កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោមការសម្របសម្រួលរបស់ FIFA កីឡាការិនីអាហ្វហ្គានីស្ថាន១០០នាក់ ជម្លៀសដល់កាតា
15, Oct 2021 , 2:57 pm        
រូបភាព
កីឡាការិនីបាល់ទាត់ប្រមាណ ១០០ នាក់ទៅដល់ទីក្រុងដូហា ប្រទេសកាតានៅថ្ងៃទី១៤ ខែតុលា ក្រោយពួកគេជម្លៀសចេញពីអាហ្វហ្គានីស្ថាន។



រដ្ឋាភិបាលប្រទេសកាតា បានធ្វើការជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកីឡាការិនីទាំងនោះ ខណៈពួកគេប្រឈមបញ្ហាក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះយោងតាមការផ្សាយរបស់កាសែត BBC។
 
ក្នុងចំណោមកីឡាការិនីបាល់ទាត់ប្រមាណ ១០០ នាក់នេះ ត្រូវបានគេជឿជាក់ថា រួមមានទាំងសមាជិកក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានចំនួន ២០រូបផងដែរ។
ជុំវិញការស្វែងរកសិទ្ធិជ្រកកោនដល់អ្នកកីឡាបាល់ទាត់ FIFA បានព្យាយាមលើការធានាការជម្លៀសកីឡាករកីឡាការិនី និងក្រុមគ្រួសាររបស់ពួកគេបន្ថែមទៀតចេញពីប្រទេសដែលបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់សារជាថ្មីម្តងទៀតកាលពីខែសីហាកន្លងទៅ។
 
ចាប់តាំងពីអាហ្វហ្គានីស្ថាន ត្រូវបានក្រុមតាលីបង់កាន់កាប់ មានអ្នកកីឡាជាច្រើន ជាពិសេសកីឡាការិនីបានបង្ហាញក្តីបារម្ភពីសុវត្ថភាពខ្លួន ដ្បិតក្រុមនេះមិនពេញចិត្តឱ្យមនុស្សស្រីមានសិទ្ធិធ្វើអ្វីដូចមនុស្សប្រុសឡើយ។
 
អតីតប្រធានក្រុមជម្រើសជាតិនារីអាហ្វហ្គានីស្ថានម្នាក់ដែលរស់នៅក្រៅប្រទេស ធ្លាប់បានព្រមានកីឡាការិនីរួមជាតិខ្លួនលុបរូបភាពពួកគេនៅលើបណ្តាញសង្គម និងដុតឧបករណ៍គ្រប់បែបយ៉ាងដែលពាក់ព័ន្ធកីឡា ដើម្បីការពារខ្លួនពីរបបថ្មី។
 
ក្រៅពីនោះ កីឡាបាល់ទាត់ស្ត្រីរបស់អាហ្វហ្គានីស្ថានជាច្រើនផ្សេងទៀត បានលាក់ខ្លួនចាប់តាំងពីក្រុមតាលីបង់កាន់កាប់។
ក្រោមការសម្របសម្រួលរបស់ FIFA ជាមួយសហព័ន្ធក្រោមកីឡាប្រទេសផ្សេងៗ មកទល់ពេលនេះមានអត្តពលិកច្រើនរូបហើយទទួលបានសិទ្ធិជ្រកកោន ហើយខ្លះទៀតក៏បានជម្លៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅប្រទេសប៉ាគីស្ថានផងដែរ៕

Tag:
 អាហ្វហ្គានីស្ថាន
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com