COVID-19
ជាតិ
រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិចំនួន១០ និង៤ឃុំ ក្នុងស្រុកបាធាយ ស្រីសន្ធរ និងស្រុកកងមាស
30, Apr 2021 , 5:01 pm        
រូបភាព
ភូមិមួយត្រូវបានបិទខ្ទប់ ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកម្មការិនីចំនួន ២៤នាក់ នៅស្រុកកងមាស។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកំពង់ចាម។
ភូមិមួយត្រូវបានបិទខ្ទប់ ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកម្មការិនីចំនួន ២៤នាក់ នៅស្រុកកងមាស។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកំពង់ចាម។
ដោយ៖ ស៊ុល រ៉វី 

 
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ចាមសម្រេចបិទខ្ទប់ (Lockdown)ភូមិចំនួន១០ និងឃុំចំនួន៤ ក្នុងស្រុកបាធាយ ស្រីសន្ធរ និងស្រុកកងមាសខេត្តកំពង់ចាមរយៈពេល១៤ថ្ងៃ ក្រោយរកឃើញពលរដ្ឋជាច្រើននាក់វិជ្ជមានកូវីដ-១៩។


 
នៅថ្ងៃទី៣០ ខែមេសានេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសម្រេចសម្រេចចំនួន ៨ផ្សេងគញនា ស្តីពីការបិទខ្ទប់ភូមិចំនួន១០ និងឃុំ៤ នៅក្នុងភូមិសាស្ត្រស្រុក បាធាយ ស្រីសន្ធរ និងស្រុកកងមាស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។  ក្នុងចំណោមភូមិទាំង១០ ដែលត្រូវបិទខ្ទប់ មានភូមិភូមិតាំងក្រាំង នៃឃុំជាលា, ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក នៃឃុំតាំងក្រាំង និងភូមិចុង  ភូមិសង្កើប នៃឃុំសំបូរ ស្រុកបាធាយ។
 
ចំណែកស្រុកស្រីសន្ធរ មានភូមិចំនួន៣ និងឃុំ១ ត្រូវបិទខ្ទប់ រួមមានភូមិជ័យ នៃឃុំមានជ័យ, ភូមិសន្ទៃ និងភូមិច្រស់ នៃឃុំព្រែកពោធិ៍ ព្រមទាំងបិទខ្ទប់ឃុំប្រាំយ៉ាម។ ដោយឡែកនៅស្រុកកងមាស មានភូមិចំនួន ២ គឺភូមិអន្លង់គគីរ និងភូមិគងជ័យ និងឃុំចំនួន៣ ដែលរួមមានឃុំស្ដៅ ឃុំរការអារ និងឃុំកងតាណឹង។
ការសម្រេចបិទខ្ទប់ ភូមិ និងឃុំ នៃស្រុកបាធាយ ស្រុកស្រីសន្ធរ និងស្រុកកងមាស ក្នុងខេត្តកំពង់ចាមនេះក្រោយតេស្តឃើញវិជ្ជមានកូវីដ-១៩ លើពលរដ្ឋ។ ការបិទខ្ទប់នេះទៀតសោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩មេសា ដល់ថ្ងៃទី១២ឧសភា។ 
 
សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០មេសានេះ បានរកឃើញពលរដ្ឋចំនួន ៦នាក់ មានវិជ្ជមានកូវីដ-១៩ និងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ អ្នកជំងឺដែលរកឃើញ មានឈ្មោះ កុយ ស្រីកែវ ភេទស្រី អាយុ២២ឆ្នាំ និងម្ដាយឈ្មោះ ហួរ មួយឈ័រ អាយុ៥២ឆ្នាំ ក្នុងភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។ អ្នកជំងឺទី៣ ឈ្មោះ សម្បត្តិ វ៉ាន់ឌី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិស្វាយពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ជាកម្មការិនីរោងចក្រ ៧អិនជី ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ អ្នកជំងឺទី៤ ឈ្មោះ រ៉េន ស៊ីណាត  អាយុ២៧ឆ្នាំ រស់នៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ជាកម្មការិនីរោងចក្រស៊ិកផ្លើស ស្រុកមុខកំពូល ខេត្តកណ្ដាល។ អ្នកជំងឺទី៥ ឈ្មោះ បួន ប៊ុណ្ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស និងអ្នកជំងឺ ឈ្មោះ យិន ឡៃ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ។ 
 
បើតាមរដ្ឋបាលខេត្ត អាជ្ញាធរកំពុងបន្តស្រាវជ្រាវ រកអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងបន្តអំពាវនាវដល់អ្នកជាប់ពាក់ព័ន្ធឱ្យទៅពិនិត្យសុខភាព និងយកសំណាក តាមមន្ទីរពេទ្យបង្អែកនៅជិតលំនៅឋាន ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមលេខទូរស័ព្ទ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ 
 
មួយរយៈចុងក្រោយនេះ ភូមិឃុំមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក៏ត្រូវបានអាជ្ញាធរបិទខ្ទប់ដែរ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។  ភូមិឃុំទាំងនោះ មានភូមិកោះតាង៉ោល នៃឃុំសូរគង និងភូមិរការអារ នៃឃុំរកាអារ ក្នុងស្រុកកងមាស។ ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ និងភូមិព្រែកដំបូក ភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និងបិទបន្ទប់ព្យាបាលជំងឺមួយកន្លែង នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ផងដែរ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុប១៣៤០២ករណីក្នុងនោះ១២៨៥០ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន៥១៥២នាក់
ស្លាប់មាន៩៣នាក់ និង៨១៥០នាក់កំពុងសម្រាកព្យាបាល៕
 
 
 
 

Tag:
 ThmeyThmey
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com