រថយន្ត
សិល្បៈអន្តរជាតិ
អន្តរជាតិ
តារាល្បីៗ៥នាក់នៅនីហ្សេរីយ៉ា សុទ្ធតែបានឆ្លងកាត់អាជីពជាអ្នកបើកឡានក្រុង
13, Sep 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
គ្មានការចាប់ផ្តើមណាដែលងាយស្រួលនោះឡើយ ប៉ុន្តែការតស៊ូ ប្រឹងប្រែង តាំងចិត្តខ្ពស់ នឹងជំរុញជីវិតឲ្យបានជោគជ័យ។ ក្នុងមាតិកា «Motivation» សារព័ត៌មាន Vocal Media របស់នីហ្សេរីយ៉ា បានលើកឡើងពីគំរូភាពតារាល្បីៗ៥រូបក្នុងប្រទេសរបស់ខ្លួន ដែលសុទ្ធតែឆ្លងកាត់អាជីពជាអ្នកបើកឡានក្រុង។

 
អ្នកទាំង៥នាក់នោះរួមមាន៖
 
១. តារាកំប្លែង Ali Baba
Atunyota Alleluya Akpobome ជាតារាកំប្លែងអាជីពម្នាក់នៅនីហ្សេរីយ៉ា ដែលត្រូវបានគេស្គាល់ជាទូទៅថា Ali Baba។ ក្នុងបទសម្ភាសមួយជាមួយ Chanels Television តារាវ័យ៥៦ឆ្នាំរូបនេះ បានអះអាងថា ខ្លួនធ្លាប់ជាអ្នកបើកឡានក្រុងនៅរដ្ឋ Delta។ 
 


២. លោក Jude Okoye ផលិតករ និងជាអ្នកគ្រប់គ្រងផលិតកម្មតន្ត្រី
តាមរយៈសារលើកទឹកចិត្តនៅលើបណ្តាញសង្គម Instagram លោក Judge Okoye បានរំលឹកពីអតីតកាល របស់ខ្លួន ពេលចាប់ផ្តើមជីវិតដំបូងនៅក្រុង Lagos នាអំឡុងឆ្នាំ១៩៩៥។ ជាមួយនឹងសារដែលមាន Hashtag #mondaymotivation លោកបានបញ្ជាក់ថា លោកបានធ្វើជាបើកបររថយន្តក្រុងរវាង Ijora និង Jibowu ជារៀងរាល់ថ្ងៃដើម្បីរកប្រាក់ចំណូល។
 


៣. តារាចម្រៀង Gabriel Eziashi
ជាតារាចម្រៀង និងជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីល្បាញម្នាក់ ដូចជាបទ Aka ya Aka ya, My Praise ជាដើម លោក Eziashi បានអះអាងនាសន្និសីទសារព័ត៌មានមួយថា ជីវិតរបស់លោកចាប់ផ្តើមជាមួយនឹងអាជីពជាអ្នកបើកឡានក្រុងកាលពី១៦ឆ្នាំមុន។ សម្រាប់លោក វាជាការចាប់ផ្តើមអស្ចារ្យមួយ។


 
៤. តារាសម្តែង Joseph Benjamin
តាមរយៈបទសម្ភាសមួយក្នុងកម្មវិធីវិទ្យុ «Talk About It» តារសម្តែងដ៏ល្បីល្បាញរបស់នីហ្សេរីយ៉ារូបនេះ បានរំលឹកពីដំណើរជីវិតដ៏ប្រែប្រួលរបស់ខ្លួន ដោយផ្តើមចេញពីអ្នកបើករថយន្តក្រុង បុគ្គលិកសន្តិសុខ អ្នកបម្រើតុ ការងារក្នុងហាងនំប៉័ង និងធ្វើជាអ្នកលក់ស្បែកជើងនៅក្រុង Balogun។ មុនពេលប្រឡូកក្នុងវិស័យសិល្បៈ Benjamin ក៏ធ្លាប់ធ្វើការផ្នែក IT ផងដែរ។
 



៥. តារាចម្រៀង Small Doctor
 
ក្នុងកម្មវិធីទូរទស្សន៍មួយ Adekunle Temitope ដែលមានឈ្មោះសិល្បៈថា Small Doctor បានបញ្ជាក់ថា ខ្លួនធ្លាប់ប្រឡូកអាជីពជាអ្នកបើកបររថយន្តជិត១០ឆ្នាំ។ ចាប់តាំងពីឆ្នាំ២០១២មក ជីវិតរបស់លោក បានប្រែប្រួលខ្លាំង។ Penalty ជាបទដ៏ល្បីល្បាញរបស់ Small Doctor ដែលបានឈ្នះពាន «Best Street Hop» កាលពីឆ្នាំ២០១៨ផងដែរ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com