អន្តរជាតិ
នាយករដ្ឋមន្រ្តីវៀតណាម៖ វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់និងទុកចិត្តបំផុត
13, Sep 2021 , 5:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ ចាប់ដៃរដ្ឋមន្រ្តីការពារជាតិជប៉ុន គីស៊ី ណូបុ ។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ ចាប់ដៃរដ្ឋមន្រ្តីការពារជាតិជប៉ុន គីស៊ី ណូបុ ។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
ដោយ៖ឡាយ ស្រីពេជ្រ
 
បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមចាត់ទុកជប៉ុនក្នុងចំណោមដៃគូសំខាន់បំផុតដែល ទទួលបានការជឿជាក់ខ្ពស់នៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញជិញ ប្រាប់រដ្ឋមន្រ្តីការពារជាតិជប៉ុន គីស៊ី ណូបុ នៅថ្ងៃទី១២ ខែកញ្ញា។

 
អំឡុងទស្សនកិច្ចនៅទីក្រុងហាណូយ រដ្ឋមន្រ្តីការពារជាតិជប៉ុន គីស៊ី ណូបុ បានជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ នៅថ្ងៃទី១២ ខែកញ្ញា។ លោក ឈិញ ក៏ប្រាប់លោក គីស៊ី ពីជំហររបស់វៀតណាមដែលចាត់ទុកជប៉ុនជាដៃគូដ៏សំខាន់មួយរបស់ខ្លួន។
 
បើតាមការផ្សាយរបស់កាសែត Vietnam News ប្រមុខរដ្ឋាភិបាលវៀតណាមអះអាងថា ចាប់តាំងពីបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមផង ផ្ដល់ការជឿជាក់លើជប៉ុនក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ លោក ឈិញ បញ្ជាក់ថា វៀតណាមស្វាគមន៍ចំពោះការចូលរួមចំណែកយ៉ាងសកម្ម របស់ជប៉ុន និងគាំទ្រជប៉ុនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និង ពិភពលោកទាំងមូល។
 
បន្ថែមពីនេះទៅទៀត នាយករដ្ឋមន្រ្តីវៀតណាម ក៏អរគុណចំពោះជប៉ុនដែលបានផ្តល់វ៉ាក់សាំងជាង៣ លានដូសដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់វៀតណាម និងការសម្រួលដល់ប្រជាជនវៀតណាម ដែលកំពុងធ្វើការនិងរស់នៅជប៉ុន។ លោក ឈិញ បានសុំឱ្យជប៉ុនជួយវ៉ាក់សាំងបន្ថែមទៀត និងបន្ត ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់វៀតណាមទៀត។ 
 
មេដឹកនាំវៀតណាមរូបនេះ សន្យាថា វៀតណាមនឹងបន្តបង្កើតភាពងាយស្រួល និងតម្លាភាពដល់ការ វិនិយោគរបស់បរទេសរួមទាំងប្រជាជនជប៉ុនផងដែរនៅក្នុងប្រទេសខ្លួន។
 
លោក គីស៊ី វិញ បានកោតសរសើរការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានបញ្ជាក់ថា លោកនឹងស្នើទៅអាជ្ញាធរពាក់ព័ន្ធឱ្យបន្តជំនួយដល់ វៀតណាម។ លើសពីនោះ ទីក្រុងតូក្យូ នឹងបន្តសហការជាមួយទីក្រុងហាណូយក្នុងវិស័យអាទិភាព របស់វៀតណាម៕
 


 

© រក្សាសិទ្ធិដោយ thmeythmey.com