កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ដូរគូប្រកួតវិញ ក្រោយ Spence ដកខ្លួន ដោយសារបញ្ហាភ្នែក
11, Aug 2021 , 8:41 am        
រូបភាព
 
អ្នកប្រដាល់មិនដែលចាញ់ Errol Spence Jr បង្ខំចិត្តដកខ្លួនចេញពីការប្រកួតទល់នឹង Manny Pacquiao ដែលធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ដោយសារមានបញ្ហាភ្នែកខាងឆ្វេង។ នេះបើតាមការប្រកាសរបស់អ្នករៀបចំកម្មវិធី នៅទី១០ ខែសីហា។ កីឡាករគុយបា Yordenis Ugas ត្រូវប៉ះ Pacquiao ជំនួសវិញ។


អត្ថបទទាក់ទង

Spence ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និង IBF ដែលមានកំណត់ត្រាឈ្នះទាំង២៧លើកមិនដែលចាញ់ រកឃើញថាមានបញ្ហាជំងឺនៅត្រង់ភ្នែកឆ្វែង អំឡុងពេលត្រូវបានណៈកម្មការអត្តពលកម្មរដ្ឋណេវ៉ាដា (ASAC) ពិនិត្យសុខភាពមុនការប្រកួត។ ក្រោយចេញលទ្ធផលពិនិត្យ អ្នកប្រដាល់សញ្ជាតិអាមេរិក វ័យ៣១ឆ្នាំ បង្ហាញការសោកស្តាយពីព្រោះមិនអាចឡើងទៅប្រជែងជាមួយស្តេចប្រដាល់អាស៊ីលើសង្វៀនតាមការគ្រោងទុក។

«ខ្ញុំមានការរំភើបចំពោះការប្រកួតទល់ Pacquiao។ ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យបានរកឃើញទឹកភ្នែកនៅភ្នែកខាងឆ្វេងរបស់ខ្ញុំមានបញ្ហាជំងឺម្យ៉ាង។ គ្រូពេទ្យថាខ្ញុំត្រូវការវះកាត់ឱ្យបានលឿនបំផុតហើយគ្មានវិធីណាក្រៅពីនេះនោះទេ»។ នេះជាការអះអាងរបស់ Spence។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកប្រដាល់មិនដែលចាញ់ Spence ត្រូវទទួលកាវះកាត់នៅថ្ងៃទី១២ ខែសីហានេះ ខណៈការប្រកួតរវាងរូបគេនិង Pacquiao ត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែសីហា។

ក្រោយលឺដំណឹងនេះ អ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន បានផ្ញើសារជូនពរ Spence និងបន់ព្រះឱ្យគូប្រជែងរូបនេះឆាប់ជាសះស្បើយវិញឆាប់ៗ។
បើទោះ Spence ត្រូវដកខ្លួន ប៉ុន្តែមិនមែនមានន័យថាការប្រកួតនៅកីឡដ្ឋាន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ត្រូវរំសាយចោលនោះទេ។
កីឡាករ Yordenis Ugas ដែលត្រូវប៉ះ Pacquiao ជំនួស Spence ‬

អ្នកប្រដាល់សញ្ជាតិគុយបា Yordenis Ugas ដែលជាម្ចាស់មេដាយសំរឹទ្ធកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០០៨ បានយល់ព្រមតតាំងជាមួយ Pacquiao ជំនួស Spence វិញ។
ស្តេចប្រដាល់ហ្វីលីពីន វ័យ៤២ឆ្នាំ ក៏បានយល់ព្រមឡើងសង្វៀនជាមួយ Ugas វ័យ៣៥ឆ្នាំ ដែលមានប្រវត្តិប្រកួត៣០លើក ឈ្នះ២៦ ចាញ់៤ និងផ្តួលដៃគូឱ្យសន្លប់១២លើក តាមការស្នើរបស់អ្នករៀបចំផងដែរ៕





Tag:
 Errol Spence Jr
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com