អន្តរជាតិ
មនុស្ស២១នាក់ស្លាប់ ខណៈអាកាសធាតុអាក្រក់វាយប្រហារកម្មវិធីរត់ម៉ារ៉ាតុននៅចិន
23, May 2021 , 11:31 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
មនុស្ស២១នាក់ បានបាត់បង់ជីវិត បន្ទាប់ពីអាកាសធាតុអាក្រក់ដែលកើតឡើងភ្លាមៗវាយប្រហារគោលដៅមួយក្នុងកម្មវិធីរត់ម៉ារ៉ាតុងចម្ងាយឆ្ងាយនៅចិន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីចិននៅថ្ងៃទី២២ ខែឧសភា។

 
អាកាសធាតុអាក្រក់រួមមានភ្លៀងខ្លាំងលាយឡំទឹកកក និងខ្យល់ខ្លាំង បានកើតឡើងភ្លាមៗនៅតំបន់ព្រៃខ្ពង់រាបក្នុងទីក្រុងប៉ៃអ៊ីន ខេត្តកាន់ស៊ូ នៅរសៀលថ្ងៃទី២២ ខែឧសភា។ តំបន់នោះ ជាផ្លូវមួយក្នុងកម្មវិធីរត់អ៊ុលត្រាម៉ារ៉ាតុនចម្ងាយ១០០គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចិន។ 
 
អភិបាលក្រុងប៉ៃអ៊ីន លោក ចាង ស៊ីឈិន និយាយថា កំណាត់ផ្លូវរត់ចម្ងាយចន្លោះ២០ទៅ៣១គីឡូម៉ែត្រ ជួបស្ថានភាពអាកាសធាតុអាក្រក់ភ្លាមៗ ដោយក្នុងរយៈពេលខ្លី ភ្លៀងទឹកកកធ្លាក់យ៉ាងខ្លាំង ជាមួយនឹងកម្លាំងខ្យល់បក់ និងសីតុណ្ហភាពធ្លាក់ចុះ។ អាកាសធាតុកាន់តែអាក្រក់ ហើយអាជ្ញាធរមូលដ្ឋាន ក៏ប្រកាសឱ្យផ្អាកការរត់ និងបញ្ជូនក្រុមសង្រ្គោះទៅកាន់ទីតាំងផងដែរ។ មនុស្ស១៨នាក់ ត្រូវបានជួយសង្រ្គោះភ្លាម ខណៈ២០នាក់បានស្លាប់។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នករត់៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសស្រាល។ មនុស្សជាង១៥០នាក់ផ្សេង ត្រូវបានបញ្ជាក់ថា មានសុវត្ថិភាព។ ចំណែកទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ផ្សាយថា អ្នករត់ខ្លះមានអាការខ្វះកម្ដៅព្រោះអាកាសធាតុចុះត្រជាក់ពេក។ ស្ថានភាពអាក្រក់នេះ ក៏ធ្វើឱ្យប៉ះពាល់ប្រតិបត្តិការជួយសង្រ្គោះផងដែរ។
 
ហ្កាន់ស៊ូ ជាខេត្តក្រីក្រមួយរបស់ចិនដែលនៅជាប់ម៉ុងហ្គោលី និងស៊ីនជាំង។ ជារឿយៗ ខេត្តនេះ ក៏ជួបគ្រោះធម្មជាតិដូចជាទឹកជំនន់ បំណាក់ដី និងរញ្ជួយដីទៀតផង៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com