ជាតិ
សត្វព្រៃ៖ ក្រុមហ៊ុនវីរៈប៊ុនថាំ ថាខ្លួនគ្មានសិទ្ធិបើកមើលអីវ៉ាន់ភ្ញៀវទេ ខណៈអាជ្ញាធរទុកពេល៣០ថ្ងៃ ឱ្យចូលដោះស្រាយ
18, Aug 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើបន្ទាយស្រី កាលពីថ្ងៃទី១៧ ខែសីហា បានឃាត់រថយន្តដឹកអីវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលដឹកសត្វតុកកែព្រៃ ចំនួន ៩៨៤ក្បាល។ លោក ម៉ុង ប៊ុនលីម ប្រធានរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បានប្រាប់ ThmeyThmey25 ថា ក្រុមហ៊ុននេះនឹងត្រូវវិន័យតាមច្បាប់អន្តការណ៍ ដែលមានចែងក្នុងច្បាប់រដ្ឋបាលព្រៃឈើ។ បើក្រុមហ៊ុនមិនចូលមកដោះស្រាយរយៈពេល៣០ថ្ងៃ ក្រុមការងារនឹងបញ្ជូនសំណុំរឿង ទៅកាន់តុលាការចាត់ការបន្ត។


 បន្ទាប់ពីមានការសង្ស័យ និងបានពិនិត្យមើលទំនិញមួយចំនួន ក្រុមការងាររដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ប្រទះឃើញមានសត្វតុកកែ ៩៨៤ក្បាល ដឹកមកពីខេត្តព្រះវិហារ។  ក្រុមកម្លាំងរដ្ឋបាលព្រៃឈើ បានធ្វើការតាមផ្លូវច្បាប់ ដោយដកហូតរថយន្តខាងលើរក្សាទុកជាវត្ថុតាង និងរង់ចាំឱ្យភាគីខាងក្រុមហ៊ុនចូលខ្លួនមកដោះស្រាយ។
 
លោក ម៉ុង ប៊ុនលីម បញ្ជាក់ដូច្នេះ៖ «តាមច្បាប់រដ្ឋបាលព្រៃឈើ ការបរបាញ់ សម្លាប់ ឬដឹកជញ្ជូនសត្វព្រៃ ឬសាច់សត្វព្រៃគ្រប់ប្រភេទជាអំពើល្មើសច្បាប់ព្រៃឈើ។ ជាក់ស្ដែងដូចជាសត្វតុកកែព្រៃ ដែលស្ថិតក្នុងប្រភេទសត្វល្មូន ត្រូវបានការពារដោយប្រការ២០នៃច្បាប់ព្រៃឈើ។ ចំពោះជនណាល្មើស នឹងត្រូវវិន័យជាសាច់ប្រាក់មួយគុណនឹង៣ តាមច្បាប់អន្តរការណ៍»។
 
ចំពោះទំហំនៃការផាកពិន័យទាក់ទងនឹងសកម្មភាពខាងលើ ក្រុមហ៊ុនដឹកជញ្ជូននេះ អាចនឹងត្រូវចំណាយប្រាក់ពិន័យជិត៣ម៉ឺនដុល្លារ ដោយយោងតាមការទូទាត់ការពិន័យតាមច្បាប់របស់រដ្ឋបាលព្រៃឈើ។
 
«ជាក់ស្ដែង បើតម្លៃតុកកែនៅលើទីផ្សារមួយ៩ដុល្លារ យកទៅគុណនឹងចំនួន៩៨៤ក្បាល។ ករណីនេះមន្ត្រីជំនាញគុណឃើញជិត៣ម៉ឺនដុល្លារ ហើយកុំច្រឡំថានេះជាការបង់ប្រាក់ថ្នូរនឹងការដោះលែងឱ្យសោះ។ វាជាការពិន័យតាមច្បាប់ទេ»។ នេះជាការពន្យល់របស់លោក ម៉ុង ប៊ុនលីម។
 
ទាក់ទងនឹងបញ្ហានេះ ប្រធានរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បានបញ្ជាក់ថា ខាងក្រុមហ៊ុនមិនទាន់ចូលខ្លួនមកដោះស្រាយនៅឡើយទេ។
 
ជុំវិញបញ្ហានេះ លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបញ្ជាក់ថា ក្រុមហ៊ុនលោកជាក្រុមហ៊ុនដឹកជញ្ជូន ទទួលទំនិញពីភ្ញៀវគ្មានសិទ្ធិបើក ទៅចាប់ ឬបើកកកាយទំនិញរបស់ភ្ញៀវទេ ប្រសិនបើធ្វើយ៉ាងនេះ ក៏អតិថិជនមិនពេញចិត្តដែរ។ លោកបន្តថាបើមានការសង្ស័យក្រុមហ៊ុនរបស់លោកនឹងសហការជាមួយមន្ត្រីពាក់ព័ន្ធដើម្បីធ្វើការងារ។


 
«លើកនេះទាក់ទងជាមួយរឿងតុកកែ យើងមិនដឹងថារដ្ឋបាលព្រៃឈើគិតយ៉ាងណាទេ គាត់ទាមទារឱ្យយើងបង់ពិន័យ។ ខាងខ្ញុំមានលេខអ្នកផ្ញើរនិងអ្នកទទួលហើយ បើចង់ចាប់ក៏ពួកខ្ញុំចូលរួមដែរ តែពួកគាត់អត់ព្រម»។ នេះជាការពន្យល់របស់លោក វីរៈ។
 
លោក វីរៈ អះអាងប្រាប់ ThmeyThmey25 បន្ថែមដូច្នេះ៖ «សម្រាប់ខ្ញុំនៅតែបញ្ជាក់ថា ក្រុមហ៊ុនខ្ញុំមានសិទ្ធិត្រឹមដឹកទំនិញ។ ដំណើរការចាប់ជនល្មើស ជាតួនាទីរបស់សមត្ថកិច្ច។ ហើយពួកយើងនឹងចូលរួមសហការឱ្យអស់ពីសមត្ថភាពលើរឿងនេះ។ ខ្ញុំសុំការសហការ ដោយមិនទទួលការពិន័យទេ។ ប៉ុន្ដែបើមិនមានដំណោះស្រាយណាមួយសម្រាប់ក្រុមហ៊ុនទេ យើងខ្ញុំនឹងរកមេធាវីដើម្បីដំណើរតាមផ្លូវច្បាប់»។
 
ម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំរូបនេះ បន្តថា កន្លងមក ក្រុមហ៊ុនក៏ធ្លាប់ជួបករណីដឹកជញ្ជូនទំនិញខុសច្បាប់ច្រើនលើកមកហើយ ប៉ុន្តែក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរបានដោយជោគជ័យលើការបង្ក្រាបបទល្មើសទាំងនោះ៕
 



Tag:
 រដ្ឋបាលព្រៃឈើសៀមរាប
  សត្វកុកតែ
  ស្រុកបន្ទាយស្រី
  វីរៈប៊ុនថាំ
© រក្សាសិទ្ធិដោយ thmeythmey.com