អន្តរជាតិ
បង់ក្លាដេស បិទខ្ទប់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្រោយករណីឆ្លងកូវីដ-១៩ កើនឡើង
21, May 2021 , 7:59 pm        
រូបភាព
ដោយ៖ ឈួ ស៊ាវយីងជាវ

អាជ្ញាធរបង់ក្លាដេស នៅថ្ងៃទី២០ ខែឧសភា បានចាត់វិធានការបិទខ្ទប់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន៥កន្លែងនៅភាគអាគ្នេយ៍នៃប្រទេស។ ការបិទខ្ទប់នេះ ធ្វើឡើងក្រោយករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងនៅប៉ុន្មានថ្ងៃជាប់ៗគ្នា។


ស្រុក Cox’s Bazar ជាទីតាំងជំរំដ៏ធំរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស។ ករណីឆ្លងជំងឺកូវីដ-១៩ នៅតាមជំរំដែលមានស្ថានភាពអនាម័យមិនសូវល្អនេះ បានកើនឡើងខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយ។ អាជ្ញាធរបង់ក្លាដែស ក៏ចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការរាលដាលដូចជាហាមឃាត់ការប្រមូលផ្ដុំ ការជួបជុំនានា និងចលនាមនុស្សក្នុងជំរំ ដែលជាកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ១០ម៉ឺននាក់។
 
«យើងនឹងអនុវត្តវិធានការរឹតត្បិតនេះ ចាប់ពីថ្ងៃនេះតទៅ (ថ្ងៃទី២០ ខែឧសភា) ក្រោយពីការឃើញករណីរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងជំរំទាំង៥នោះ»។ មន្រ្តីទទួលបន្ទុកជនភៀសខ្លួនបង់ក្លាដេស  Shamsud Douza បញ្ជាក់បែបនេះ មុនបន្តថា បុគ្គលិកផ្ដល់ជំនួយ ក៏ត្រូវរឹតត្បិតនៅក្នុងជំរំផងដែរ ដោយមានការកំណត់ចំនួនមនុស្សដែលធ្វើការនៅក្នុងផ្នែកសុខាភិបាល ម្ហូបអាហារ និងហ្គាសជាដើម។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP ថ្ងៃទី២០ ខែឧសភា ជនជាតិរ៉ូហ៊ីងយ៉ាចំនួន៤៥នាក់ត្រូវបានតេស្តឃើញវិជ្ជមានក្នុងចំណោមតេស្តសំណាកចំនួន២៤៧នាក់។ ចំនួនតួលេខអ្នកតេស្តវិជ្ជមានដដែលនេះ ក៏ត្រូវបានរកឃើញ នៅថ្ងៃទី២១ ខែឧសភាដែរ។ ជាមួយគ្នានេះ អត្រាឆ្លងជំងឺកូវីដ-១៩ ក៏បានកើតឡើងចំពោះប្រជាជនបង់ក្លាដេសដែលរស់នៅតំបន់ Teknaf ជាហេតុជំរុញឱ្យអាជ្ញាធរសម្រេចបិទខ្ទប់ព្រំដែនទីក្រុងភាគខាងត្បូង។
 
គួររំឭកថា អាជ្ញាធរបង់ក្លាដេសបានបង្កើតជំរំ ៣៤កន្លែង ដែលស្ថិតក្នុងស្រុក Cox’s Bazar នៅភាគអាគ្នេយ៍នៃប្រទេស សម្រាប់ផ្តល់ជាជម្រកសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ៩០ម៉ឺននាក់ដែលបានភៀសខ្លួនពីការការយាយី និងអំពើហិង្សានៅមីយ៉ាន់ម៉ា៕
 
 

Tag:
 បង់ក្លាដែស
© រក្សាសិទ្ធិដោយ thmeythmey.com