អន្តរជាតិ
ជប៉ុន​៖ បុរស​ចំណាស់​ម្នាក់ ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​ហៅ​ទូរ​សព្ទ​ទៅ​ក្រុមហ៊ុន​សេវា​ទូរ​សព្ទ​ជាង​ពីរម៉ឺន​ដង​
04, Dec 2019 , 8:39 am        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
​លោក Akitoshi Okamoto ជនជាតិ​ជប៉ុន​ម្នាក់ វ័យ ៧១​ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​ទូរ​សព្ទ​ទៅ​ត្អូញត្អែរ​ដាក់​ក្រុមហ៊ុន​សេវាកម្ម​ទូរ​សព្ទ​ចំនួន ២៤,០០០​ដង​។ ការ​ទូរ​សព្ទ​ដ៏​ច្រើនដង​បែបនេះ ត្រូវបាន​លោក Akitoshi Okamoto អះអាងថា ដោយសារ​ក្រុមហ៊ុន​សេវា​ទូរ​សព្ទ​បំពាន​មកលើ​លេខ​ទូរ​សព្ទ​របស់គាត់​។ នេះ​បើតាម​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៣ ខែធ្នូ​។



​បើតាម​ប៉ូលិស​ទីក្រុង​តូ​ក្យូ បុរស​វ័យ ៧១​ឆ្នាំ Akitoshi Okamoto ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន តាំងពី​សប្តាហ៍​មុន បន្ទាប់ពី​បុរស​រូបនេះ បាន​ហៅ​ទូរ​សព្ទ​ទៅ​ផ្នែក​បំរើ​អតិថិជន នៃ​ក្រុមហ៊ុន​បំរើសេវា​ទូរ​សព្ទ​ដ៏​ធំ​របស់​ជប៉ុន KDDI​។ ក្នុងករណីនេះ លោក Akitoshi Okamoto បាន​ប្រើ​រយៈពេល ៨​ថ្ងៃ និង​ហៅ​ទូរ​សព្ទ ២៤,០០០​ដង​។

​បើ​ផ្អែក​ទៅតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន បុរស​វ័យ​៧១ ឆ្នាំ​រូបនេះ បាន​ប្រើប្រាស់​ទូរ​សព្ទ​សាធារណៈ ដើម្បី​ផ្ញើ​សារ​ជា​សំឡេង​មិន​ពេញចិត្ត​របស់ខ្លួន​ទៅ​ក្រុមហ៊ុន និង​និយាយ​ពាក្យ​មិន​សមរម្យ​ជាមួយ​បុគ្គល​បំរើសេវា​អតិថិជន​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីប៉ូលិស​ជប៉ុន​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា លោក Okamoto បានទាមទារ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន KDDI សុំទោស​រូបលោក ទាក់ទិន​ទៅនឹង​ការរំលោភបំពាន​លេខ​ទូរ​សព្ទ​របស់ខ្លួន​។ បើតាម​មន្ត្រី​ប៉ូ​លិ​ល បុរស Okamoto បានធ្វើ​បែបនេះ​ដដែលៗ​រហូតដល់ ២៤,០០០​ដង​។

​បន្ទាប់ពី​មានការ​ហៅ​ទូរ​សព្ទ​ដ៏​ច្រើនសន្ធឹក​បែបនេះ ប៉ូលិស​ជប៉ុន​បាន​ចាប់ខ្លួន​រូបលោក​ពីបទ​សង្ស័យ «​ការរារាំង លើ​មុខ​ជំនួញ​»​។

​សូមបញ្ជាក់ថា ជប៉ុន មាន​អត្រា​កើនឡើង​នៃ​បញ្ហា​សង្គម​យ៉ាងច្រើន ដែល​បង្កដោយ​ការកើនឡើង​នៃ​អត្រា​ប្រជាជន​លើស​អាយុ​។ កន្លងទៅ អ្នកបើកបរ​ជប៉ុន​វ័យ​ចំណាស់​ម្នាក់ បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ​៕



Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com