ជាតិ
សហគមន៍បឹងឈូកអេ២០គ្រួសារ សុំសំណងពីអាជ្ញាធរ ប៉ុន្តែត្រូវបានបដិសេធ
09, Aug 2021 , 10:06 am        
រូបភាព
ផ្ទះពលរដ្ឋនៅសហគមន៍បឹងឈូកអេ ដែលស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលអាជ្ញាធររុះរើ។ (រូបពីសមាគមន៍ធាងត្នោត)
ផ្ទះពលរដ្ឋនៅសហគមន៍បឹងឈូកអេ ដែលស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលអាជ្ញាធររុះរើ។ (រូបពីសមាគមន៍ធាងត្នោត)
ភ្នំពេញ៖ តំណាងសហគមន៍បឹងឈូកអេ ស្នើសុំឲ្យអាជ្ញាធរផ្ដល់សំណងសមរម្យដល់ពួកគេ ខណៈផ្ទះរបស់ពួកគេ៩ខ្នងហើយ ត្រូវបានរុះរើ។ ជុំវិញករណីនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ថា ពលរដ្ឋទាំងនោះ សង់ផ្ទះលើដីរដ្ឋខុសច្បាប់ ដែលពិបាកផ្ដល់សំណងឲ្យពួកគេ។




ប្រធានសហគមន៍បឹងឈូកអេ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ លោក តូច សំអ៊ន់ ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរបានរុះរើផ្ទះលោក និងពលរដ្ឋផ្សេងទៀត អស់៩ខ្នងហើយ ចាប់ពីថ្ងៃទី២ សីហាមក ។ បើតាមលោក សំអន ផ្ទះដែលត្រូវបានរុះរើនេះ គឺអាជ្ញាធរ ផ្ដល់សំណង៥០ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយគ្រួសារ។ 
 
«បងប្អូនខ្លះគ្មានជម្រើសមានតែទទួលយកសំណង៥០ម៉ឺនរៀល ដោយសារពួកគាត់ប្រមាណ៥គ្រួសារនោះ បានមកតាំងទីលំនៅអំឡុងឆ្នាំ២០១៤ ហើយក៏បង្ខំចិត្តយកសំណងហ្នឹងទៅ។ ប៉ុន្តែខ្ញុំនិងបងប្អូនខ្លះទៀត រស់នៅតាំងពីឆ្នាំ១៩៩៥មក ទើបមិនព្រមទទួលសំណងនេះ»។ នេះបើតាមលោក សំអន ដោយស្នើឲ្យអាជ្ញាធរនិងអង្គការពាក់ព័ន្ធ ជួយអន្តរាគមន៍ ដើម្បីបានសំណងសមរម្យសម្រាប់ពួកគេ។ 
 
អាជ្ញាធរខណ្ឌនិងសង្កាត់ បានចុះរុះរើផ្ទះពលរដ្ឋ ដោយប្រើប្រាស់គ្រឿងចក្រជីកដីនិងឈូសឆាយ៣គ្រឿង រួមទាំងញញួរ ពូថៅ ម៉ូទ័រខួងជាដើម ។ តំណាងសហគមន៍បឹងឈូកអេដដែល បានបញ្ជាក់ថា ការរុះរើផ្ទះពលរដ្ឋនេះ គឺអាជ្ញាធរមានគោលបំណងសាងសង់ផ្លូវតភ្ជាប់ទៅបុរីមួយកន្លែង ដែលនៅជិតទីនោះ ខណៈម្ចាស់បុរី ជាអ្នកចំណាយលុយ ធ្វើផ្លូវចូលទៅគម្រោងបុរីរបស់គេ។ 
 
ជុំវិញបញ្ហារុះរើផ្ទះពលរដ្ឋនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រាប់សារព័ត៌មានថ្មីៗថា ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ប៉ុន្តែលោកស្នើឲ្យសាកសួរទៅអភិបាលខណ្ឌ ដែលចុះធ្វើកិច្ចការងារផ្ទាល់វិញ។ 
 
ដោយឡែក អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី អះអាងថា ផ្ទះដែលរុះរើទាំងនោះ គឺស្ថិតនៅលើដីរដ្ឋ។ លោក ពិសី បានអះអាងថា ការយកដីរដ្ឋ មកធ្វើផ្លូវនេះ គឺអាជ្ញាធរមិនបានផ្ដោតលើផ្លូវចូលគម្រោងបុរីណាឡើយ ប៉ុន្តែវាសម្រាប់ប្រយោជន៍សាធារណៈរួមប៉ុណ្ណោះ។ 
 
អភិបាលខណ្ឌឫស្សីកែវថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «យើងមិនគិតថា គម្រោងផ្លូវរបស់បុរីឬមិនបុរីទេ។ ដីនេះគឺជាប្លង់ដីគម្រោងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ដែលយើងត្រូវតែដោះស្រាយ ព្រោះបងប្អូនទាំងអស់ហ្នឹង(ពលរដ្ឋ២០គ្រួសារ) ទៅសង់នៅលើផ្លូវរបស់រដ្ឋ។ មិនមែនបើក(ធ្វើផ្លូវ) ដើម្បីផលប្រយោជន៍អ្នកណាមួយទេ គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា»។
 
ជាមួយគ្នានេះ លោកអភិបាលខណ្ឌឫស្សីកែវ បានសង្កត់ធ្ងន់ថា ទោះពលរដ្ឋតាំងទីលំនៅពីឆ្នាំណាក៏ដោយ ក៏ដីរដ្ឋមិនអាចក្លាយជាកម្មសិទ្ធិផ្ទាល់ខ្លួនបានដែរ។ ចំពោះសំណង ដែលអាជ្ញាធរធ្លាប់សន្យាជាមួយពលរដ្ឋនៅតំបន់នោះ លោក ជា​ ពិសី សុំមិនឆ្លើយតបឡើយ ដោយសារលោកមិនហ៊ានសម្រេចលើរឿងនេះ។ លោក ពិសី បានស្នើឲ្យសារព័ត៌មានថ្មីៗ សាកសួរទៅខាង​រដ្ឋបាលរាជធានីភ្នំពេញវិញ។ 
 
ពាក់ព័ន្ធនឹងវិវាទដីធ្លីនេះ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ថា នៅអំឡុងពេលកូវីដវាយលុកខ្លាំង ពលរដ្ឋទាំងអស់ សុទ្ធតែជួបបញ្ហាចំណូល និងស្បៀង។ ដូច្នេះប្រសិនបើពួកគេ បាត់ផ្ទះសម្បែងថែមទៀត វាជារឿងដែលគួរឲ្យព្រួយបារម្ភខ្លាំងហើយ។ មិនតែប៉ុណ្ណោះ វាក៏ជាការរំលោកភសិទ្ធិមនុស្សផងដែរ។ 
 
«គម្រោងអភិវឌ្ឍន៍ គឺត្រូវមានសំណងសមរម្យដល់ពលរដ្ឋ ហើយចុះសិក្សាឲ្យបានច្បាស់ថា គ្រួសារណាប៉ះពាល់កម្រិតណា ហើយនរណា មានទីលំនៅពីឆ្នាំណាមក ដើម្បីសិក្សាឆ្លើយតបទៅវិញដោយសន្តិវិធី។ ប្រសិនគ្រួសារដែលនៅមុនគម្រោងអភិវឌ្ឍន៍ ត្រូវរៀបសំណងឲ្យសមរម្យ ទៅតាមស្ថានភាពហ្នឹង»។ នេះបើតាមលោក អំ សំអាត ដោយបន្ថែមថា រដ្ឋគួរតែពិនិត្យ និងសិក្សាលើករណីវិវាទដីធ្លីនេះ ឲ្យបានច្រើនហើយស៊ីជម្រៅ ដើម្បីកុំឲ្យកើតរឿងដដែលៗ៕ 
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com