស្ត្រ​ព្យាបាល​ពហុ​ជំនាញ​(Holistic approaches)​។ ការចូលរួម​ពី​សមាជិកគ្រួសារ​ទាំងអស់​ក្នុង​ដំណើរការ​ព្យាបាល​ក៏​ជា​កត្តាចាំបាច់​ផងដែរ​។​
 
​ការ​ផ្គុំ​កម្លាំង​ទាំងបី​ឱ្យចូល​គ្នា​តែមួយ ទើប​ជា​លទ្ធភាព​ជួយ​ឱ្យ​បុគ្គល​មាន​ជំងឺ​ញៀន​ថ្នាំ​អាច​យកឈ្នះ​ឬ​ផ្តាច់​ថ្នាំញៀន​ដោយ​ជោគជ័យ​បាន​។ ដូច្នេះ ដើម្បី​ព្យាបាល​អ្នកជំងឺ​ញៀន​ថ្នាំ​ឱ្យមាន​ប្រសិទ្ធភាព គឺ​ត្រូវការ​: 
 
-​ ​ការផ្តល់​ប្រឹក្សា​(Counseling)​ពី​អ្នក​ចិត្តសាស្ត្រ​(Psychologist) ជំនាញ​ជំងឺ​ញៀន​ថ្នាំ​។ 
-​ ​ការព្យាបាល​គ្រួសារ​(Family therapy)​ដោយ​អ្នក​ចិត្តសាស្ត្រ​ជំនាញ​ព្យាបាល​គ្រួសារ​។​
-​ ​ការដោះស្រាយ​បញ្ហា​ប្រឈម​សង្គម ដូចជា​: ការរើសអើង ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវ​: ឬ​មុខរបរ ... ដោយ​អ្នក​សង្គមកិច្ច​(Social worker)​។ 
-​ ​ការព្យាបាល​ជំងឺផ្លូវចិត្ត និង​ជំងឺ​ញៀន​ថ្នាំ ដោយ​គ្រូពេទ្យ​ឯកទេស​វិកល​វិទ្យា​(Psychiatrist)​។ 
-​ ​កម្មវិធី​ស្តារនីតិសម្បទា​ផ្លូវចិត្ត​។​
-​ ​ការចូលរួម​គាំទ្រ​ផ្លូវចិត្ត​ពី​សហគមន៍ និង​ពី​អជ្ញាធរ​មូលដ្ឋាន​៕

Tag:
 គ្រឿងញៀន
  លិខិត​មិត្ត​អ្នកអាន
© រក្សាសិទ្ធិដោយ thmeythmey.com