អត្ថបទពាណិជ្ជកម្ម
គន្លឹះសំខាន់ៗក្នុងការបង្កើតអត្តសញ្ញាណម៉ាកយីហោ ដើម្បីឱ្យអាជីវកម្មរបស់អ្នកអាចប្រកួតប្រជែងក្នុងទីផ្សារ
02, Feb 2021 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
«កំហុសដែលតែងតែកើតឡើង សម្រាប់ការរចនានិមិត្តសញ្ញា គឺនៅពេលយើងរំពឹងថា និមិត្តសញ្ញារបស់យើង គឺតំណាងឱ្យអ្វីៗទាំងអស់ ហើយយើងព្យាយាមបញ្ជូនសារជាច្រើន តាមរយៈនិមិត្តសញ្ញា ព្រោះយើងចង់បង្ហាញពិភពលោកថា យើងជានរណា យើងកំពុងធ្វើអ្វី និងអ្វី ដែលយើងអាចធ្វើបាន។ ប៉ុន្តែនិមិត្តសញ្ញាដ៏មានប្រសិទ្ធភាពមួយ គឺមិនអាចនាំជាសារទាំងអស់នេះបានទេ»។ នេះជាការអះអាងរបស់លោក អ៊ុង គាមេសា អ្នករចនាជាន់ខ្ពស់ នៃក្រុមហ៊ុន KOUPREY Creative Solutions។
 
តើអ្វីដែលធ្វើឱ្យមនុស្សចងចាំ អត្តសញ្ញាណម៉ាកយីហោរបស់អ្នក? តើមានវិធីអ្វី ដែលធ្វើឱ្យអាជីវកម្ម អាចដំណើរការបានយូរអង្វែង? ម្ចាស់អាជីវកម្មភាគច្រើន មានការព្រួយបារម្ភអំពីយុទ្ធសាស្រ្ត ក្នុងការបង្ហាញវត្តមានអាជីវកម្មរបស់ពួកគេ នៅលើទីផ្សារ និងយុទ្ធសាស្រ្តក្នុងការទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជន។ ដើម្បីសម្រេចបានគោលដៅអាជីវកម្ម ម្ចាស់អាជីវកម្មគ្រប់រូប គួរចាប់ផ្តើមជាមួយការបង្កើតនិមិត្តសញ្ញា ក្នុងបំណងធ្វើឱ្យម៉ាកយីហោរបស់អ្នក ត្រូវបានអតិថិជនចងចាំ។ 


 
ជាទូទៅ ការរចនានិមិត្តសញ្ញា មិនមានភាពងាយស្រួលឡើយ ថែមទាំងស្មុគស្មាញទៀតផង ពីព្រោះវាទាមទារឱ្យមានការស្រាវជ្រាវស៊ីជម្រៅ និងច្បាស់លាស់ ដើម្បីបង្កើតបានគំនិតច្នៃប្រឌិត គួរឱ្យទាក់ទាញ។ ដូច្នេះ ថ្ងៃនេះសារពត៌មានថ្មីៗ បានធ្វើបទសម្ភាសជាមួយលោក អ៊ុង គាមេសា ជាអ្នករចនាជាន់ខ្ពស់នៅក្រុមហ៊ុន KOUPREY Creative Solutions ដែលលោកនឹងចែករំលែកអំពីបទពិសោធន៍របស់លោក អំពីការរចនាអត្តសញ្ញាណម៉ាកយីហោ ដើម្បីជួយឱ្យអាជីវកម្មរបស់អ្នក លេចធ្លោ ក្នុងចំណោមដៃគូប្រកួតប្រជែង។
 
ដើម្បីបង្កើតអត្តសញ្ញាណម៉ាកយីហោមួយ ដែលមានភាពលេចធ្លោក្នុងចំណោមដៃគូប្រកួតប្រជែង យើងគួរតែពិចារណាលើគន្លឹះសំខាន់ៗ នៃការរចនាដូចខាងក្រោម៖
 
ក្នុងនាមជាអ្នករចនាជាន់ខ្ពស់មួយរូប លោក គាមេសា បានលើកឡើងថាដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ ការរចនានិមិត្តសញ្ញាគួរ តែមានភាពសាមញ្ញបំផុត ពីព្រោះនិមិត្តសញ្ញា ដែលមានភាពសាមញ្ញ វាអាចងាយក្នុងការបង្ហាញពីភាពលេចធ្លោរបស់វា និងងាយក្នុងការបញ្ចូនសារអំពីម៉ាកយីហោរបស់អ្នកដល់អតិថិជន ព្រមទាំងជួយឱ្យងាយស្រួល ក្នុងការចងចាំថែមទៀតផង។ ដូច្នេះ អ្នករចនាគ្រប់រូបគួរជៀសវាងក្នុងការរចនានិមិត្តសញ្ញា ដែលមានភាពស្មុគស្មាញ និងពិបាក់យល់ ឬអ្នកអាចអនុវត្តតាមយុទ្ធសាស្រ្ត K.I.S.S (Keep It Simple and Stupid)។ 
 



លោក គាមេសា ក៏បានពន្យល់យ៉ាងក្លៀក្លាផងដែរថា៖ «និមិត្តសញ្ញាមួយ ដែលសាមញ្ញ គឺអាចបត់បែនបានគ្រប់ស្ថានការ មានន័យថាយើងអាចប្រើប្រាស់បាន គ្រប់កាលៈទេសៈដូចជា៖ លើប្រព័ន្ធផ្សព្វផ្សាយ និងផលិតផលផ្សេងៗ ជាច្រើនទៀត។ ឧទាហរណ៍ជាក់ស្តែង ប្រសិនបើអ្នករចនានិមិត្តសញ្ញាដោយប្រើប្រាស់និមិត្តរូប ឬពុម្ពអក្សរតូចៗ ស្មុគស្មាញ វាអាចនឹងមានផលវិបាក នៅពេលអ្នកចង់បោះពុម្ពនិមិត្តសញ្ញានោះ នៅលើសម្ភារមួយចំនួនដូចជា៖ ប៊ិច ឬ ក្រដាស ឬនៅលើប្រព័ន្ធផ្សព្វផ្សាយនៅលើទូរទស្សន៍ និងបណ្តាញសង្គមហ្វេសប៊ុក»។ 
 
ជាចុងក្រោយ និមិត្តសញ្ញា ដែលមានប្រសិទ្ធភាពបំផុត គឺអាចប្រើប្រាស់បានពី២០ ទៅ ៥០ ឆ្នាំ នៅក្នុងទីផ្សារប្រកួតប្រជែង។ ដូច្នេះអ្នករចនា គួរតែមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើតគំនិតច្នៃប្រឌិត និងគួរឱ្យទាក់ទាញក្នុងការរចនានិមិត្តសញ្ញា។ ទាំងនេះ គឺជារូបមន្តសំខាន់ ដែលម៉ាកយីហោអន្តរជាតិពិចារណា នៅពេលពួកគេគិតពីការរចនានិមិត្តសញ្ញាដំបូង។
 
ដូច្នេះហើយ ប្រសិនបើ អ្នកចង់រចនានិមិត្តសញ្ញាមួយឱ្យមានភាពល្អប្រណិត អ្នកគួរសិក្សាស្រាវជ្រាវបន្ថែម អំពីក្រុមហ៊ុនរបស់អតិថិជន ប្រភេទអាជីវកម្ម ដៃគូប្រកួតប្រជែង គោលដៅអតិថិជន និងគោលដៅនៃអាជីវកម្មរបស់អតិថិជននោះ។ ការយល់ដឹងអំពីអាជីវកម្មរបស់អតិថិជនកាន់តែច្បាស់ អ្នកអាចជួយឱ្យអ្នកដឹងពីអ្វី ដែលគួរ និងមិនគួរដាក់បញ្ចូលក្នុងនិមិត្តសញ្ញា។


 
ដើម្បីបង្កើតនិមិត្តសញ្ញា ដែលលេចធ្លោ និងគួរឱ្យទាក់ទាញ អ្នករចនាត្រូវតែជៀសវាងកំហុសទាំងនេះ៖ 
លោក គាមេសា ជឿជាក់ថា គ្មាននរណាម្នាក់ មានចេតនាចង់បង្កើតកំហុស ក្នុងការរចនានិមិត្តសញ្ញា ហើយពេលខ្លះកំហុសទាំងនោះ អាចកើតឡើងដោយអចេតនាក៏ថាបាន។ ជាក់ស្តែងនៅពេលយើងរចនានិមិត្តសញ្ញា សម្រាប់ហាងកាហ្វេ ជាទូទៅយើងប្រាកដជាគិតដល់ការរួមបញ្ចូលនិមិត្តរូប គ្រាប់កាហ្វេ ឬ ពែងកាហ្វេជាដើ មនៅលើនិមិត្តសញ្ញានោះ។ 
 
លោក គាមេសា បានពន្យល់ថា៖ «សម្រាប់ចំណុចនេះ ខ្ញុំមិនមានន័យថាអ្វី ដែលពួកគេកំពុងធ្វើគឺខុសនោះទេ ប៉ុន្តែប្រសិនបើ អ្នករចនានិមិត្តសញ្ញាបែបនេះ នោះនិមិត្តសញ្ញារបស់អ្នក មិនមានអ្វីប្លែកពីហាងកាហ្វេដទៃទៀតនោះទេ។ អ្នករចនាអាចប្រើប្រាស់ដូចជា៖ ស្លឹកកាហ្វេ ឬ ផ្លាកសញ្ញាផ្សេងៗ ដែលចៀសវាងភាពស្រដៀងគ្នា នៅលើទីផ្សារអាជីវកម្ម»។ 
 
លោក គាមេសា ក៏បានបន្ថែមថា៖ «កំហុស ដែលតែងតែកើតឡើង សម្រាប់ការរចនានិមិត្តសញ្ញា គឺនៅពេលយើងរំពឹងថា និមិត្តសញ្ញារបស់យើង គឺតំណាងឱ្យអ្វីៗទាំងអស់ ហើយយើងព្យាយាមបញ្ជូនសារជាច្រើន តាមរយៈនិមិត្តសញ្ញា ព្រោះយើងចង់បង្ហាញពិភពលោកថា យើងជានរណា យើងកំពុងធ្វើអ្វី និងអ្វីដែលយើងអាចធ្វើបាន។ ប៉ុន្តែនិមិត្តសញ្ញាដ៏មានប្រសិទ្ធភាពមួយ គឺមិនអាចនាំជាសារទាំងអស់នេះបានទេ»។ 
 



លោក គាមេសា ក៏បានរំលឹកទៀតថា៖ «ខ្ញុំគិតថាអ្នករចនាគ្រប់រូប តែងតែទទួលបាននូវមតិកែលម្អពីអតិថិជន ហើយពេលខ្លះយោបល់ទាំងនោះ មិនសមស្របនឹងគោលការណ៍នៃការរចនាឡើយ ឬអាចនិយាយបានថា យោបល់ទាំងនោះ ប្រែទៅជាកំហុសទូទៅ សម្រាប់ការរចនានិមិត្តសញ្ញាទៅវិញ។ ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងនេះ អ្នកត្រូវពន្យល់ឱ្យបានច្បាស់ និងល្អិតល្អន់ដល់អតិថិជន អំពីការជ្រើសរើសគំនិតក្នុងការរចនានិមិត្តសញ្ញា ហើយគួរតែពន្យល់ទាក់ទិនទៅនឹងបញ្ហាប្រឈម ដែលអាចកើតមានឡើងនាពេលអនាគត»។ 
 
និន្នាការនៃការរចនាមានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះយើងគួរតែចេះកែលម្អខ្លួនឯងនៅក្នុងការរចនា៖
បច្ចុប្បន្ននេះ ការសិក្សាបន្ថែមអំពីការរចនាក្រាហ្វិក មានច្រើនបែបច្រើនយ៉ាង ជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត ដែលមនុស្សភាគច្រើន ទំនោរជារៀនតាមយូធ្យូប។ ដ្បិតថាវាពិតជាមាន ប្រជាប្រិយភាព សម្រាប់មនុស្សទូទៅ ប៉ុន្តែក៏មានការបង្រៀនការរចនាក្រាហ្វិក តាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗ ជាច្រើនទៀតដែរដូចជា៖ Skills Share និង Lynda ដែលអ្នករចនាគ្រប់រូប អាចដុសខាត់ជំនាញ ដោយសេរីបន្ថែមបាន។ លោក គាមេសា ក៏បានបន្ថែមថា៖ «ជាអ្នករចនាមួយរូប អ្នកគួរតែពង្រឹងជំនាញបច្ចេកទេសរបស់អ្នក ឱ្យតាមទាន់និន្នាការ ព្រោះថាលក្ខណៈពិសេស នៃកម្មវិធីរចនាក្រាហ្វិកនីមួយៗ ផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់»។ 
 



លោក គាមេសា ក៏បានផ្តាំថា៖ «អ្នករចនា គួរកែលម្អខ្លួនឱ្យទាន់សម័យកាល ដោយអាចសិក្សាបន្ថែម ពីស្នាដៃរបស់អ្នករចនាបរទេស។ មិនមែនមានន័យថា ឱ្យយើងទៅចម្លងស្នាដៃ ឬ គំនិតរបស់ពួកគេទេ ប៉ុន្តែវាមានប្រយោជន៍សម្រាប់យើង ដើម្បីទទួលបានគំនិតច្នៃប្រឌិតថ្មីៗ កាន់តែច្រើន ពីស្នាដៃរបស់ពួកគេ។ ពេលខ្លះ យើងក៏អាចទទួលយកដំបូន្មានពីពួកគេបន្ថែមទៀត។ សំខាន់ជាងនេះទៅទៀត អ្នកអាចចូលទៅមើលនូវសមិទ្ធផល របស់អ្នករចនាផ្សេងៗ នៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានស្នាដៃជាច្រើនដូចជា៖ ការរចនាក្រាហ្វិក រចនាម៉ូត រូបភាព និងការថតរូបជាដើម។ អ្នកអាចស្វែងរកនៅលើគេហទំព័រល្បីៗ ជាច្រើនដូចជា៖ Behance និង Pinterest ជាដើម។ ជាពិសេស អ្នកក៏អាចចុះឈ្មោះសម្រាប់គណនីផ្ទាល់ខ្លួន ដើម្បីបង្ហាញស្នាដៃសិល្បៈរចនា របស់អ្នកក៏បាន»៕


























 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Kouprey
© រក្សាសិទ្ធិដោយ thmeythmey.com