កីឡាអន្តរជាតិ
អន្តរជាតិ
ប្តីអត្តពលិកកេនយ៉ា Tirop ជាប់ឈ្មោះជាជនសង្ស័យក្នុងករណីឃាតកម្មប្រពន្ធខ្លួន
14, Oct 2021 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
Agnes Jebet Tirop ម្ចាស់កំណត់ត្រាពិភពលោកវិញ្ញាសារត់ចម្ងាយឆ្ងាយរបស់កេនយ៉ា ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងស្នាមចាក់លើពោះ ក្នុងក្រុង Iten នាថ្ងៃទី១២ ខែតុលា។ ប៉ូលិសចាត់ទុកប្តីរបស់ Tirop ជាជនសង្ស័យលើករណីឃាតកម្មនេះ។



កីឡាការិនី វ័យ២៥ឆ្នាំរូបនេះ ត្រូវបានចាត់ទុកជាអត្តពលិកកំពូលមួយរូបរបស់កេនយ៉ា តាមរយៈការឈ្នះមេដាយសំរឹទ្ធិពិភពលោក ពីរលើកលើវិញ្ញាសាររត់ចម្ងាយ១ម៉ឺនម៉ែត្រ។ សម្រាប់វិញ្ញាសាពិភពលោក World Cross Country Championships វិញ Tirop ធ្លាប់ឈ្នះមេដាយមាស១ និងប្រាក់២។
 
Tirop បានដើរគ្រវីទង់ជាតិកេនយ៉ា នាព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ និងបានទទួលចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសារត់ចម្ងាយ៥ ០០០ម៉ែត្រ។ 
 
ដំណឹងមរណភាពរបស់ Tirop ត្រូវបានកាសែត BBC ចុះផ្សាយ ដោយលោក Barnaba Korir ប្រធានសហព័ន្ធអត្តពលកម្មកេនយ៉ា ប្រចាំតំបន់ណៃរ៉ូប៊ីជាអ្នកប្រកាស។ Tirop ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងផ្ទះក្នុងក្រុង Iten តំបន់ Elgeyo Marakwet ជាមួយនឹងស្នាមចាក់លើផ្ទៃពោះ និងក​ ខណៈមកដល់ពេលនេះប៉ូលិសចាត់ទុកប្តីរបស់នាង ជាជនសង្ស័យ។
 
ក្នុងដំណើរការស៊ើបអង្កេតព្រហ្មទណ្ឌ លើការស្លាប់របស់ Tirop ក្រុមប៉ូលីសបានអះអាងថា ប្តីរបស់នាងបានបាត់ខ្លួនទៅហើយ។ យ៉ាងណាក៏ដោយ លោក Tom Makori មេប៉ូលិសប្រចាំតំបន់ អះអាងថា ប្តីរបស់នាងនៅតែជាជនសង្ស័យនៅឡើយ ខណៈប៉ូលិសព្យាយាមស្វែងរកបុរសជាប្តី ដើម្បីបង្ហាញនូវអ្វីដែលបានកើតឡើងចំពោះ Tiro។ លោក Makori បានបន្ថែមថា ប៉ូលិសជឿជាក់ថា CCTV នៅក្នុងផ្ទះប្រហែលជាអាចជួយ ដល់ការស៊ើបអង្កេតរបស់ពួកគេ៕

© រក្សាសិទ្ធិដោយ thmeythmey.com