កីឡាអន្តរជាតិ
អន្តរជាតិ
លទ្ធផល​មិនគួរឲ្យជឿ! Liverpool ចាញ់ Aston ៧-២ ក្រោយ Spurs ស៊ី Man Utd ៦-១
05, Oct 2020 , 6:29 am        
រូបភាព
តាមកំណត់ត្រានៅ Premier League នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលហង្សក្រហម និងបិសាចក្រហមចាញ់​ច្រើនគ្រាប់ក្នុងថ្ងៃតែមួយ
តាមកំណត់ត្រានៅ Premier League នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលហង្សក្រហម និងបិសាចក្រហមចាញ់​ច្រើនគ្រាប់ក្នុងថ្ងៃតែមួយ
ដោយ: ថ្មីៗ
Aston Villa បានយកឈ្នះ Liverpool ៧-២ បន្ទាប់ពី Tottenham Hotspur ស៊ី Manchester United ដែលមានគ្នាត្រឹម១០នាក់ក្នុងលទ្ធផល ៦-១។ រីឯលទ្ធផលផ្សេងទៀតនៅ Premier League នារាត្រីថ្ងៃអាទិត្យ ដដែល West Ham, Newcastle, Southampton, Wolverhamptoon, Arsenal សុទ្ធតែបាន៣ពិន្ទុ។



Liverpool បានរងបរាជ័យដ៏មិនស្មានដល់នៅទឹកដី Villa Park ដោយ Aston Villa នាំមុខ ៤-១ នៅតង់ទី១ ជាមួយគ្រាប់ Hat-trick របស់ Ollie Watkins និង១គ្រាប់របស់ John McGinn ខណៈ Mohamed Salah រកបាន១គ្រាប់សម្រាប់ហង្សក្រហម។

ឈានដល់តង់ទី២ Ross Barkley បង្កើតការនាំមុខសម្រាប់ម្ចាស់ផ្ទះ ហើយ Salah តាមពីក្រោយ១គ្រាប់ និងជាគ្រាប់ទី២របស់ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ មុនពេលដែល Jack Grealish សម្រេចបាន២គ្រាប់ជាបន្តបន្ទាប់ ដែលនាំឲ្យ Aston  ទទួលបានជ័យជម្នះ ៧-២។

Liverpool ក្លាយជាម្ចាស់ការពារជើងឯកទី១ ដែលចាញ់ការប្រកួត ដោយធ្លាយគ្រាប់បាល់ចំនួន៧គ្រាប់ក្នុងប្រវត្តិសាស្ត្រជិត៧០ឆ្នាំ ខណៈកាលពីឆ្នាំ១៩៥៣ Arsenal បានចាញ់ Sunderland ៧-១។ នេះក៏ជាបរាជ័យដ៏អាក្រក់បំផុតផងដែររបស់ហង្សក្រហមនៅសម័យកាលលោក Jurgen Klopp បន្ទាប់ពីពួកគេធ្លាប់ចាញ់ Stoke City ៦-១ កាលពីឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោក Brendan Rodgers។

រីឯការប្រកួតនៅ Old Trafford, Manchester United ដែលមានគ្នា១០នាក់ បានចាញ់ភ្ញៀវ Spurs ៦-១។ ប្រកួតបានត្រឹម៧នាទី មានលទ្ធផល ២-១ រួចទៅហើយ ដោយ Bruno Fernandes ទាត់បាល់ប៉េណាល់ទីនាំមុខសម្រាប់បិសាចក្រហម ហើយ Tanguy Ndombele និង Heung-Min Son វាយបកវិញភ្លាមៗសម្រាប់មាន់ខ្នាយមាស។

នៅនាទីទី២៨ Anthony Martial ទទួលបានកាតក្រហម។ ក្រុមភ្ញៀវរកបាន២គ្រាប់ទៀតមុនបញ្ចប់តង់ទី១ ដែលសម្រេចបានដោយ Harry Kane និង Son ហើយនៅ៤៥នាទីបន្ទាប់ពួកគេបន្ថែមបាន២គ្រាប់ទៀត ដោយ Serge Aurier និងការទាត់ប៉េណាល់ទីរបស់ Kane ដែលធ្វើឲ្យការប្រកួតបញ្ចប់ក្នុងលទ្ធផល ៦-១។

Manchester United ត្រូវបានគេស៊ុតបាល់បញ្ចូលទី៦គ្រាប់ជាលើកទី៣ក្នុងការប្រកួត Premier League ដោយឆ្នាំ១៩៩៦ ពួកគេធ្លាប់ចាញ់ Southampton ៦-៣ និងចាញ់ Manchester City ៦-១ នៅឆ្នាំ២០១១។ នេះក៏ជាជ័យជម្នះដ៏ធំធេងរបស់ Tottenham ផងដែរនៅ Old Trafford ហើយកាលពីឆ្នាំ១៩៣២ ពួកគេធ្លាប់យកឈ្នះ បិសាចក្រហមនៅទឹកដីខ្លួនឯងក្នុងលទ្ធផល ៦-១។

លទ្ធផលផ្សេងទៀតទៀតកាលពីថ្ងៃអាទិត្យ Arsenal យកឈ្នះ Sheffield United ២-១ ទាំងលំបាក រីឯ West Ham ស៊ីម្ចាស់ផ្ទះ Leicester ៣-០, Newcastle ឈ្នះ Burnley ៣-១, Southampton ឈ្នះ West Brom ២-០, Wolverhampton ឈ្នះ Fulham ១-០។

កាលពីថ្ងៃសៅរ៍ Chelsea ស៊ី Crystal Palace ៤-០, Everton ឈ្នះ Brighton ៤-២ និង Leeds United តាមស្មើ Manchester City ១-១។ Everton ឈ្នះលើកំពូលតារាងដោយឈ្នះទាំង៤ប្រកួតជាប់គ្នា ខណៈ Aston Villa ដែលឈ្នះទាំង៣ប្រកួតដំបូងឈរលេខ២បណ្តោះអាសន្ន៕


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com