កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកដែលរងគ្រោះក្រោមស្នាដៃពេទ្យ Larry Nassar ស្នើរំលាយក្រុមប្រឹក្សាអូឡាំពិកអាម៉េរិក
15, Oct 2021 , 9:29 am        
រូបភាព
គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិក (USOPC) បានការពារការដោះស្រាយករណីរបស់លោក Larry Nassar ជុំវិញការបំពានផ្លូវភេទលើកីឡាការិនីកាយសម្ព័ន្ធកំពូលៗជាច្រើននាក់។ កីឡាការិនីដែលរងការរំលោភបំពានផ្លូវភេទ ពីអតីតគ្រូពេទ្យរូបនេះ បានផ្ញើលិខិតទៅសភាអាមេរិកដោយអំពាវនាវឱ្យរំលាយក្រុមប្រឹក្សាភិបាលរបស់ USOPC។ USOPC ថាខ្លួនដោះស្រាយករណីនេះ២ឆ្នាំមកហើយ តែអត្តពលិកទាំងនោះនៅតែបង្កបញ្ហា។



ម្ចាស់មេដាយមាសអូឡាំពិក Simone Biles, McKayla Maroney និង Aly Raisman រួមជាមួយម្ចាស់មេដាយមាសជើងឯកពិភពលោកនាង Maggie Nichols ដែលរងការរំលោភបំពានផ្លូវភេទពីសំណាក់លោក Nassar បានផ្ញើលិខិតរួមគ្នានៅថ្ងៃទី១៣ ខែតុលា ទៅកាន់សភាអាមេរិក។
 
ក្នុងលិខិតនោះ ពួកគេសរសេរថា៖ «សកម្មភាពកន្លងមករបស់ក្រុមប្រឹក្សាភិបាល USOPC មិនបង្ហាញពីឆន្ទៈដោយស្រាយបញ្ហាប្រឈមនឹងការរំលោភបំពាននោះទេ។ ពួកគេបានស្នើសភាអាមេរិកឱ្យ រំលាយមន្ត្រី និងក្រុមប្រឹក្សាភិបាលរបស់ USOPC ចោលតែម្តងដ្បិតព្រងើយកន្តើយនឹងករណីដ៏អាម៉ាសនេះ»។
 
Biles, Raisman, Maroney និង Nichols ស្ថិតក្នុងចំណោមជនរងគ្រោះបំពានផ្លូវភេទរាប់សិបនាក់ផ្សេងទៀត ដែលបានចេញមុខប្រឆាំងនឹងអតីតវេជ្ជបណ្ឌិតអាមេរិក Larry Nassar ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១៧៥ ឆ្នាំក្នុងឆ្នាំ ២០១៨។
 
Biles ជាម្ចាស់មេដាយមាសអូឡាំពិកចំនួន៤ និងសំរឹទ្ធិ១ វិញ្ញាសាកីឡាកាយសម្ព័ន្ធជាលក្ខណៈទោល និងក្រុម នៅក្រុងរីយ៉ូ ឆ្នាំ ២០១៦។ នៅអូឡាំតូក្យូ ឆ្នាំ២០២០ នាងទទួលបានតែមេដាយប្រាក់១ប៉ុណ្ណោះ ក្រោយសម្រេចចិត្តដកខ្លួនចេញពីការប្រកួតនៅពាក់កណ្តាលទី ដោយសារបញ្ហាផ្លូវអារម្មណ៍។ បញ្ហាអារម្មណ៍របស់កីឡាការិនីអាមេរិកវ័យ២៤ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា បណ្តាលមកពីករណីបំពានផ្លូវភេទកន្លងមក។
  


យ៉ាងណាក៏ដោយ ឆ្លើយតបការចោទប្រកាន់របស់កីឡាការិនីទាំង៤ USOPC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែល Reuters ចុះផ្សាយថា៖ «លិខិតដែលបានផ្ញើទៅសភាបានបញ្ជាក់ពីការព្រួយបារម្ភរបស់ពួកគេ ហើយយើងទទួលស្គាល់ភាពក្លាហានរបស់អត្តពលិកទាំងអស់នោះដែលបន្តឱ្យមានបញ្ហាមកដល់ពេលនេះ»។
 
USOPC បញ្ជាក់ថា ស្ថាប័នខ្លួនបានដោះស្រាយបញ្ហាខាងលើអស់រយៈពេលជាងពីរឆ្នាំមកហើយ ហើយការងារផ្សេងទៀតនៅបន្តធ្វើរាល់ថ្ងៃ មិនដូចការចោទរបស់កីឡាការិនីទាំង៤នោះឡើយ។ USOPC ថែមទាំងបានអនុវត្តកំណែទម្រង់ ក្នុងការដោះស្រាយបញ្ហារំលោភបំពានផ្លូវភេទនៅគ្រប់កម្រិតកីឡាទាំងអស់៕

Tag:
 USOPC
  Simone Biles
  Larry Nassar
© រក្សាសិទ្ធិដោយ thmeythmey.com