ជាតិ
សេរីភាព​ផ្សព្វផ្សាយ​ក្នុង «​គ្រា​ប្រឈម​»…!
08, Apr 2020 , 8:19 pm        
រូបភាព
​លិ​ខិ​មិត្ត​អ្នកអាន 

​មែនទែនទៅ នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ សារព័ត៌មាន​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​ស្ថាប័ន​ឯករាជ្យ​អំណាច​ទី​៤​ក្នុងចំណោម​អំណាច​បី​ផ្សេងទៀត ដូចជា អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​នីតិ​វិនិច្ឆ័យ​(​អំណាចតុលាការ​)​។


 
​សារព័ត៌មាន គឺជា​អ្នក​ដៃគូ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ផង និង​ជា​ឆ្មាំ​តាមដាន​គ្រប់​សកម្មភាព ទាំង​ល្អ ទាំង​អាក្រក់​របស់​រដ្ឋាភិបាល​ផង​។ តាម​ទ្រឹស្តី​សាមញ្ញ គេ​ច្រើន​និយាយថា សារព័ត៌មាន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​សង្គម​ពីក្រោម​ឡើង​ទៅលើ និង​ពីលើ​ចុះមក​ក្រោម​វិញ​។ ក្នុងន័យ​ម្យ៉ាងទៀត សារព័ត៌មាន មាន​តួនាទី​តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​កិច្ចការ​របស់​រដ្ឋ​មួយចំនួន​ដើម្បី​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​។ 
 
​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ពលរដ្ឋ​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពី​រដ្ឋាភិបាល រីឯ រដ្ឋាភិបាល​វិញ មាន​កាតព្វកិច្ច​ត្រូវតែ​ផ្តល់ព័ត៌មាន​ជូន​ពលរដ្ឋ ជារឿយៗ តាមរយៈ​សារព័ត៌មាន​។ បើទោះបីជា​សារព័ត៌មាន​ត្រូវបាន​គេ​ចាត់ទុកថា ជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​យ៉ាងណាក៏ដោយ ក៏​ជារឿយៗ សារព័ត៌មាន និង​រដ្ឋាភិបាល កម្រ​នឹងមាន​គំនិត​ស្របគ្នា​ណាស់​នៅក្នុង​សង្គម​ប្រជា​ជា​ធិបតេយ្យ​។ 
 
​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន និង​និតិ​បញ្ញត្តិ​ត្រូវបាន​គេ​មើលឃើញថា ជា​ដៃគូ​ប្រកួតប្រជែង​ផ្នែក​គំនិត តស៊ូ​មតិ និង​ជជែក​រក​ខុស​-​ត្រូវ​។ មតិ​កាន់តែច្រើន កាន់តែ​ល្អ​។ អ្នកប្រជាធិបតេយ្យ ច្រើន​ឲ្យ​តម្លៃ​ទៅលើ​មតិ​ចម្រុះ​ដោយ​ពួកគេ​ប្រៀបធៀប​មតិ​ចម្រុះ​ទៅនឹង​សួនច្បារ​ដែលមាន​ផ្កា​ចម្រុះ​ច្រើន​ពណ៌​។ 
 
​ទោះបីជា​សារព័ត៌មាន និង​រដ្ឋាភិបាល​ច្រើន​មានគំនិត​ផ្ទុយគ្នា​យ៉ាងណាក៏ដោយ ប៉ុន្តែ ក្នុង​គ្រាអាសន្ន គ្រា​កលិយុគ ដូច​ព្រឹត្តិការណ៍​មេរោគ​កូ​វីដ​១៩​នេះ តើ​សារព័ត៌មាន​គួរ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ជាន់ពន្លិច​រដ្ឋាភិបាល​? តើ​សារព័ត៌មាន គួរ​ច្បិច​យកតែ​ចំណុចខ្សោយ​របស់​រដ្ឋាភិបាល​ក្នុង​គ្រាអាសន្ន​នេះ​មក​បរិហារ ឬ​វាយប្រហារ​? តើ​សារព័ត៌មាន គួរ​សរសេ​ជំរុញ​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម​កាន់តែខ្លាំង​?  
 
​ឬក៏​ត្រឡប់មកវិញ ក្នុង​ស្ថានការណ៍​បែបនេះ សារព័ត៌មាន​គួរ​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​គ្រាអាសន្ន​នេះ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​អាច​កាត់បន្ថយ​ភាព​តានតឹង​។ សារព័ត៌មាន​គួរ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​។ សារព័ត៌មាន​គួរ​ចៀសវាង​ផ្សព្វ​ផ្សាយដំណឹង​ដែល​បង្ក​ឲ្យ​មានការ​ភ័ន្តច្រឡំ​ដល់​សាធារណជន​។​ល​។ 
 
​ផ្អែកលើ​សំណួរ និង​គំនិត​ខាងលើនេះ​, បើតាម​យោបល់​ខ្ញុំ ទោះបី​សារព័ត៌មាន និង​រដ្ឋាភិបាល​ច្រើន​មានមតិ​ផ្ទុយគ្នា​ក៏ដោយ ប៉ុន្តែ ក្នុង​កាលៈទេសៈ​ប្រឈម​ដូច​ករណី​កូ​វីដ​១៩​នេះ សារព័ត៌មាន​ជា​ក្រុមហ៊ុន ឬ​ជា​បុគ្គល​(​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​) គួរ​ចូលរួម​ធ្វើ​សារ​អប់រំ ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​លើកទឹកចិត្ត​ដល់​ក្រុមការងារ ជាពិសេស​គ្រូពេទ្យ លើកទឹកចិត្ត​ដល់​អ្នកប្រតិបត្តិ​គ្រប់​ជាន់​ថា្នក់ ផ្សព្វផ្សាយ​សរសើរ​ដល់​សប្បុរសជន ជាជាង​ផ្សព្វផ្សាយ​អត្ថបទ​ដែល​បង្ក​ឲ្យ​មាន​សម្អប់ កំហឹង ឬ​ហិង្សា​។ ចាំ​ចប់​គ្រាអាសន្ន​នេះ​សិន ពេលនោះ សារព័ត៌មាន​អាច​ប្រើប្រាស់​អំណាច​របស់ខ្លួន​ដើម្បី​ថ្លឹង​តុល្យភាព​អំណាច​ជាមួយ​រដ្ឋាភិបាល​សម្រាប់​ផលប្រយោជន៍​មហាជន​ជាថ្មី​ឡើងវិញ​។ ជាថ្មី​ម្តងទៀត ក្នុង​គ្រា​ប្រឈម​(​កូ​វីដ​១៩)​នេះ សារព័ត៌មាន​ជា​ក្រុមហ៊ុន ឬ​ជា​បុគ្គល​(​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​) គួរ​ចៀសវាង​ការផ្សព្វផ្សាយ​ណា​ដែល​នាំ​ឲ្យ​ខាតបង់​ដល់​ជាតិ ឬ​នាំ​ឲ្យ​ជាតិ​បែកបាក់​។ ចូរ​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ជួយ​គ្នា ក្នុង​គ្រា​លំបាក​(​ប្រឈម​)៕ 
 
​លោក លឹម រតនា ពលរដ្ឋ​ភ្នំពេញ 

© រក្សាសិទ្ធិដោយ thmeythmey.com