អន្តរជាតិ
Microsoft ប្រកាសបញ្ឈប់ដំណើរការ Internet Explorer ក្រោយបង្កើតបានជាង២៥ឆ្នាំ
21, May 2021 , 11:29 am        
រូបភាព
ដោយ: រួបរួម
ក្រុមហ៊ុន Microsoft បានបញ្ជាក់ឲ្យដឹងថា កម្មវិធីរុករក Internet Explorer ឈានដល់ទីបញ្ចប់របស់ខ្លួន ក្រោយដំណើរការអស់រយៈពេលជាង២៥ឆ្នាំ។ នេះបើតាមការផ្សាយរបស់ AFP។

 
នាពេលបច្ចុប្បន្ននេះ កម្មវិធី (Browser) Internet Explorer ហាក់ត្រូវបានអ្នកប្រើប្រាស់បោះបង់ចោលទាំងស្រុង ក្រោយមានគូប្រជែងធំៗដូចជា Chrome របស់ Google និង Safari របស់ Apple ជាដើម។
 
ក្រុមហ៊ុនបានបញ្ជាក់ក្នុង Blog របស់ខ្លួនកាលពីថ្ងៃពុធកន្លងមកថា៖ «យើងសូមប្រកាសឲ្យដឹងថា អនាគត Internet Explorer នៅលើ Windows 10 នឹងត្រូវបញ្ចូលក្នុង Microsoft Edge»។ Microsoft Edge មិនត្រឹមតែលឿន តែវាកាន់តែសុវត្ថិភាព និងទំនើបជាង Internet Explorer»។
 
បើតាមការប្រកាស Internet Explorer 11 នឹងលែងដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ តទៅ ហើយសេវាកម្ម Microsoft 365 ដែលគ្រប់គ្រងដំណើរការ IE 11 ក៏នឹងលែងដំណើរការដូចគ្នា។
 
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលមានមូលដ្ឋានអភិវឌ្ឍ Internet Explorer  ទាំងវ៉ិបសាយ និងកម្មវិធីទូរសព្ទ (Applications) នឹងបន្តការងារជាមួយ Edge រហូតដល់យ៉ាងហោចណាស់ចុងឆ្នាំ២០២៩។ 
 
របាយការណ៍ Statscounter បានដឹងថា Chrome ដែលជា Browser របស់ Google គ្រប់គ្រងទីផ្សាររហូតដល់៦៥ភាគរយ ហើយ Safari របស់ Apple ស្ថិតនៅលំដាប់លេខ២ ដោយមានជិតដល់១៩ភាគរយ។ Firefox ស្ថិតលេខ៣ និង Edge លេខ៤ ដោយមាន ៣,៥៩ភាគរយ និង៣,៣៩ភាគរយរៀងៗខ្លួន៕
 

Tag:
 Microsoft
© រក្សាសិទ្ធិដោយ thmeythmey.com