COVID-19
អន្តរជាតិ
ការសិក្សា៖ ហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ តាមក្រដាសប្រាក់​ មានកម្រិតទាប
08, Aug 2021 , 8:29 pm        
រូបភាព
រូបភាព៖  Alexander Mils-Unsplash
រូបភាព៖ Alexander Mils-Unsplash
ក្រុមអ្នកជំនាញធនាគារកណ្តាលអឺរ៉ុប ដែលសហការជាមួយមន្ទីរវេជ្ជសាស្ត្រសកលវិទ្យាល័យ Ruhr របស់អាល្លឺម៉ង់ បានពិសោធ ថាតើមានភាគល្អិតនៃវីរុសប៉ុន្មាន​ភាគរយ ដែលអាចចម្លងទៅមនុស្ស តាមរយៈក្រដាសប្រាក់នៅក្នុងស្ថានភាពប្រចាំថ្ងៃ។ លទ្ធផលនៃការពិសោធ បានរកឃើញថា ហានិភ័យនៃការឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ ពី​ក្រដាសប្រាក់ គឺមានកម្រិតទាប។

 
គ្រប់គ្នាសុទ្ធតែបានដឹងថា ជំងឺកូវីដ-១៩ អាចឆ្លងដោយផ្ទាល់នៅពេលសារធាតុរាវខ្ទាត​ចេញពីខ្យល់ដង្ហើម ឬទឹកមាត់របស់អ្នក​ជំងឺទៅប៉ះនឹងភ្នែក ច្រមុះ ឬមាត់មនុស្សម្នាក់ទៀត។ វីរុសបង្កជំងឺ​កូវីដ-១៩ ក៏អាចចម្លង តាមរយៈការប៉ះពាល់វត្ថុផ្សេងៗ បន្ទាប់ពីអ្នកជំងឺប្រើប្រាស់​រួចផងដែរ។ នេះដោយសារវីរុសអាចរស់នៅលើវត្ថុនានា ក្នុងរយៈពេលកំណត់មួយ ហើយ​អ្នកប៉ះពាល់ងាយ​យកដៃ​​ទៅប៉ះមុខ មាត់ ច្រមុះ ឬភ្នែកខ្លួនឯងបន្ត។ 
 
ការសិក្សា ដែលបានចុះផ្សាយលើទិនានុប្បវត្តិ iScience បង្ហាញថា វីរុស SARS-CoV-2 អាចរស់​នៅលើពពួកដែកមិនច្រេះ (ប្រាក់កាក់) បាន៧ថ្ងៃ ខណៈនៅលើក្រដាសប្រាក់បាន ៣ថ្ងៃទើប​ស្លាប់។ ស្របគ្នានេះ ការស្រាវជ្រាវបានរកឃើញថា វីរុសបង្កជំងឺកូវីដ-១៩ អាចរស់នៅលើកាក់ ៥សេនអឺរ៉ូ បានត្រឹមរយៈពេល ១ម៉ោង ប៉ុណ្ណោះ ដោយសារវាធ្វើឡើងពីលោហៈទង់ដែង។ 
 
ក្នុងដំណើរការពិសោធន៍ អ្នកជំនាញបានយកវីរុស SARS-CoV-2 ទៅដាក់លើ ក្រដាស​ប្រាក់ កាក់ និងកាតដកលុយធនាគារ ហើយប្រើស្បែកសិប្បនិមិត្តទៅប៉ះវត្ថុទាំងនោះ។ ជាក់ស្តែង ការពិសោធន៍បានបង្ហាញថា បន្ទាប់ពីសំណើមដែលមានលើក្រដាសប្រាក់ កាក់ ក៏ដូចជា កាតធនាគារស្ងួតអស់នោះ វីរុសមិនអាចចម្លងមកកាន់ស្បែកបានឡើយ។ នេះបើតាមការ​អះអាងរបស់លោក Daniel Todt អ្នកដឹកនាំការស្រាវជ្រាវ។ ដូច្នេះ ក្រោម​លក្ខខណ្ឌជាក់ស្តែង ហានិភ័យនៃការចម្លងវីរុស SARS-CoV-2 ពីគ្រប់ប្រភេទប្រាក់មកមនុស្ស​គឺមានទាបណាស់ បើទោះជាវាអាចរស់បានរាប់ថ្ងៃក្តី តែវាមិនចម្លងក្នុងលក្ខខណ្ឌវត្ថុស្ងួតឡើយ។ 
 
សូមបញ្ជាក់ថា ការស្រាវជ្រាវដទៃច្រើនទៀត ក៏បានរកឃើញលទ្ធផលបែបនេះដែរ។ ករណី​ជំងឺកូវីដ-១៩ ភាគច្រើន បានឆ្លងដោយផ្ទាល់តាមដំណក់ទឹកក្នុងខ្យល់ខ្ទាតពីមាត់ និងចេញពី​ផ្លូវដង្ហើម​ជាដើម។ ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការប៉ះផ្ទៃវត្ថុមួយដែលមានផ្ទុកវីរុស គឺអាចទៅ​រួច តែវាមានលទ្ធភាពតិចតួច។ ទោះយ៉ាងនេះក្តី ការរក្សាអនាម័យដោយការប្រើប្រាស់​អាល់កុលសម្លាប់មេរោគនៅតែជាវិធីល្អបំផុត ដើម្បីបញ្ចៀសការរីកសាយជំងឺកូវីដ-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com