អន្តរជាតិ
អ៊ីស្រាអែល និងហាម៉ាស់ ឯកភាពឈប់បាញ់តាមការសម្រួលដោយអេហ្ស៊ីប
21, May 2021 , 10:59 am        
រូបភាព
ប្រជាជនប៉ាឡេស្ទីន នៅតំបន់កាហ្សា អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ រូបថត AFP
ប្រជាជនប៉ាឡេស្ទីន នៅតំបន់កាហ្សា អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ រូបថត AFP
បន្ទាប់ពីមានការបាញ់ប្រហារគ្នាទៅវិញទៅមករយៈពេល១១ថ្ងៃ អ៊ីស្រាអែល និងប៉ាឡេស្ទីន បានឯកភាពលើបទឈប់បាញ់ នៅថ្ងៃទី២១ ខែឧសភា ដើម្បីបញ្ចប់ការបង្ហូរឈាមនៅក្នុងតំបន់។ កិច្ចព្រមព្រៀងបទឈប់បាញ់នេះ កើតមានដោយសារតែការសម្របសម្រួលពីអេហ្ស៊ីប និងភាគីផ្សេងទៀត។


 
ការវាយប្រយុទ្ធរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលផ្ទុះឡើងនៅថ្ងៃទី១០ ខែឧសភា បានឈានដល់បទឈប់បាញ់ជាមួយគ្នាហើយ បន្ទាប់ពីមានការសម្របសម្រួលពីអេហ្ស៊ីប ដែលជាប្រទេសជិតខាង។ បទឈប់បាញ់នេះ បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើនពាន់នាក់ សាទរ និងអបអរ ដោយមានលើកដៃជាសញ្ញាអក្សរ «V» ផងដែរ ដែលមានន័យថា ជ័យជម្នះ។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងច្បាស់ៗថា គណៈរដ្ឋមន្រ្តីសន្តិសុខ បានទទួលយកជាឯកច្ឆន្ទលើការផ្តល់អនុសាសន៍របស់មន្រ្តីសន្តិសុខទាំងអស់ ដើម្បីជ្រើសយកគំនិតផ្តួចផ្តើមរបស់អេស្ស៊ីប សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។ 
 
ស្របគ្នានេះ ភាគីក្រុមហាម៉ាស់ និងក្រុមឥស្លាមជីហាត ក៏បានលើកឡើងពីបទឈប់បាញ់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានចូលជាធរមាននៅម៉ោង២យប់ ក្នុងថ្ងៃទី២១ ខែឧសភាផងដែរ។
 
បទឈប់បាញ់រវាងភាគីទាំងពីរ បានទទួលការសាទរយ៉ាងខ្លាំងពីអាមេរិក និងអេហ្ស៊ីប ខណៈពេលអង្គការសហប្រជាជាតិទាមទារឱ្យការផ្សះផ្សាពិតប្រាកដមួយ។ 
 
ថ្លែងពីសេតវិមានអាមេរិក ប្រធានាធិបតី ចូ បៃឌិន បានអះអាងថា អាមេរិក ជឿថា វានឹងមានឱកាសដ៏សំខាន់បែបនេះសម្រាប់ភាគីអ៊ីស្រាអែល និងហាម៉ាស់ ហើយអាមេរិក ក៏បានប្តេជ្ញាធ្វើការលើបទឈប់បាញ់ទាំងនោះ ឱ្យកើតមានផងដែរ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ មិនភ្លេចឡើយ ក្នុងការសរសើរអេហ្ស៊ីប ដែលបានជួយចរចាឱ្យមានបទឈប់បាញ់កើតឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
សរសេរលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាហ្ស៊ីប លោក Abdel Fattah el-Sisi បានឆ្លើយតបទៅអាមេរិកវិញ ដោយអបអរសាទរប្រធានាធិបតីអាមេរិក ដែលបានចូលរួមចំណែក ធ្វើឱ្យបទឈប់បាញ់ខាងលើកើតឡើងផងដែរ។ 
 
បន្ទាប់ពីមានបទឈប់បាញ់បែបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស បានអំពាវនាវឱ្យមានការផ្សះផ្សាពិតប្រាកដមួយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីឈានទៅដល់ការបញ្ចប់ទង្វើបែងចែករវាងដែនដីទាំងពីរ។ «ខ្ញុំសង្កត់ធ្ងន់ថា មេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីន មានការទទួលខុសត្រូវលើសពីការស្តារភាពស្ងប់ស្ងាត់ និងចាប់ផ្តើមការចរចារកមូលហេតុ ដែលបង្កឱ្យមានជម្លោះ»។ អគ្គលេខាធិការUN បានបន្ថែមបែបនេះ។ 
 
គួររំលឹកថា ការប្រទូសរ៉ាយរវាងអ៊ីស្រាអែល និងក្រុមយុទ្ធជនប៉ាឡេស្ទីនហាម៉ាស់ និងក្រុមឥស្លាមជីហាត បានកើតឡើងនៅថ្ងៃទី១០ ខែឧសភា ដោយសារតែបាតុកម្មនៅក្នុងក្រុងហ៊េ្សរុយសាឡិមខាងកើត និងសវនាការរបស់តុលាការអ៊ីស្រាអែល ដែលចង់បណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទីក្រុងមួយនេះ។  
 
ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលមានរយៈពេល ១១ថ្ងៃ បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ២៣២នាក់ និងប្រជាជនអ៊ីស្រាអែលចំនួន ១២នាក់ បាត់បង់ជីវិត។ ចំណែកអ្នករបួសមានជាច្រើនពាន់នាក់។ 
 
បើទោះព្រមព្រៀងលើបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែល បានអំពាវនាវឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងមិនឱ្យធ្វើសកម្មភាពអ្វីទាំងអស់នៅតំបន់ទីវាល រហូតដល់មានការជូនដំណឹងជាថ្មី។ ចំណែកក្រុមឥស្លាមជីហាត ប្រកាសថា ខ្លួននឹងនៅបន្តការពារប្រជាជនប៉ាឡេស្ទីន ក្នុងក្រុងហ៊េ្សរុយសាឡិមដដែល៕
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
  អេហ្ស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com