កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប Leeds សុំ EPL អនុវត្តច្បាប់ FFP ឱ្យយុត្តិធម៌ ក្រោយ Newcastle មានម្ចាស់ថ្មី
15, Oct 2021 , 5:59 pm        
រូបភាព
ម្ចាស់ក្លិប Leeds United លោក Andrea Radrizzani និយាយថា ច្បាប់​កំណត់ហិរញ្ញវត្ថុលើការចំណាយ (FFP) ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវ។ ការលើកឡើងរបស់អ្នកជំនួញអ៊ីតាលីបែបនេះ ដើម្បីធានាថាក្រុមនៅ Premier League ទាំង២០មានការប្រកួតដោយស្មើភាព ខណៈក្លិប Newcastle United មានម្ចាស់ថ្មីជាអ្នកសម្បូទ្រព្យ។


 
ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បានយល់ព្រមលើការទិញលក់ក្លិប Newcastle ក្នុងតម្លៃ ៤១៥ លានដុល្លារអាមេរិកទៅឱ្យមូលនិធិរដ្ឋអារ៉ាប៊ីសាអូឌីត (PIF) ដោយមានការធានាថា គ្មានការលូកដៃគ្រប់គ្រងក្លិបរបស់ PIF ឡើយ។
 
អ្នកស្រី Amanda Staveley ជាម្ចាស់ក្លិបរហស្សនាមសារិកាព្រៃ តំណាងឱ្យរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman ដែលជាម្ចាស់របស់ PIF។
ក្រោយមានការទិញដូរក្លិបនេះកើតឡើង លោក Radrizzani ម្ចាស់ក្លិប Leeds បានលើកយកច្បាប់ FFP ឡើងនៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្មកីឡាអាមេរិក។ លោកថា ការអនុវត្តន៍ច្បាប់គ្រប់គ្រង FFP ក្នុងការប្រកួតនៅ Premier League ត្រឹមត្រូវ នឹងរក្សាការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់ក្រុមនិមួយៗ។
 
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អ៊ឺរ៉ុប (UEFA) និង Premier League មានច្បាប់ FFP ដើម្បីកម្រិតលើ​ការចំណាយ​ទិញ​កីឡាករ​ហួសកំណត់របស់ក្លិបនានា ដើម្បីបង្កាកុំឱ្យខាតបង់ ដោយសារការចំណាយលើសចំណូលរបស់ក្លិប។​ ច្បាប់នេះក៏ រឹតត្បិលើការចំណាយដ៏ខ្លាំងក្លារបស់ក្លិប ដែលមានទ្រព្យច្រើន ហើយុធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ក្រុមតូចៗផងដែរ។
កន្លងមកមានក្លិបធំៗជាច្រើននៅអឺរ៉ុប ដូចជា Chelsea, Manchester City, PSG, Real Madrid និង Barcelona ជាដើមសុទ្ធតែធ្លាប់រងបម្រាម FFP ដោយសារពួកគេចំណាយប្រាក់ច្រើន ទៅលើការទិញកីឡាករទៅរួមក្រុម។
 
ច្បាប់ FFP មិនដាក់កំហិតលើក្លិបណា ដែលចំណាយលើការអភិវឌ្ឈន៍កីឡាដ្ឋាន ទីតាំងបណ្តុះបណ្តាកីឡាករយុវជន ឬគម្រោងសហគមន៍បាល់ទាត់ឡើយ៕

Tag:
 Newcastle United
  FFP
© រក្សាសិទ្ធិដោយ thmeythmey.com