កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់មេដាយមាស៖ ប្រទេសរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា មិនសមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗឡើយ
14, Oct 2021 , 9:29 am        
រូបភាព
Tom Daley ម្ចាស់មេដាយមាសកីឡាមុជទឹកអូឡាំពិកក្រុងតូក្យូ លើកឡើងថា ប្រទេសដែលមានច្បាប់ដាក់ទណ្ឌកម្មអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) មិនគួរឱ្យធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗឡើយ។


Daley អត្តពលិកអង់គ្លេស ដណ្តើមបានមេដាយមាសកីឡាមុជទឹកលើវិញ្ញាសាបុរស ១០ ម៉ែត្រនៅទីក្រុងតូក្យូឆ្នាំ២០២០។ អត្តពលិកវ័យ២៧រូបនេះ ធ្លាប់បង្ហាញជាសារធារណថា ខ្លួនជាអ្នកស្រឡាញ់ភេទដូចគ្នា កាលពីឆ្នាំ ២០១៣។
 
«នៅក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូមានកីឡាករ-កីឡាការិនីរួមច្រើន ដូច្នេះវាពិតជាអស្ចារ្យណាស់។ ប៉ុន្តែមានប្រទេសចំនួន១០ ដែលចូលរួមប្រកួតប្រជែងគ្នាជាប្រទេសរើសអើង LGBT»។ Daley ប្រាប់កាសែត BBC ដូច្នេះ ដោយបង្ហាញអារម្មណ៍មិនពេញចិត្តឡើយ សម្រាប់ក្រុមដែលមានចរិតរើសអើង។
  អត្តពលិកអង់គ្លេស Tom Daley ម្ចាស់មេដាយមាសកីឡាមុជទឹកអូឡាំពិកក្រុងតូក្យូ

ម្ចាស់ជើងឯកពិភពលោក៣សម័យ និងជើងឯកអឺរ៉ុប៥លើក បានបន្ថែមដោយបើកចំហទៀតថា ប្រទេសដែលមានច្បាប់រឹតត្បិតអ្នកស្រឡាញ់ភេទដូចគ្នា គួរតែមិនអាចធ្វើជាម្ចាស់ផ្ទះអូឡាំពិក ឬព្រឹត្តិការណ៍កីឡាធំៗនោះទេ។ 
 
«ប្រសិនបើប្រទេសនោះមានច្បាប់ដាក់ទណ្ឌកម្មអ្នកស្រឡាញ់ភេទដូចគ្នា ឬរើសអើងពណ៌សប្បុរស្បែក នោះមិនគួរត្រូវបានអនុញ្ញាតឱ្យធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នោះទេរហូតដល់ពួកគេផ្លាស់ប្តូរច្បាប់របស់ពួកគេវិញ»។ 
 
នៅខែវិច្ឆិកា និងខែធ្នូឆ្នាំ ២០២២ ការប្រកួតកីបាល់ទាត់ពិភពលោក FIFA World Cup នឹងត្រូវរៀបចំឡើងនៅប្រទេសកាតាដែលជាប្រទេសមានច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា។ Daley អះអាងថា World Cup ដែលជាកីឡាល្បីល្បាញលំដាប់ពិភពលោក គួរតែធ្វើនៅប្រទេសផ្សេងក្រៅពីកាតានៅឆ្នាំ២០២២៕



Tag:
 LGBT
  Tom Daley
© រក្សាសិទ្ធិដោយ thmeythmey.com