អន្តរជាតិ
អ្នកនយោបាយ កីឡាករ និង​សិល្បករ ដែល​បានទទួល​មរណភាព​ក្នុង​ឆ្នាំ​២០១៩
31, Dec 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការកើត​ចាស់ ឈឺ ស្លាប់ គឺជា​រឿង​ធម្មជាតិ​របស់​បុគ្គល​គ្រប់ៗ​រូប ហើយ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​គេច​ផុតពី​សេចក្តីស្លាប់​បានដែរ​។ ក្នុង​ឆ្នាំ​២០១៩​នេះ ពី​អ្នកនយោបាយ ដល់​អ្នក​សិល្បករ រហូតដល់​កីឡាករ និង​អ្នក​ថតរូប​ជាច្រើន បាន​បាត់​បង់ជីវិត​។



ខាងក្រោម​នេះ គឺជា​បុគ្គល​ល្បីៗ ដែល​បានទទួល​មរណភាព​៖ 
 
​លោក Emiliano Sala

Emiliano Sala គឺជា​កីឡាករ​បាល់ទាត់​មួយរូប ដែល​បាន​បាត់បង់​ជីវិត ដោយសារតែ​ការធ្លាក់​យន្តហោះ នា​ថ្ងៃទី​២១ ខែមករា​។ កីឡាករ​រូបនេះ បាន​បាត់​បង់ជីវិត​នៅ​អាយុ​ទើបតែ ២៨​ឆ្នាំ​តែប៉ុណ្ណោះ​។ 
 
​លោក Virachai Plasai 

​លោក Virachai Plasai គឺជា​មន្ត្រីការទូត​ជើងចាស់​របស់​ថៃ ដែល​ដើរតួនាទី​សំខាន់​ក្នុង​សំណុំរឿង​ទាមទារ​ប្រាសាទព្រះវិហារ បានទទួល​បាន​មរណភាព​នៅ​អាមេរិក​។ អ្នកការទូត​ជើងចាស់​រូបនេះ បានទទួល​មរណភាព នៅ​អាយុ ៥៨​ឆ្នាំ នា​ថ្ងៃទី​១៦ ខែមីនា​។ 
 
​លោក Le Duc Anh

​ឧ​ត្ត​ម​សេនីយ៍ Le Duc Anh គឺជា​អតីត​ប្រធានាធិបតី​វៀតណាម ដឹកនាំ​ដឹកនាំ​ទ័ព​វៀតណាម​ជួយ​ប្រជាជន​កម្ពុជា​ផ្តួលរំលំ​នៃ​របប​ខ្មែរក្រហម​នោះ បាត់បង់​ជីវិត​ក្នុង​អាយុ ៩៩​ឆ្នាំ​។ ឧ​ត្ត​ម​សេនីយ៍​រូបនេះ បានទទួល​មរណភាព​នៅ​ថ្ងៃទី​២៣ ខែមេសា​។​
 
​លោក Hussain Muhammad Ershad

​លោក Hussain Muhammad Ershad គឺជា អតីត​ប្រធានាធិបតី និង​ជា​មេបញ្ជាការ​យោធា​ផ្តាច់​ការបង់​ក្លា​ដែ​ស បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៤ ខែកក្កដា ក្នុង​អាយុ​៨៩​ឆ្នាំ ពោលគឺ​រយៈពេល​១​សប្តាហ៍​ក្រោយ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​មួយ​នៅ​ក្រុង​ដា​ក្កា​។​
 
​លោក Li Peng

​លោក Li Peng គឺជា​អតីត​នាយករដ្ឋមន្ត្រី​ចិន បានទទួល​មរណភាព នៅ​អាយុ​៩០ ឆ្នាំ នា​ថ្ងៃទី​២៣ ខែកក្កដា​។ លោក លី ផឹង ជា​អតីត​នាយករដ្ឋមន្ត្រី​ទី​៤​ចិន ចន្លោះ​ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​១៩៩៨​។ ប៉ុន្តែ​គេ​មិនបាន​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​របស់​អតីត​នាយករដ្ឋមន្ត្រី​ចិន​រូប​នេះឡើយ ប៉ុន្តែ​កន្លងមក លោក​ធ្លាប់មាន​ជំងឺមហារីក​ប្លោកនោម​។​
 
​លោក Beji Caid Essebsi

​លោក Beji Caid Essebsi គឺជា​ប្រធានាធិបតី​ទុយ​នី​ស៊ី បាន​ស្លាប់​ក្នុង​អាយុ​៩២​ឆ្នាំ នៅ​ថ្ងៃទី​២៥ ខែកក្កដា ដោយសារ​ស្ថានភាព​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​។ លោក Beji បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី ក្រោយ​ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៤ រយៈពេល​បី​ឆ្នាំ បន្ទាប់ពី​អតីត​មេដឹកនាំ​ផ្តាច់ការ Zine El Abidine Ben Ali  ត្រូវបាន​ទម្លាក់​ពី​តំណែង​ក្នុង​ចលនា​បដិវត្តន៍​អារ៉ាប់​ក្នុង​ឆ្នាំ ២០១១​។ 
 
​លោកស្រី Sushma Swaraj

​លោកស្រី Sushma Swaraj គឺជា​អតីត​ប្រមុខ​ការទូត​ដ៏​ចំណាន​របស់​ឥណ្ឌា និង​ជា​សមាជិក​ជាន់ខ្ពស់​រប​ស់​គណបក្សកាន់អំណាច Bharatiya Janata(BJP) បានទទួល​មរណភាព​នៅ​អាយុ​៦៧ នា​ថ្ងៃទី ៦​ខែសីហា​។ លោកស្រី Swaraj បានទទួល​មរណភាព​ដោយសារ​រោគ​គាំងបេះដូង បន្ទាប់ពី​លោកស្រី ត្រូវបាន​គេ​បញ្ជូន​ចូល​បន្ទប់សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ទីក្រុង​ញូ​វ​ដេលី​។ 
 
​លោក Charlie Cole

​លោក Charlie Cole គឺជា​អ្នក​ថតរូប​ដ៏​ល្បី​ម្នាក់ ដែល​បាន​ថត​យក​រូប​បុរស​ម្នាក់​ឈរ​នៅ​ពីមុខ​រថក្រោះ ឬ​«Tank Man» មុខ Tiananmen ប្រទេស​ចិន កាលពី​ឆ្នាំ ១៩៨៩​។ លោក Charlie បាន​ស្លាប់​នៅ​អាយុ ៦៤​ឆ្នាំ នៅ​ថ្ងៃទី​៥ ខែកញ្ញា​។​
 
​លោក Robert Mugabe

​លោក Robert Mugabe គឺជា អតីត​ប្រធានាធិបតី​ផ្តាច់ការ​ស៊ីម​បា​វ៉េ បានទទួល​មរណភាព​ក្នុង​អាយុ​៩៥​ឆ្នាំ​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហ​បុរី​។ លោក Mugabe បានទទួល​មរណភាព​នៅ​ថ្ងៃទី ០៦ ខែកញ្ញា​។  
 
 លោក Bacharuddin Jusuf Habibie

លោក Bacharuddin Jusuf Habibie គឺជា​អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានទទួល​មរណភាព​នៅ​ថ្ងៃទី ១១ ខែកញ្ញា​។ អតីត​ប្រធានាធិបតី​រូបនេះ បានទទួល​មរណភាព​នៅ​អាយុ​៨៣​ឆ្នាំ ក្រោយ​សំរាក​ព្យាបាល​នៅ​ពេទ្យ​យោធា ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​អស់​រយៈពេល​ជិត​ពីរ​សប្តាហ៍​។​
 
​លោក Zine el-Abidine Ben Ali

​លោក  Zine el-Abidine Ben Ali គឺជា​អតីត​ប្រធានាធិបតី ទុយ​នី​ស៊ី ដែល​ត្រូវបាន​ប្រជាជន​ទម្លាក់​ពី​តំណែង​ក្នុង​ចលនា​បដិវត្តន៍​អារ៉ាប់​ក្នុង​ឆ្នាំ ២០១១​។ លោក Ben Ali បានទទួល​មរណភាព​នៅ​អាយុ ៨៣​ឆ្នាំ ក្នុងស្ថានភាព​និរទេស​នៅ​បរទេស​។ អតីត​ប្រធានាធិបតី ទុយ​នី​ស៊ី​រូបនេះ បានទទួល​មរណភាព​នៅ​ថ្ងៃទី ១៩ ខែកញ្ញា​។ 
 
​លោក Jacques Chirac 

​លោក Jacques Chirac គឺជា​អតីត​ប្រធានាធិបតី​បារាំង បានទទួល​មរណភាព​ក្នុង​អាយុ ៨៦​ឆ្នាំ​។ ការស្លាប់​របស់លោក ត្រូវបាន​ប្រកាស​ដោយ​ក្រុមគ្រួសារ​របស់លោក​ផ្ទាល់​នៅ​ថ្ងៃទី​២៦ ខែកញ្ញា​។ លោក គឺជា​ប្រមុខរដ្ឋ​បារាំង ដែល​បាន​កាន់តំណែង​ចន្លោះ​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០០៧​។ 
 
​អា​ប៊ូ អា​កើ អាល់​-​បាក់​ដា​ឌី (Abu Bakr al-Baghdadi)

​អា​កើ អាល់​-​បាក់​ដា​ឌី គឺជា​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម ដែល​ចាត់ទុកជា​ជន​មួយរូប ដែល​អាមេរិក​តាម​ចាប់​ជាទីបំផុត​។ មេដឹកនាំ​រូបនេះ បាន​បាត់​បង់ជីវិត​នៅ​អាយុ ៤៨​ឆ្នាំ នៅ​ថ្ងៃទី​២៧ ខែតុលា បន្ទាប់ពី​មាន​ប្រតិបត្តិការ​យោធា​របស់​អាមេរិក នៅក្នុង​ប្រទេស​ស៊ី​រី​។ ប្រមុខ​ក្រុម​រដ្ឋ​ឥស្លាម បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់ខ្លួន និង​កូន​ចំនួន​បីនាក់​ទៀត​ក្នុង​រូង​ក្រោម​មួយកន្លែង​ក្នុង​ទឹកដី​ស៊ី​រី ខណៈ​រត់គេច​ពី​ប្រតិបត្តិការ​របស់​យោធា​ពិសេស​អាមេរិក​។​
 
​លោក Robert Norris 

​លោក Robert Norris ដែលមាន​រហស្សនាម​ថា «Marlboro Man» គឺជា តួអង្គ​ក្នុង​ពាណិជ្ជកម្ម​បារី​ម៉ា​ល់​បូ​រ៉ូ​ដំបូង​គេ បានទទួល​មរណភាព​ក្នុង​អាយុ​៩០​ឆ្នាំ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​។ ទោះបីជា​យ៉ាងណាក៏ដោយ មរណភាព​រប​ស់បុរ​ស​អាមេរិក​រូបនេះ មិនមែន​បណ្តាលមកពី​បារី​នោះទេ ពីព្រោះ​លោក​មិន​ធ្លាប់មាន​ប្រវត្តិ​ជក់បារី​ទាល់តែសោះ​។​
 
​តារាចម្រៀង Kpop Goo Hara

​អ្នកនាង Goo Hara គឺជា​តារាចម្រៀង​កូរ៉េខាងត្បូង ត្រូវបាន​មន្ត្រីប៉ូលិស​រកឃើញថា បាន​បាត់​បង់ជីវិត​នៅក្នុង​ផ្ទះ​របស់​នាង នាទី​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា​។ ធ្លាប់ជា​សមាជិក​ក្រុម​ដ៏​ល្បី «Kara» តារា Goo Hara បាន​ស្លាប់​នៅ​អាយុ ២៨​ឆ្នាំ​។ ដោយឡែក​មូលហេតុ​នៃ​ការស្លាប់​របស់​នាង កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​។ 
 
​តារា​សម្តែង​កូរ៉េ លោក Cha In-ha 

​លោក Cha In-ha គឺជា តារា​សម្តែង​កូរ៉េខាងត្បូង​មួយរូប ដែល​ត្រូវបាន​គេ​រកឃើញថា បាន​បាត់​បង់ជីវិត ក្នុង​វ័យ ២៧​ឆ្នាំ ក្នុង​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩​។ ចំណែក​មូលហេតុ​នៃ​ការស្លាប់រ​កលោក  មន្ត្រី​ប៉ូលីស​នៅតែ​មិនទាន់​រក​មូលហេតុ​ឃើញ​នៅឡើយ​ទេ​។ 
 
​តារា​រ៉េ​ប​អាមេរិក Juice WRLD

​លោក Juice WRLD គឺជា​តារា​រ៉េ​ប​មួយរូប ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​មន្ទី​ពេទ្យ​មួយ​នៅ​អាមេរិក  ក្រោយ​ដួល​ប្រកាច់ និង​ឈាម​ហូរ​តាម​មាត់ នៅ​អាកាសយានដ្ឋាន Midway International Airport ក្រុង Chicago កាលពី​ថ្ងៃទី​៨ ខែធ្នូ​។ ការស្លាប់​របស់​តារា​រ៉េ​ប​រូបនេះ គឺ​ខ្វះ​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ ដែលជា​ខួបកំណើត ២១​ឆ្នាំ​របស់លោក​។ ប៉ុន្តែ​ក្រុម​ជំនាញ​ត្រួតពិនិត្យ​វេជ្ជសាស្ត្រ​ប្រចាំ​តំបន់ Cook County មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​នេះឡើយ ៕

© រក្សាសិទ្ធិដោយ thmeythmey.com