អន្តរជាតិ
ម៉ាឡេស៊ីថា វ៉ាក់សាំង AstraZeneca មានសុវត្ថិភាព ហើយនឹងប្រើលើមនុស្សវ័យ៦០ឆ្នាំឡើង
26, Apr 2021 , 4:33 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ឈួ ស៊ាវយីងជាវ

អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន AstraZeneca មានសុវត្ថិភាពសម្រាប់ប្រើប្រាស់ ហើយវ៉ាក់សាំងនេះ នឹងផ្ដល់ឱ្យប្រជាជនដែលមានមានវ័យ៦០ឆ្នាំឡើងទៅ។ ការប្រកាសនេះ ធ្វើឡើងក្រោយមានក្ដីបារម្ភទាក់ទងកំណកសរសៃឈាមក្នុងចំណោមអ្នកដែលទទួលបានវ៉ាក់សាំងនេះ។


«ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានសុវត្ថិភាព និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ចំពោះមនុស្សដែលមានវ័យចាប់ពី៦០ឡើងទៅ»។ រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី Adham Babaថ្លែងបែបនេះក្នុងសន្និសីទកាសែតតាមទូរទស្សន៍នៅថ្ងៃទី២៦ ខែមេសា។ ម៉ាឡេស៊ី ទទួលបានវ៉ាក់សាំងរបស់ AstraZeneca ជំហានទីមួយពីយន្តការ COVAX ជិត២៧ម៉ឺនដូសកាលពីថ្ងៃទី២៣ ខែមេសា។ 
 
កន្លងមក ប្រទេសជាច្រើនបានសម្រេចព្យួរ និងកំណត់ការប្រើប្រាស់វ៉ាក់សាំងនេះ ដោយសារក្ដីបារម្ភទាក់ទងនឹងបញ្ហាកំណឈាមនៅសរសៃវែន។ ប៉ុន្តែនិយ័តករឱសថនៅអង់គ្លេស និងអឺរ៉ុបបានត្រួតពិនិត្យឡើងវិញ និងបញ្ជាក់ថា វ៉ាក់សាំងរបស់ AstraZeneca មានប្រសិទ្ធភាពខ្ពស់ និងមានអត្ថប្រយោជន៍ច្រើនជាងហានិភ័យ។
 
បន្ថែមពីនេះ មន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីផ្ទាល់ អះអាងថា វ៉ាក់សាំងនេះត្រូវបានរកឃើញថា សមស្របសម្រាប់ប្រើប្រាស់លើមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ ម៉ាឡេស៊ី ក៏កំពុងពិនិត្យមើលទិន្នន័យនានាដើម្បីឈានដល់ការប្រើប្រាស់វ៉ាក់សាំងនេះលើប្រជាជនក្រុមអាយុផ្សេងទៀត។
 
ម៉ាឡេស៊ី ធានាបានវ៉ាក់សាំងសរុប១២,៨លានដូសពីក្រុមហ៊ុន AstraZeneca ហើយចំនួនពាក់កណ្ដាលនឹងទទួលបានតាមយន្តការ COVAX ។ ក្រៅវ៉ាក់សាំងរបស់ AstraZeneca ម៉ាឡេស៊ី ក៏ប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Sinovac Biotech របស់ចិនផងដែរ៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com