ជាតិ
កម្ពស់​ទឹក​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់ កំពុង​ហក់ឡើងជា​បន្ត​បន្ទាប់
25, Sep 2021 , 3:00 pm        
រូបភាព
ភ្នំពេញ៖ កម្ពស់​ទឹក​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេបាសាក់ កំពុង​ហក់ឡើងជា​បន្ត​បន្ទាប់ ខណៈ​កម្ពស់ទឹក​នៅ​បឹង​ទន្លេ​សាប-ស្ថានីយក្រគរ-កំពង់លួង មាន​កម្ពស់ ៤.៥៧ម៉ែត្រ ខ្ពស់​ជា​ង​ម្សិល​មិញ​ ០.០៧ម៉ែត្រ។ នេះ​បើតាម​ព្រឹត្តិបត្រព័ត៌មាន​ និង​ព្យាករណ៍​កម្ពស់​ទឹក ចេញផ្សាយ​នៅ​​ព្រឹក​ថ្ងៃទី​២៥ កញ្ញា។


 
ភ្លៀង​ធ្លាក់​ជាបន្ត​បន្ទាប់ បាន​ធ្វើ​ឱ្យ​កម្ពស់​ទឹក​នៅតាម​ដង​ទន្លេ​ហក់​ឡើងខ្លាំង​។ ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់​នាយក​ដ្ឋាន​ជល​សាស្រ្ត​ និង​ការងារ​ទន្លេ បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៥ កញ្ញានេះ ​ស្ថានីយ​ទន្លេ​មេគង្គ​-ស្ទឹង​ត្រែង​ ទឹកមាន​កម្ពស់​ ៧.៤០ម៉ែត្រ កើន​ឡើង​១.០២ម៉ែត្រ ធៀប​នឹង​ថ្ងៃទី​២៤ កញ្ញា។ 
 
ចំណែក​ស្ថានីយ​ទន្លេ​មេគង្គ-ក្រចេះ ទឹក​មាន​កម្ពស់ ១៥.៦៩ម៉ែត្រ កើនឡើង​០.៧២ម៉ែត្រ និងស្ថានីយ​​ទន្លេមេគង្គ-កំពង់ចាម ទឹក​មាន​កម្ពស់​ ៩.៤៧ម៉ែត្រ កើន​ឡើង ០.១១ម៉ែត្រ​។ ដោយឡែក ស្ថានីយ​ទន្លេបាសាក់-ចតុមុខ ទឹក​មាន​កម្ពស់ ៦.០៧ម៉ែត្រ កើន​ឡើង​ ០.០៧ម៉ែត្រ និង​ស្ថានីយ​ទន្លេមេគង្គ-អ្នក​លឿង ទឹក​មាន​កម្ពស់​ ៤.៣៦ម៉ែត្រ កើន​ឡើង ០.០៤ម៉ែត្រ។
 
សម្រាប់ស្ថានីយ​ទន្លេ​បាសាក់-កោះខែលវិញ​ ទឹក​មាន​កម្ពស់​ ៥.៥២ម៉ែត្រ កើន​ឡើង​០.០៤ម៉ែត្រ និងស្ថានីយ​​ទន្លេ​សាប-ព្រែក​ក្ដាម​ ទឹក​មាន​កម្ពស់​ ៥.១៨ម៉ែត្រ កើនឡើង​០.០៣ម៉ែត្រ​។ បើតាម​​នាយក​ដ្ឋាន​ជល​សាស្រ្ត​ និង​ការងារ​ទន្លេ ការ​ហក់​ឡើង​កម្ពស់ទឹក​នៅ​តាមស្ថានីយខាងលើនេះ មិនទាន់​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន​នៅ​ឡើយ​ទេ។ 
 
សូម​បញ្ជាក់ថា ការព្យាករអាកាសធាតុរបស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២១ កញ្ញា បាន​ឱ្យដឹងថា ចាប់​ពីថ្ងៃទី​២២-២៨ កញ្ញា រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ១១ នឹង​អាច​កើត​មាន​ជំនន់ទឹក​ភ្លៀង៕​
 

Tag:
 អាកាសធាតុ
  ទន្លេមេគង្គ
  ទន្លេ​សាប
  ទន្លេបាសាក់
© រក្សាសិទ្ធិដោយ thmeythmey.com