អន្តរជាតិ
ជប៉ុន យល់ព្រមឱ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Moderna និង AstraZeneca
21, May 2021 , 12:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២០ ខែឧសភា បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna និង AstraZeneca ។ ការអនុម័តវ៉ាក់សាំង២នេះ ធ្វើឡើង ដើម្បីពន្លឿនការចាក់វ៉ាក់សាំងឱ្យប្រជាជនជប៉ុន ខណៈព្រឹត្តិការណ៍អូឡាំពិកកាន់តែខិតជិតមកដល់។


វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna និង AstraZeneca ជាវ៉ាក់សាំងពីរទៀត ដែល នឹងត្រូវផ្ដល់ឱ្យប្រជាជនជប៉ុន បន្ថែមពីលើវ៉ាក់សាំងរបស់ Pfizer ដែលជាវ៉ាក់សាំងតែមួយគត់ ដែល កំពុងត្រូវបានប្រើប្រាស់សព្វថ្ងៃ ស្របពេលមានការរិះគន់ជាច្រើនជុំវិញបញ្ហាយឺតយ៉ាវក្នុងការចាក់ វ៉ាក់សាំង។ បច្ចុប្បន្ន ជប៉ុនមានប្រជាជនតិចជាង២ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប១២៥លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់។ 
 
មន្រ្តីមួយរូបនៃក្រសួងសុខាភិបាលជប៉ុន ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អ្នកជំនាញរបស់រដ្ឋាភិបាល មិនជំទាស់ឡើយចំពោះការអនុម័តប្រើប្រាស់វ៉ាក់សាំងចំនួនពីរនេះជាផ្លូវការឡើយ។ ការយល់ព្រមជា ផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី២១ ខែឧសភា។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំៗ ចំនួនពីរនៅទីក្រុងតូក្យូ និងអូសាកា នឹងដំណើរការនៅ សប្តាហ៍ក្រោយ ហើយត្រូវបានពឹងថា នឹងប្រើប្រាស់វ៉ាក់សាំងចាក់២ដង របស់ Moderna ។
 
ការអនុម័តប្រើប្រាស់វ៉ាក់សាំង២បន្ថែមនេះ នឹងជំរុញល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង ខណៈពេលដែល លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ មានគោលបំណងចាក់វ៉ាក់សាំង១លានដូសក្នុងមួយថ្ងៃ។ លោកនាយករដ្ឋមន្រ្តីរូបនេះ ក៏មានបំណងបញ្ចប់ការចាក់វ៉ាក់សាំងឱ្យអ្នកមានអាយុលើស៦៥ឆ្នាំ ប្រមាណ៣៦លាននាក់ឱ្យអស់ត្រឹមចុងខែកក្កដាផងដែរ។
បច្ចុប្បន្ន ជប៉ុនមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ចំនួន៥០លានដូស ដែលគ្រប់គ្រាន់សម្រាប់ ប្រជាជន២៥លាននាក់។ ឯវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca វិញ ជប៉ុនបានទទួលពីអាមេរិក ចំនួន១២០លានដូស ដែលគ្រប់គ្រាន់សម្រាប់ចាក់ឱ្យប្រជាជន៦០លាននាក់ទៀត។ 
 
នៅដើមខែឧសភា នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថដ៏ធំរបស់ជប៉ុន Takeda ដែលបានចុះកិច្ច ព្រមព្រៀងជាមួយក្រុមហ៊ុនវ៉ាក់សាំង Moderna បានអះអាងថា ការពិភាក្សាកំពុងបន្តដើម្បីបង្កើនការ នាំចូលវ៉ាក់សាំងរបស់ Moderna មកជប៉ុនឱ្យបានចំនួន១០០លានដូសតែម្តង។ 
 
សូមបញ្ជាក់ថា ជប៉ុនទើបតែបានចាក់វ៉ាក់សាំងបង្ការឱ្យបុគ្គលិកសុខាភិបាល និងមនុស្សចាស់ប៉ុណ្ណោះ ជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ។ រដ្ឋាភិបាលជប៉ុន បានរងការរិះគន់យ៉ាងខ្លាំងលើ ដំណើរការចាក់វ៉ាក់សាំងយឺតយ៉ាវនេះ ខណៈស្ថានភាពជំងឺកូវីដ-១៩ បន្តកើនឡើងរាប់ពាន់ករណី ជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី២០ ខែឧសភា ជប៉ុនមានករណីវិជ្ជមានកូវីដ-១៩ថ្មី ជាង៥ពាន់ករណី និងមានអ្នកស្លាប់ ៨៩នាក់បន្ថែម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com