ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក ហ៊ុន ម៉ា​ណែ​ត ទៅ​ជួប​អ្នកគាំទ្រ​នៅ​អូស្ត្រាលី ដោយ​មិន​បារម្ភ​ពី​បាតុកម្ម​
06, Oct 2016 , 10:11 pm        
រូបភាព
​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​មួយចំនួន ចាក​ចេញពី​កម្ពុជា នៅ​ព្រលប់​ម៉ោង​៦​និង​៣០​នាទី នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ឆ្ពោះទៅកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​។ បន្ទាប់មក គណៈប្រតិភូ​នេះ នឹង​បន្តទៅ​បំពេញបេសកកម្ម នៅ​ប្រទេស​ញ៉ូ​ហ្សេ​លែ​ន ផងដែរ មុននឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​។



​មុននឹង​ឡើង​យន្តហោះ លោក ហ៊ុន ម៉ា​ណែត បានផ្តល់​បទ​សម្ភាស​ខ្លី​មួយ ដល់​ក្រុម​អ្នកសារព័ត៌មាន ជុំវិញ​គោលបំណង​របស់លោក ដែល​ទៅ​បំពេញបេសកកម្ម​នៅឯ​បរទេស​។ លោក ប្រាប់​អ្នកសារព័ត៌មាន​ថា គោលបំណង​នៃ​ការបំពេញ​ទស្សនកិច្ច​លើក​នេះ គឺ​ដើម្បី​ជួបជុំ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស​។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្តល់ឱកាស​ដល់​លោក ហ៊ុន ម៉ា​ណែ​ត និង​ប្រជាពលរដ្ឋ​នៅឯ​បរទេស បាន​ឈ្វេងយល់​ព័ត៌មាន​ជាមួយគ្នា  ទាក់ទង​នឹង​បញ្ហា​ប្រទេសជាតិ​។ 
 
​ក្រៅពី​បង្ហាញ​គោលបំណង​នៃ​ការ​ទៅ​បំពេញបេសកកម្ម​រួចហើយ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អះអាងថា ពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​កំពុង​រស់នៅក្នុង​ប្រទេស​អូស្ត្រាលី បាន​ចេញមុខ​ព្រមាន​ធ្វើបាតុកម្ម ដើម្បី​ប្រឆាំងនឹង​វត្តមាន​របស់លោក នៅពេលដែល​គណៈប្រតិភូ​ទៅដល់​ទីនោះ​។ បើទោះបី​ជាមាន​គម្រោង​បាតុកម្ម​មែន​ក៏ដោយចុះ ក៏​លោក ហ៊ុន ម៉ា​ណែ​ត មិន​ព្រួយបារម្ភ​ដែរ​។ លោក​អះអាងថា ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រូបលោក​នេះ មិនមែន​រឿង​ថ្មី​នោះទេ តួយ៉ាង​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅក្នុង​សហរដ្ឋអាមេរិក ក៏​ធ្លាប់ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​លោក​ដែរ ក្នុងអំឡុង​ពេលដែល​លោក កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ កាលពី​ប៉ុន្មាន​ខែ​មុន​។  
 
​យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ា​ណែ​ត មិនមាន​ទុទិដ្ឋិនិយម ចំពោះ​ប្រជាពលរដ្ឋ ដែល​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​លោក នោះទេ​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​ចាត់ទុកថា ការធ្វើ​បាតុកម្ម គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។ តែ​លោក នៅតែ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើបាតុកម្ម​ឲ្យ​សមស្រប​ទៅតាម​ច្បាប់ និង​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក បើ​ពុំ​ដូច្នេះ​ទេ​ពួកគេ ប្រាកដជា​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​របស់​ប្រទេស​អូ​ស្រា្ត​លី​ជាមិនខាន​។ 
 
​លោក ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់ៗ​បែបនេះ​ថា​៖«​ខ្ញុំ​សូមបញ្ជាក់ ការរៀបចំ​ធ្វើបាតុកម្ម​នេះ មិនមែន​ធ្វើឡើង​ដោយ​ចៃដន្យ​ទេ គឺមាន​ការរៀបចំ​ច្បាស់លាស់ ហើយ​អម្បាញ់មិញ​នេះ ក៏មាន​លោកពូ​ម្នាក់​នៅ​អូ​ស្រា្ត​លី គាត់​បានចេញ​មកហើយ គាត់​ថា​គាត់​បាន​ត្រៀមលក្ខណ ដើម្បី​រៀបចំ​ធ្វើបាតុកម្ម​។ […..] តែ​ខ្ញុំ​អត់ (​ព្រួយបារម្ភ​) ទេ ព្រោះ​ខ្ញុំ​ធ្លាប់​ហើយ មិនមែនជា​លើកទីមួយ​ទេ ព្រោះ​យើង​កាល​នៅ​អាមេរិក ក៏មាន (​បាតុកម្ម​) ច្រើន​ហើយ​ដែរ​»​។​
 
​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ដឹកនាំ​ដោយ​លោក ហុង លីម តំ​ណា​រាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ទឹកដី​អូស្ត្រាលី​។ ពួកគេ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត ក្រោម​ហេតុផល​ថា កូនប្រុស​របស់​សម្តេច​នាយករដ្ឋមន្ត្រី​រូបនេះ ទៅធ្វើ​ពិធី​សប្បាយរីករាយ​ផឹកស៊ី​នៅ​អូស្ត្រាលី ចំ​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​អូស្ត្រាលី​កំពុង​ធ្វើបុណ្យ​កាន់ទុក្ខ​១០០ ថ្ងៃ​លោក​បណ្ឌិត កែម ឡី​។​
 
​គួររម្លឹកថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​លោក ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​គណៈប្រតិភូ ទៅ​ជួប​ប្រជាពលរដ្ឋ នៅឯ​បរទេស​។ កាលពី​ប៉ុន្មាន​ខែ​មុន លោក​បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្ស​កិច្ច​នៅតាម​បណ្តា​ប្រទេស​មួយចំនួន ដូចជា​សហរដ្ឋអាមេរិក​ជាដើម​៕ 

Tag:
 ហ៊ុន ម៉ាណែត
  ហុង លីម
© រក្សាសិទ្ធិដោយ thmeythmey.com