ការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ដើម្បីគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមរបស់ពួកគេ។ ថាតើអាហារសម្រន់អ្វីខ្លះដែលមានប្រសិទ្ធភាពជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារសម្រន់ទាំងនោះ ៖
១. បន្លែបៃតង
បន្លែបៃតងជាជម្រើសនៃអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ! នោះក៏ព្រោះតែបន្លែបៃតងមានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលជួយកំណត់កម្រិតនៃជាតិស្ករដែលបញ្ចេញទៅក្នុងចរន្តឈាម។ ដូច្នេះវាមានន័យថា ការទទួលទានបន្លែបៃតងជួយទប់ស្កាត់បញ្ហាកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ខុសប្រក្រតី។ ។
២. គ្រាប់ផ្ការីករាយ
ជាអាហារសម្រន់ដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះគ្រាប់ធញ្ញជាតិនេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ព្រមទាំងជាតិខ្លាញ់ polyunsaturated និង monounsaturated ដែលជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ ហើយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងៗដែលអាចកើតឡើងដោយសារជំងឺទឹកនោមផ្អែម។ ម្យ៉ាងវិញទៀត គ្រាប់ផ្ការីករាយមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងជាតិសសៃ ដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។
៣. ភេសជ្ជៈមានផ្ទុកកាឡូរីទាប
ការទទួលទានទឹកធម្មតា គឺល្អណាស់ហើយ ប៉ុន្តែទឹកបន្លែ ឬផ្លែឈើស្រស់ក៏ប្រសើរដែរ។ អ្នកក៏អាចបន្ថែមចំណិតត្រសក់ ឬក្រូចឆ្មារក្នុងទឹកធម្មតាមុននឹងទទួលទានក៏បានដើម្បីអត្ថប្រយោជន៍ទ្វេដងចំពោះសុខភាព។
៤. ត្រីសម្បូរខ្លាញ់
ដោយសារប្រូតេអ៊ីនមិនអាចផ្ដល់ផលប៉ះពាល់ណាមួយចំពោះកម្រិតនៃជាតិស្ករក្នុងឈាមនោះអ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះគួរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនឱ្យបានច្រើន។ ហើយជម្រើសនៃប្រូតេអ៊ីនដ៏ល្អបំផុតមួយសម្រាប់សុខភាពនោះ គឺមានប្រភពចេញពីត្រីសម្បូរខ្លាញ់។
៥. ផ្លែបឺរជាមួយក្រូចឆ្មារ
នេះជាជម្រើសនៃអាហារសម្រន់ដ៏ប្រសើរបំផុតមួយសម្រាប់អ្នកចង់គ្រង់គ្រងកម្រិតជាតិស្ករក្នុងឈាមដោយវាមានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ monounsaturated។ អ្នកអាចច្របាច់ក្រូចឆ្មារលើផ្លែបឺរនិងរោយអំបិលបន្តិចដើម្បីបន្ថែមរសជាតិ។ ផ្លែបឺរមានផ្ទុកកាឡូរីមិនទាបពេកឡើយ ដូច្នេះចូរកម្រិតការទទួលទានរបស់អ្នក។ ប្រហែលត្រឹមកន្លះពែងនៃផ្លែបឺរ គឺគ្រប់គ្រាន់ហើយសម្រាប់អាហារសម្រន់៕
ត្រួតពិនិត្យដោយ www.health.com.kh