អន្តរជាតិ
លោកខាងលិច ស្នើចិនឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញជនភាគតិចវីហ្គ័រនៅស៊ីនជាំង
13, May 2021 , 8:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ ជា ពេជ្រដាឡែន
 
ទីបំផុត កិច្ចប្រជុំតាមអនឡាញពាក់ព័ន្ធសិទ្ធិមនុស្សនៅស៊ីនជាំង នៅតែធ្វើតាមគម្រោងនៅថ្ងៃទី១២ ខែឧសភា បើទោះជាចិនជំទាស់ក្ដី។ ក្រុមប្រទេសលោកខាងលិច បានទាមទារឱ្យចិនបញ្ឈប់ការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចនៅខេត្តស៊ីនជាំង ទីដែលមនុស្សប្រមាណ១លាននាក់ ត្រូវគេជឿថា ត្រូវជាប់ក្នុងកន្លែងឃុំឃាំង។

 
កិច្ចប្រជុំអនឡាញ ត្រូវបានរៀបចំដោយអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ដើម្បីជជែកពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង និងមធ្យោបាយដែលអន្តរជាតិអាចជំរុញការគោរពសិទ្ធិសេរីភាពរបស់ជនភាគតិចនៅតំបន់នេះ។ កាណាដា អូស្ត្រាលី នូវែលសេឡង់ និងប្រទេសអឺរ៉ុបមួយចំនួនទៀត ក៏ជាអ្នកគាំទ្រជំនួបនេះ ដែលរដ្ឋសមាជិកអង្គការសហប្រជាជាតិ (UN) ប្រមាណ៥០ប្រទេសចូលរួម។
 
កន្លងមក ប្រទេសលោកខាងលិច និងអង្គការដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស បានចោទប្រកាន់ រដ្ឋាភិបាលស៊ីនជាំងថា បានរំលោភសិទ្ធិជនភាគតិចវីហ្គ័រ និងជនភាគតិចផ្សេងៗនៅឯជំរំនានាក្នុងខេត្តភាគខាងលិចនេះ។ ចិន ក៏តែងបកស្រាយវិញថា វាជាជំរំបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជម្រុះភាពជ្រុលផ្នែកនិយមសាសនាប៉ុណ្ណោះ។
 
«យើងនឹងនៅតែប្រឆាំង និងតស៊ូ រហូតដល់រដ្ឋាភិបាលចិនបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍របស់ជនភាគតិចវីហ្គ័រ និងជនភាគតិចដទៃទៀតនៅស៊ីនជាំង។» លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ UN បញ្ជាក់បែបនេះក្នុង កិច្ចប្រជុំថ្ងៃទី១២ ខែឧសភា។ លោកស្រីបន្តថា ជនភាគតិចនៅស៊ីនជាំងកំពុងត្រូវបានធ្វើទារុណកម្ម រីឯស្ត្រីត្រូវបានបង្ខំឲ្យបោះបង់សមត្ថភាពបង្កើតកូន។
 
ចំណែកអគ្គរាជទូតអង់គ្លេស លោកស្រី Barbara Woodward វាយប្រហារចិនថា បញ្ហាសិទ្ធិមនុស្ស នៅស៊ីនជាំងជាវិបត្តិសិទ្ធិមនុស្សដ៏អាក្រក់បំផុត។ លោកស្រីទទូចឱ្យចិនអនុញ្ញាតឱ្យលោកស្រី Michelle Bachelet ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទៅធ្វើទស្សនកិច្ចនៅស៊ីនជាំងដើម្បីវិភាគព័ត៌មាន និងតាមដានស្ថានការណ៍បញ្ហាសិទ្ធិជនភាគតិចដោយផ្ទាល។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Christoph Heusgen តំណាងអាល្លឺម៉ង់វិញ ក៏បន្ទរថា ចិនត្រូវគោរពសេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស និងត្រូវរុះរើកន្លែងឃុំឃាំងចោល។ លោកក៏ឆ្លៀតរំឭកប្រទេសចូលរួមក្នុងកិច្ចប្រជុំនេះថា ពួកគេនឹងប្រឈមមុខការគំរាមគំហែងដ៏ធំរបស់ចិនមិនខាន។
 
ជុំវិញទស្សនកិច្ចរបស់មន្រ្តីសិទ្ធិមនុស្សជាន់ខ្ពស់ UN នៅស៊ីនជាំងនេះ ទីក្រុងប៉េកាំង ធ្លាប់ប្រកាសថា ខ្លួនស្វាគមន៍ជានិច្ច។ ទាក់ទងកិច្ចប្រជុំវិញ អ្នកការទូតចិនលោក Guo Jiakun ឆ្លើយតបទៅប្រទេស ទាំងនេះថា ចិនមិនអនុញ្ញាតការរស៊ើបអង្កេតផ្សេងៗផ្អែកលើការភូតកុហក និងការលម្អៀងផ្នែក នយោបាយឡើយ៕
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com