COVID-19
អន្តរជាតិ
ចំនួនប្រជាជនសរុបសិង្ហបុរីធ្លាក់ចុះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៣
27, Sep 2020 , 8:29 am        
រូបភាព
ដោយ:
ប្រជាជនសរុបរបស់សិង្ហបុរី បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៣។ នេះបើតាមរបាយការណ៍របស់ស្ថាប័នស្ថិតិប្រទេស។ ការធ្លាក់ចុះ បង្កដោយការថយចុះចំនួនពលករបរទេសដែលធ្វើការក្នុងប្រទេសនេះ ក្រោយការរឹតត្បិតការធ្វើដំណើរ និងការបាត់បង់ការងារដែលបណ្តាលមកដោយសារវិបត្តិជំងឺ COVID-19 ។

 
ក្នុងរបាយការណ៍ប្រជាជនប្រចាំឆ្នាំដែលផ្សាយដោយទូរទស្សន៍ Channel NewsAsia នៅថ្ងៃទី២៤ ខែកញ្ញា ប្រជាជនសរុបរបស់សិង្ហបុរីបានធ្លាក់ចុះប្រហែល ១៨,០០០ នាក់ឬ ០,៣% នៃប្រជាជនសរុប ៥,៦៩ លាននាក់នេះ។ ចំនួនជនបរទេស បានធ្លាក់ចុះ២ភាគរយមកត្រឹមចំនួន ១,៦៤ លាននាក់។ ការធ្លាក់ចុះខ្លាំងនេះ បូកបន្ថែមការធ្លាក់ចុះបន្តិចបន្តួចនៃអ្នករស់នៅអចិន្រ្តៃយ៍ផងនោះ  ធ្វើឲ្យការធ្លាក់ចុះជារួមមានលើសចំនួនប្រជាជនសិង្ហបុរីតិចតួចដែលត្រឡប់ចូលស្រុកវិញ។ 
 
«និន្នាការទាំងនេះ កើតមានភាគច្រើនដោយសារតែបញ្ហាប្រឈមដែលទាក់ទងនឹង Covd-19 ដែលបានជាលទ្ធផលនៃការតម្រូវការថយចុះ និងការរឹតត្បិតការធ្វើដំណើរ។» នេះជាការបញ្ជាក់របស់របាយការណ៍ខាងលើ ដែលបន្ថែមថា ការបាត់បង់ការងារនៅក្នុងសេវាកម្មដែលជាវិស័យមួយពឹងផ្អែកយ៉ាងខ្លាំងដោយកម្លាំងពលកម្មបរទេសដែលមានប្រាក់ឈ្នួលទាប ក៏ជាកត្តាមួយដែរ។
 
ខណៈដែលជំងឺ COVID-19 ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនោះ រដ្ឋាភិបាលសិង្ហបុរី បានចាត់វិធានការជាច្រើន សំដៅផ្ដល់ការងារឲ្យប្រជាជនក្នុងស្រុក ដែលការណ៍នេះបានប៉ះពាល់ដល់កម្លាំងពលកម្មបរទេសដែលធ្លាប់ជាឆ្អឹងខ្នងសំខាន់ក្នុងវិស័យសំណង់ និងទេសចរណ៍ជាដើម។ ដោយសារ COVID-19 សេដ្ឋកិច្ចរបស់សិង្ហបុរី ត្រូវបានប៉ាន់ស្មានថា ធ្លាក់ចុះចន្លោះពី ៥ភាគរយទៅ ៧ភាគរយសម្រាប់ឆ្នាំនេះ។
 
ទាក់ទងរឿងរឹតត្បិតជនបរទេសនេះ នាយករដ្ឋមន្រ្តី លី សៀនឡុង ធ្លាប់និយាយថា រដ្ឋាភិបាលប្រុងប្រយ័ត្នដើម្បីធានាថា អ្វីដែលបានធ្វើមិនមែនសំដៅដល់ការបិទសិទ្ធិជនបរទេសពីការរកការងារ ឬលែងស្វាគមន៍ពួកគេនៅសិង្ហបុរីឡើយ៕
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com