អន្តរជាតិ
រុស្ស៊ី និង Pfizer យល់ព្រមលក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ឱ្យថៃ
23, Apr 2021 , 8:29 pm        
រូបភាព
កម្មវិធីចាក់វ៉ាក់សាំងនៅថៃ។ រូបភាព៖ AP
កម្មវិធីចាក់វ៉ាក់សាំងនៅថៃ។ រូបភាព៖ AP
 នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២២ ខែមេសា បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី បានយល់ព្រមដោយផ្ទាល់ ក្នុងការលក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V មកឱ្យរដ្ឋាភិបាលថៃ។ ស្របគ្នានេះ ថៃ ក៏បានប្រកាសផងដែរថា ក្រុមហ៊ុនPfizer បានយល់ព្រមលក់វ៉ាក់សាំងឱ្យខ្លួនក្នុងចំនួន ១០លានដូស។

 
មកទល់ពេលនេះ ថៃបានផ្តល់វ៉ាក់សាំងឱ្យប្រជាជនខ្លួន បានជាង៦០ម៉ឺនដូសប៉ុណ្ណោះ ស្របពេលរដ្ឋាភិបាលកំពុងស្វះស្វែងរកវ៉ាក់សាំងបន្ថែម ដើម្បីចាក់ឱ្យប្រជាជនខ្លួន និងសម្រេចគោលដៅ ដែលរដ្ឋាភិបាលបានដាក់ នាពេលកន្លងមក។ 
 
ទាក់ទិននឹងបញ្ហាខាងលើ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានបង្ហាញលើបណ្តាញសង្គម Facebook របស់លោកថា លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាដោយផ្ទាល់ ក្នុងការគាំទ្រថៃប្រយុទ្ធប្រឆាំងកូវីដ-១៩ និងលក់វ៉ាក់សាំង Sputnik V ដល់ថៃ។ កិច្ចសន្យាលក់នេះ គឺជាកិច្ចសន្យារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ការយល់ព្រមរបស់ប្រធានាធិបតីរុស្ស៊ីបែបនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ បានប្រាប់ឱ្យក្រសួងការបរទេសថៃព្យាយាមទិញវ៉ាក់សាំងពីរុស្ស៊ីបន្ថែមទៀត។ បន្ទាប់ពីនោះ លោកប្រាយុទ្ធ បានបញ្ជាឱ្យក្រសួងសុខាភិបាលថៃទៅចរចាជាមួយក្រុមហ៊ុនវ៉ាក់សាំង Sputnik V។ 
 
ការប្រកាសរបស់នាយករដ្ឋមន្រ្តីថៃខាងលើ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ស្នើទៅលោក ប្រាយុទ្ធ ដើម្បីចរចាជំនួសរដ្ឋាភិបាលថៃ ក្នុងការទិញវ៉ាក់សាំងពីរុស្ស៊ី។ ប៉ុន្តែសំណើនេះ ត្រូវលោក  ប្រាយុទ្ធ បដិសេធ។ 
 
ក្នុងថ្ងៃដដែលនេះ ថៃបានប្រកាសថា ក្រុមហ៊ុន Pfizer បានយល់ព្រមលក់វ៉ាក់សាំងឱ្យខ្លួន ចំនួន ១០លានដូស ដើម្បីចាក់ឱ្យប្រជាជនខ្លួន។ ពេលនេះ ថៃកំពុងប្រើវ៉ាក់សាំងចំនួនពីរប្រភេទ គឺវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sinovac។ 
 
នៅថ្ងៃទី២៨ ខែមេសាខាងមុខ លោកប្រាយុទ្ធ នឹងបើកកិច្ចប្រជុំមួយជាមួយវិស័យឯកជន រួមទាំងសហព័ន្ធឧស្សាហកម្មថៃ, សមាគមធនាគារថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃជាដើម ដើម្បីពិភាក្សាលើការទិញវ៉ាក់សាំងឱ្យបានច្រើន។ 
 
គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមេសា ថៃបានរាយការណ៍ករណីឆ្លងកូវីដ-១៩ ចំនួន ២០៧០ករណី ដោយករណីឆ្លងក្នុងស្រុកមានចំនួន ២០៦២ករណី និងករណីនាំចូលមានចំនួន ៨ករណី។ ករណីឆ្លងសរុបថៃមានករណីឆ្លងចំនួន ៥០១៨៣ករណី និងអ្នកស្លាប់មានចំនួន ១២១នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣០១៨៩នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com