ក្នុងសប្តាហ៍ថ្មីនេះ វីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា បានរីកសាយយ៉ាងខ្លាំងនៅចិន ដោយរដ្ឋាភិបាល បានធ្វើតេស្ត និងបិទក្រុងជាច្រើន ដើម្បីទប់ស្កាត់។ ស្របគ្នានេះដែរ ការតែងតាំងប្រេសិតអាស៊ានថ្មី ក៏ជាប្រធានបទដ៏សំខាន់ដែរ និងជាជំហានមួយ ក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។
ខាងក្រោមនេះ គឺជាអត្ថបទសង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ៖
ថ្ងៃទី២ ខែសីហា
ប្រជាជនចិនរាប់លាននាក់ត្រូវបានបញ្ជាឱ្យនៅក្នុងផ្ទះ ស្របពេលរដ្ឋាភិបាលចិនកំពុងប្រឹងប្រែងទប់ស្កាត់សន្ទុះរាលដាលជំងឺកូវីដ-១៩ ដែលមានទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ មន្ត្រីសុខាភិបាល បានធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្សជាច្រើន ខណៈការធ្វើដំណើរ ត្រូវបានរឹតត្បិត។
ឥណ្ឌូណេស៊ី បានទទូចឱ្យមីយ៉ាន់ម៉ា ឯកភាពលើការតែងតាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ ការជំរុញពីសំណាក់ឥណ្ឌូណេស៊ីបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសមាជិកអាស៊ានមួយនេះ មើលឃើញថា ការអនុវត្តគោលការណ៍ចំនួន ៥ចំណុច ដែលបានដាក់ចេញកាលពីខែមេសាកន្លងទៅ មានដំណើរការយឺត។
ថ្ងៃទី៣ ខែសីហា
អាជ្ញាធរក្រុងវូហាន ប្រទេសចិន ប្រកាសថា នឹងធ្វើតេស្តរកជំងឺកូវីដ-១៩ លើ ប្រជាជនទាំងអស់ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីៗជាលើកដំបូងក្នុងពេលជាង១ឆ្នាំ។ ទីក្រុងវូហាន ដែលជាទីកន្លែងរកឃើញជំងឺកូវីដ-១៩ មុនគេនៅចុងឆ្នាំ២០១៩ កំពុងប្រឈមមុខការឆ្លងក្នុង សហគមន៍ជាថ្មីម្តងទៀត ដោយលើកនេះជាវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងទម្រង់ដែលតាដែលមានសមត្ថភាពចម្លងរហ័សជាងមុន។
ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន ប្រកាសថា អាមេរិក និងឥណ្ឌូណេស៊ី បានចាប់ផ្ដើមកិច្ចពិភាក្សាដៃគូយុទ្ធសាស្ត្រដែលមានគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្រោយកិច្ចប្រជុំលើកដំបូងនេះ ភាគីទាំងពីរឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទាំងបញ្ហាក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ដូចជាការការពារសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូងជាដើម។
ថ្ងៃទី៤ ខែសីហា
ក្រសួងសុខាភិបាលថៃ រាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសចំនួន២០២០០ករណី ដែលជាកំណត់ត្រាឆ្លងប្រចាំថ្ងៃថ្មី។ អ្នកស្លាប់មាន១៨៨នាក់ ដែលបំបែកកំណត់ត្រាចាស់ផងដែរ។
អ្នកការទូតព្រុយណេ Erywan Pehin Yusof ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់អាស៊ានសម្រាប់ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ថ្ងៃទី៥ ខែសីហា
វៀតណាម នៅថ្ងៃទី៥ ខែសីហា បានស្នើឱ្យចិនបញ្ឈប់សមយុទ្ធយោធានៅប្រជុំកោះប៉ារ៉ាសែល ដោយអះអាងថា សកម្មភាពបែបនោះ ជាការបំពានដែនអធិបតេយ្យវៀតណាម និងមិនគោរពស្មារតីនៃសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង (DOC)។ នេះមិនមែនជាលើកទីមួយឡើយ ដែលក្រុងហាណូយ តវ៉ាជាមួយក្រុងប៉េកាំង ទាក់ទិននឹងបញ្ហានៅក្នុងសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសផ្តល់ការស្នាក់នៅដោយសុវត្ថិភាពនៅក្នុងទឹកដីអាមេរិកជាបណ្ដោះអាសន្នដល់ប្រជាជនហុងកុង ដោយលោកសំអាងពីការធ្លាក់ចុះសិទ្ធិមនុស្ស និងការអនុវត្តច្បាប់សន្តិសុខជាតិនៅក្នុងក្រុងហុងកុង។ ការប្រកាសរបស់មេដឹកនាំអាមេរិកបែបនេះ នឹងអនុញ្ញាតឱ្យប្រជាជនហុងកុងអាចពន្យារស្នាក់នៅអាមេរិក បានរហូតដល់ ១៨ខែ។
ថ្ងៃទី៦ ខែសីហា
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសថា ប្រទេសតំបន់ប៉ាស៊ីហ្វិកអាច ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីអាមេរិកដោយមិនមានចំណងនយោបាយអ្វីនោះ ឡើយ។ ថ្លែងក្នុងវីដេអូដែលបានថតទុកមុនទៅកាន់វេទិកាកោះសមុទ្រប៉ាស៊ីហ្វិក លោក បៃឌិន ក៏បាន ផ្ដោតលើការរក្សាសេរីភាព និងការបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា ផ្ទះសម្បែងច្រើនជាង១,១០០ខ្នង ត្រូវបានជន់លិច ហើយមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កទៅជាទឹកជំនន់។ ជាមួយគ្នានេះ ផ្លូវជាច្រើនខ្សែក៏រងការខូចខាត ហើយវាលស្រែជាច្រើនហិចតា ត្រូវបានបំផ្លាញដែលនឹងក្លាយជាសម្ពាធធ្ងន់ធ្ងរលើសន្តិសុខស្បៀងកូរ៉េខាងជើង ដែលកំពុងខ្វះខាតស្រាប់ផង។
ថ្ងៃទី៧ ខែសីហា
ប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ាទើបតែងតាំងថ្មី អេរីវ៉ាន់ យូសូហ្វ (Erywan Yusof) បាននិយាយថា លោកចង់ជួបគ្រប់ភាគីទាំងអស់ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក យូសូហ្វ មិនទាន់ត្រូវបានកំណត់ឡើយ។ នៅមីយ៉ាន់ម៉ា រដ្ឋាភិបាលយោធាហាក់មិនទាន់ចាប់អារម្មណ៍ទទួលលោក យូសូហ្វ នៅពេលនេះឡើយ ខណៈក្រុមប្រឆាំងរបបយោធាវិញ ក៏ដូចជាមិនពេញចិត្តប្រេសិតរបស់អាស៊ានដែរ៕