កីឡាអន្តរជាតិ
អន្តរជាតិ
Hernandez ខ្សែការពារ Bayern Munich ត្រូវកាត់ទោសជាប់គុក៦ខែ ពីបទប្រឆាំងបញ្ជាតុលាការ
15, Oct 2021 , 8:29 am        
រូបភាព
តុលាការក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញដាក់ទោស Lucas Hernandez ខ្សែការពារបារាំង និង Bayern Munich ឱ្យ ជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទមិនគោរពតាមដីកាចាប់ខ្លួនកាលពីឆ្នាំ ២០១៧។ Hernandez ជាប់ទោសពីបទប្រើអំពើហឹង្សាក្នុងគ្រួសារលើប្រពន្ធខ្លួន កាលរូបគេនៅជាកីឡាកររបស់ AT-Madrid។


 
តុលាការអេស្ប៉ាញបានប្រកាសនៅថ្ងៃទី១៣ ខែតុលា តាមរយៈឯកសារមួយថា Hernandez ត្រូវបានតុលាការឧក្រិដ្ឋកម្មក្រុងម៉ាឌ្រីតបដិសេធការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរទោសរបស់ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ ដែលមិនព្រមចូលខ្លួនតាមដីកាកោះកន្លងមក។
 
នៅក្នុងឯកសារនោះដែរ Hernandez ត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌចំនួនពីរលើក ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ ក្នុងបទរំលោភមិត្តស្រី ដែលឥឡូវជាប្រពន្ធ កាលពីខែកុម្ភៈ ឆ្នាំ ២០១៧។ កាលនោះ Hernandez ត្រូវបានផ្តន្ទាទោសរយៈពេល៣១ថ្ងៃ ប៉ុន្តែរូបគេមិនព្រមចូលខ្លួនដោះស្រាយឡើយរហូតសព្វថ្ងៃ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អតីតខ្សែការពារ AT-Madrid នៃលីគកំពូលអេស្ប៉ាញរូបនេះ ត្រូវបានបញ្ជាឱ្យចូលតុលាការទីក្រុងម៉ាឌ្រីតនៅថ្ងៃទី១៩ ខែតុលា ខាងមុខ ខណៈ Hernandez ប្រឈមជាប់ពន្ធនាគាររយៈពេល៦ខែ ក្នុងបទប្រឆាំងដីការកោះរបស់តុលាករ។
 
Hernandez ដែលផ្លាស់ពី AT-Madrid ទៅចូលរួមជាមួយ Bayern Munich ឆ្នាំ២០១៩ បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបទបញ្ជាចុងក្រោយរបស់តុលាកាក្រុងម៉ាឌ្រីដនេះ។ យ៉ាងណាក៏ដោយ តំណាងក្លិប Bayern Munich និងសមីខ្លួន Hernandez មិនបានឆ្លើយតបភ្លាមៗចំពោះសំណុំរឿងខាងលើឡើយ៕

Tag:
 Lucas Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com