កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ខ្សែប្រយុទ្ធ​តួ​ក​គី Sukur ក្លាយជា​អ្នករត់​តាក់ស៊ី​នៅ​អាមេរិក ក្រោយ​ទាស់ទែង​ជាមួយ​លោក Erdogan
15, Jan 2020 , 5:51 pm        
រូបភាព
Hakan Sukur អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​មួយរូប​នៅ​អឺរ៉ុប និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​សម្រាប់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​តួ​ក​គី សព្វ​ថ្ងៃជា​អ្នករត់​តាក់ស៊ី​ដើម្បី​ចិញ្ចឹមជីវិត​នៅ​ទឹកដី​អាមេរិក​។ តើ​មូល​ហេតុអ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​វីរបុរស​ក្នុង​វិស័យ​កីឡាបាល់ទាត់​ម្នាក់នេះ​បញ្ចប់​អាជីព​ទៅ​បើកបរ​តាក់ស៊ី និង​លក់​សៀវភៅ ក្រោយ​និរទេស​ខ្លួន​ពី​ប្រទេស​កំណើត​យ៉ាង​ដូច្នេះ​?


 
​យោងតាម​បទសម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់ Welt am Sonntag ខ្សែជីវិត​របស់​អតីត​សមាជិក​ក្រុម Inter Milan, Galatasaray, Blackburn Rovers វ័យ​៤៨​ឆ្នាំ​រូបនេះ បាន​ផ្លាស់ប្តូរ​ខុសពី​ធម្មតា និង​មាន​បញ្ហា​ចាប់តាំងពី​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ក្នុង​ឆ្នាំ ២០០៨​មក​។​
 
Sukur រៀបរាប់ថា ក្រោយ​មានទំនាស់​រវាង​លោក​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បានធ្វើ​ឲ្យ​លោក​រង​ការ​គំរាម​សម្លាប់ ការចោទប្រកាន់​ផ្សេងៗ​ដែល​មិនមែនជា​ការពិត និង​ថែមទាំង​មិនអាច​ប្រើប្រាស់​លុយ​ដែល​ខ្លួន​មាននៅ​ក្នុងប្រទេស​នេះ​ទៀតផង​។​
 
«​ខ្ញុំ​គ្មានអ្វី​នៅ​សេសសល់​ទៀត​ទេ​។ លោក Erdogan បាន​យក​អ្វីៗ​ទាំង​អស់ពី​ខ្ញុំ ដែល​រួមមាន​ទាំង​សិទ្ធិសេរីភាព សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ធ្វើ​ការងារ​ក្នុងប្រទេស​កំណើត​»​។ Sukur បន្ថែម​ប្រាប់​កាសែត​ខាងលើ​ដូច្នេះ​។​
 
Sukur ជា​កីឡាករ​មួយរូប​ប៉ុណ្ណោះ​ដែល​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​៥១​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​១១២​ប្រកួត​សម្រាប់​តួ​ក​គី​ចន្លោះ​ឆ្នាំ ១៩៩២ និង ២០០៧​។ រូបគេ​ក៏​ជា​សមាជិក​សំខាន់​មួយរូប​របស់​ក្រុម​តួ​ក​គី​ក្នុងការ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ នៅ​កូរ៉េ​-​ជប៉ុន​។​
 
​ក្រោយ​ការចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់ Sukur បាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​។ នៅ​ឆ្នាំ ២០១១ Sukur បានឈ្នះ​អាសនៈ​មួយ​ក្នុង​សភា​តួ​ក​គី ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់លោក Erdogan​។​


 
​ប៉ុន្តែ​ក្រោយមក Sukur ក៏មាន​ទំនាក់ទំនង​ជាមួយ​លោក Fethullah Gulen ដែលជា​គូប្រជែង​របស់លោក Erdogan​។ លោក Erdogan ប្រធានាធិបតី​តួ​ក​គី​បច្ចុប្បន្ន បាន​ចោទប្រកាន់​លោក Gulen ចំពោះ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បង្ហូរឈាម​កាលពី​ឆ្នាំ ២០១៦​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ទួ​ក​គី​ផ្សាយ​ថា Sukur បាន​រត់គេចខ្លួន​ជាមួយ​សមាជិក​ក្រុម​របស់លោក Gulen ទៅកាន់​ទឹកដី​អាមេរិក​នៅ​ឆ្នាំ​២០១៧ ក្រោយ​មានការ​ចោទប្រកាន់​ខាង​លើ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី​នេះ​បន្ថែមទៀតថា​លោក Sukur រស់នៅក្នុង​ផ្ទះ​តម្លៃ ៣ លាន​ដុល្លារ និង​បើកហាង​កាហ្វេ​មួយ​នៅ Palo Alto ដែលជា​តំបន់​មាន​ជាងគេ​បំផុត​នៅ San Francisco​។​
 
Sukur បាន​បដិសេធ​ព័ត៌មាន​នេះ​ទាំងស្រុង ហើយ​បកស្រាយ​ប្រាប់ Welt am Sonntag ថា​ខ្លួន​បាន​ផ្លាស់​ទៅ​សហរដ្ឋអាមេរិក​ដំបូង​ដោយ​បើកហាង​កាហ្វេ​មួយ​នៅ​រដ្ឋ California ប៉ុន្តែ​នៅតែមាន​មនុស្ស​ចំលែក​បន្ត​ចូល​ហាង​របស់លោក រហូត​ធ្វើ​ឲ្យ​លោក​បារ​ម្មណ៍​និង​សម្រេច​បិទ​ហាង​វិញ​តែម្តង​។ 
 
 «​ឥឡូវ​ខ្ញុំ​បើកឡាន​តាក់ស៊ី​ឲ្យ​ក្រុមហ៊ុន Uber ហើយនឹង​លក់​សៀវភៅ​។ ផ្ទះ ព្រមទាំង​ជំនួញ​តូចធំ និង​គណនី​ធនាគារ​របស់ខ្ញុំ​នៅ​ទួ​ក​គី​ត្រូវបាន​រដ្ឋាភិបាល​លោក Erdogan រឹបអូស​យក​អស់ហើយ​»៕



Tag:
 Hakan Sukur
  Recep Tayyip Erdogan
  តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com