COVID-19
អន្តរជាតិ
ចំណុច ៥យ៉ាង ដែលអ្នកគួរដឹងពីវីរុសបំប្លែងថ្មី «ដែលតា»
09, Aug 2021 , 8:29 am        
រូបភាព
រូបភាព៖ Anadolu Agency
រូបភាព៖ Anadolu Agency
វីរុសបំប្លែងខ្លួនទម្រង់ដែលតា គឺជាវីរុសថ្មីមួយបង្កជាជំងឺកូវីដ-១៩ ដែលបានប្តូរពីទម្រង់​ដើម និងត្រូវបានរកឃើញដំបូងនៅឥណ្ឌា ក្នុងខែធ្នូ ឆ្នាំ២០២០។ វីរុសបំប្លែងខ្លួន ដែលតា មានសមត្ថភាព​ឆ្លងលឿនជាងវីរុស​ទម្រង់ដើម និងមិនទាន់មានវ៉ាក់សាំង អាចបង្ការបាន ១០០ភាគរយ​នៅឡើយទេ។ នៅលើទំព័រសុខភាពរបស់មន្ទីរពេទ្យ Yale បាន​បង្ហាញ ៥ ចំនុច ដើម្បីឱ្យអ្នកដឹង​អំពីវីរុសបំប្លែងថ្មី ទម្រង់ដែលតា។

 
១. ងាយឆ្លងជាងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដទៃ
ជំងឺកូវីដ-១៩ បង្កដោយវីរុសទម្រង់ដែលតា ត្រូវបានគេកំណត់អត្តសញ្ញាណដំបូង ​ក្នុងខែធ្នូឆ្នាំ ២០២០ នៅឥណ្ឌា និងបានរីកសាយយ៉ាងឆាប់រហ័សនៅលើពិភពលោក។ គិតត្រឹមចុងខែ​កក្កដាឆ្នាំ ២០២១ វីរុស ដែលតា បានឆ្លងរាលដាល ដល់ជាង ១០០ប្រទេស​ហើយ ដោយក្នុងនោះរួមទាំង​កម្ពុជាផង។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) បាន​ពិពណ៌នាវីរុសបំប្លែងថ្មី ទម្រង់ដែលតា ថាវាមានសមត្ថភាពឆ្លងរហ័សជាងជំងឺ​ផ្តាសាយ​ធំ ក៏ដូចជា​វីរុសដែលបណ្តាលឱ្យកើត​ជំងឺអុតតូច, ជំងឺ SARS និង Ebola ទៅទៀត។ នេះបើតាមការ​រាយការណ៍នៅក្នុងកាសែត The New York Times។  

២. អ្នកមិនចាក់វ៉ាក់សាំងនឹងប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងវីរុស ទម្រង់ដែលតា
អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់បំផុត​ ក្នុងការឆ្លង​វីរុសបំប្លែងខ្លួនទម្រង់ដែលតា។ កុមារ និងក្មេងជំទង់ គឺជាកង្វល់ដ៏ធំព្រោះ​បច្ចុប្បន្ននេះ ព្រោះអ្នកទាំងនោះមិនទាន់មាន​វ៉ាក់សាំង ត្រូវបានអនុម័តសម្រាប់កុមារអាយុពី ៥ ទៅ ១២ឆ្នាំឡើយ។ ការសិក្សាថ្មីរបស់អង់គ្លេស​បានបង្ហាញថា កុមារ និងមនុស្សពេញវ័យដែលមានអាយុក្រោម ៥០ឆ្នាំ មានលទ្ធភាពឆ្លងវីរុស​ដែលតាខ្លាំងជាងមនុស្សចាស់ ២,៥ដង។ វេជ្ជបណ្ឌិតឯកទេសជំងឺឆ្លង និងវ៉ាក់សាំងកុមារ​នៃមន្ទីរពេទ្យ Yale លោកស្រី Inci Yildirim បានលើកឡើងបែបនេះ។

៣. វីរុសទម្រង់ដែលតា មានអត្រាឆ្លងខ្ពស់ និងងាយឆ្លងជាសហគមន៍
វីរុសទម្រង់ដែលតា អាចឆ្លងយ៉ាងរហ័សពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដូច្នេះវានឹង​ធ្វើឱ្យមានការ​ប្រឈមខ្លាំង ក្នុងការរីកសាយចូលទៅក្នុងសហគមន៍។ វាក៏អាស្រ័យលើប្រជាជនតាមតំបន់ ដែលបានចាក់​វ៉ាក់សាំងពេញលេញផងដែរ។ បើមិនដូច្នោះទេ វីរុសទម្រង់ដែលតា នឹងផ្ទុះឡើងនៅក្នុងសហគមន៍ និងទូទាំងប្រទេស បានយ៉ាងងាយ និងឆាប់រហ័ស​បំផុត ហើយពេលនោះស្ថានភាពនឹងកាន់តែ​ពិបាក ដោយមិនអាចគ្រប់គ្រងអ្នកជំងឺបាន។  
 
៤. ការចាក់វ៉ាក់សាំងគឺជាវិធីការពារដ៏ល្អបំផុតប្រឆាំងនឹងវីរុស ដែលតា 
នៅពេលនេះ អ្វីសំខាន់បំផុត ដើម្បីការពារខ្លួនពីវីរុសទម្រង់ដែលតា គឺត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពេញលេញ។ យ៉ាងណាមិញ សម្រាប់អ្នកមានបញ្ហាសុខភាព ឬមិនមាន​លក្ខខណ្ឌសមស្របនឹងការចាក់វ៉ាក់សាំង ត្រូវគោរពតាមការណែនាំរបស់ CDC ឬក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងធ្វើអនាម័យឱ្យបានល្អជាដើម។ ម្យ៉ាងវិញទៀត អង្គការសុខភាពពិភព​លោក (WHO) ​បានលើកទឹកចិត្តឱ្យគ្រប់គ្នាពាក់ម៉ាស់ បើទោះជាបាន​ចាក់វ៉ាក់​សាំងពេញលេញ និងស្ថិត​ក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងហើយដូចគ្នាក៏ដោយ។
 
៥. មានបញ្ហាច្រើនទៀតត្រូវសិក្សាអំពីវីរុស ដែលតា
មកដល់ពេលនេះ អ្នកស្រាវជ្រាវនៅមិនទាន់សិក្សាអស់នៅឡើយទេអំពីវីរុសបំប្លែងខ្លួន​ដែលតា។ នៅមានចម្ងល់ជាច្រើនមិនទាន់ស្រាយរួចដូចជា តើវីរុសបំប្លែងខ្លួន​ដែលតា ​នឹងធ្វើឱ្យមនុស្ស​រងផលប៉ះពាល់ខ្លាំងជាងវីរុសដើមឬយ៉ាងណា? តើវីរុសដែលតាផ្តល់ផលប៉ះពាល់ដល់​រាងកាយយ៉ាង​ដូចម្តេច? លើសពីនេះ ក៏មានការព្រួយបារម្ភអំពីវីរុសបំប្លែងខ្លួនទម្រង់ ដែលតា​បូក ដែលកំពុងត្រូវ​ការទិន្នន័យបន្ថែម ដើម្បីកំណត់សមត្ថភាពរាលដាល និងផលប៉ះពាល់នៃ​វីរុសទម្រង់ថ្មីនេះផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com